© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វាជាបទពិសោធន៍មួយ សម្រាប់ជីវិតមនុស្សស្រីដែលបានជួបនូវរឿងរ៉ាវវិបត្តិផ្លូវចិត្ត ដោយសារតែស្វាមីបែកចិត្តលួចមានស្រីខាងក្រៅ ចោលប្រពន្ធកូន។ វាមិនខុស ពីតួអង្គ មរកត ដែលជិវិតរបស់នាង ហាក់ដូចជាគ្មានភាពកក់ក្តៅ មានស្វាមី ដូចជាគ្មាន មានគ្រួសារ មានផ្ទះធំទ្រនុំខ្ពស់ជ្រក តែវាគ្មានន័យសម្រាប់នាងទាល់តែសោះ។ អារុណ ដែលជាប្តី នៅតែបន្តលួចមានស្រីខាងក្រៅ ជាពិសេសជាមួយនឹងលេខាស្រីរបស់ខ្លួន នោះ គឺវីយ៉ា។
គំនុំ និងការសងសឹក បានធ្វើឲ្យវីយ៉ា រៀបគំរោងការបំផ្លាញគ្រួសាររបស់អារុណ និងមរកត ប៉ុន្តែអារុណ មិនបានដឹងថា វីយ៉ា មានបំណងអាក្រក់មកលើគ្រួសាររបស់ខ្លួននោះទេ។ មរកត ស្ទើតែក្លាយជាមនុស្សវិកលចរិត ដោយសារតែការប្រច័ណ្ឌ ហួងហែង គ្មានគិតពិចារណា មុខក្រោយ។ ទង្វើរបស់នាង បានធ្វើឲ្យគ្រួសារ ជាពិសេស អារុណ យល់ច្រឡំថានាងមានបញ្ហារោគចិត្ត ហើយត្រូវបង្ខំចិត្តយកនាងទៅព្យាយបាលនៅមន្ទីរពេទ្យផ្លូវចិត្ត។ នៅក្នុងភាគនេះដែរ អារុណ បាននាំមរកតទៅមន្ទីរពេទ្យ ដើម្បីចាក់ថ្នាំរំងាប់អារម្មណ៍ ក្រោយពីនាង បានឈ្លោះប្រកែក និងវាយតប វីយ៉ា នៅក្នុងផ្ទះរួចមក។
ការឈឺចាប់របស់ មរកត គឺជាក្តីសុខរបស់វីយ៉ា ។ នាងរីករាយ នឹងឃើញ ពីជីវិតដែលមានតែទុក្ខទោស ទឹកភ្នែករបស់ មរកត។ បន្ទាប់ពី មរកត បានសម្រាកព្យាយបាលនៅមន្ទីរពេទ្យ វីយ៉ា កាន់តែបន្ថែមការឈឺចាប់ឲ្យនាងកាន់តែខ្លាំង ដោយបង្ហាញនូវភាពស្និទ្ធស្នាល និងកៀកកើយ ទាំងដែលមរកតកំពុងតែមើលច្បាស់នឹងភ្នែក។ ចំណែក ឯអារុណជាប្តី ក្រោយបានឃើញប្រពន្ធរបស់ខ្លួន តាមទាន់បែបនេះ គេមិនត្រឹមតែមិនលួងលោមប្រពន្ធនោះទេ គេថែមទាំងបន្តនៅជាមួយនឹងវីយ៉ា រហូតធ្វើឲ្យមរកតស្រែកយំ ដូចជាមនុស្សឆ្កួតនៅមុខបន្ទប់។
វាជារូបភាពមួយដ៏ឈឺចាប់ខ្លាំង សម្រាប់ងារជាប្រពន្ធ ប៉ុន្តែរស់នៅដោយគ្មានក្តីសុខ សូម្បីតែមួយវិនាទី។ នៅក្នុងភាគនេះដែរ ទស្សិកជន នឹងបានទស្សនាឈុតឆាក ឌឺដង ផ្លែផ្កា យ៉ាងត្រជាក់រវាង តួអង្គ វីយ៉ា និងមរកត ប៉ុន្តែសម្រាប់សាច់រឿងនឹងបកស្រាយយ៉ាងណានោះ សូមកុំភ្លេចតាមដានទស្សនានៅក្នុងរឿង «ចំណងអាពាហ៍ពិពាហ៍» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ