© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កុមារី យ៉ង់ ស្រីនីត មកពីខេត្ត មណ្ឌលគិរី ជាកុមារីភូមិភាគឦសាន ដែលមានសម្រស់ស្រស់ស្អាត កំពុងល្បីនៅក្នុងបណ្តាញសង្គម បានចូលរួមបង្ហាញទេពកោសល្យពិសេសរបស់ខ្លួន នៅក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង នៅសប្តាហ៍នេះ ដោយកុមារីមានវ័យ ១១ ឆ្នាំរូបនេះ មានសមត្ថភាពច្រៀង។ ក្រៅពីការចម្រៀង រងចាំមើលថា តើ ស្រីនីត មានសមត្ថភាពអ្វីផ្សេងទៀត ដើម្បីបង្ហាញទៅដល់អ្នកទស្សនា?
ចំពោះកុមារា ហឿន សុវណ្ណឌី ជាកុមារាមួយដែលបានចូលរួមបង្ហាញសមត្ថភាពពិសេសនៅក្នុងកម្មវិធីដូចគ្នាដែរ ដោយកុមារាមានវ័យ ១៥ ឆ្នាំរូបនេះ មានជំនាញផ្នែកមានជំនាញផ្នែកសៀកកាយសម្ព័ន្ធ និងទេពកោសល្យពិសេសមួយទៀតនោះ គឺការត្រេះបាល់ ដោយប្អូនប្រុសអាចត្រេះបាល់ម្តងបាន ៥ បាល់។
សូមបញ្ជាក់ថា ការចូលរួមបង្ហាញសមត្ថភាព ឬទេពកោសល្យរបស់កុមារ នៅក្នុងកម្មវិធីនឹងទទួលបានប្រាក់រង្វាន់ចំនួន ១ ២០០ ០០០៛ លុះត្រាតែកុមារទទួលបានពាក្យថា «តូច ខ្លឹម ខ្លាំង» ពីគណកម្មការទាំងបីរូប បន្ទាប់ពីបង្ហាញសមត្ថភាពរបស់ខ្លួន។ ចំពោះកុមារដែលអាចដាក់ពាក្យចូលរួមបង្ហាញសមត្ថភាពពិសេសរបស់ខ្លួននៅក្នុងកម្មវិធីបានត្រូវមានអាយុចាប់ពី ៣ ឆ្នាំ ដល់ ១៨ ឆ្នាំ។
នៅក្នុងសប្តាហ៍នេះ ពិតជាមានទស្សនីយប្លែក កុមារទាំងពីររូប នឹងផ្តល់នូវរសជាតិថ្មី ២ បែបផ្សេងគ្នាសម្រាប់បង្ហាញដល់ទស្សនិកជនបានទស្សនា។ ចង់ដឹងថា កុមារទាំង ២ រូប អាចទទួលបានពាក្យថា តូច ខ្លឹម ខ្លាំង ពីគណៈកម្មការទាំងបីរូបដែរ ឬទេ? សូមកុំខកខានទស្សនាកម្មវិធី តូច ខ្លឹម ខ្លាំង នៅថ្ងៃ អាទិត្យ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ១១ ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមចុចត្រង់នេះ ដើម្បីទស្សនាវីឌីអូ!!
ដោយ៖ វណ្ណនី