© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សាច់រឿងបុរាណ ២ សម័យកាល រឿង «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តសារ» ដែលទើបតែអូសបន្លាយបានប៉ុន្មានភាគដំបូង នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន គឺកំពុងតែធ្វើឲ្យអារម្មណ៍ទស្សនិកជនជក់ចិត្ត ចង់តាមដានពីចំណងស្នេហ៍ រវាងតួឯកស្រី សុភ័ក្រនាថ និងតួឯកប្រុស បូរិន។ បន្ទាប់ពី ពួកគេបានជួបគ្នាដោយចៃដន្យមក នាថ ហាក់ដូចជា មានអារម្មណ៍ស្រមើស្រមៃដល់បូរិនគ្រប់ពេល ក៏ដោយសារតែអំពើល្អ ដែលបូរិនបានជួយនាង ឲ្យរួចផុតពីបញ្ហា។
ជួនជាថ្ងៃមួយ គ្រួសាររបស់នាថ បានទៅសួរសុខទុក្ខឪពុករបស់បូរិន ដែលទើបតែមកពីច្បាំងវិញ ហើយគាប់ជួនពេលនោះ ម្តាយរបស់នាថ បានសុំឲ្យនាថទៅជាមួយគ្រាន់បានជាគ្នា។ អ្វីៗនឹកស្មានមិនដល់ ទាំងដែលនាងធ្លាប់គិតថា ថ្ងៃណាមួយ នឹងបានជួបបុរសក្នុងក្តីស្រម៉ៃ ដែលជាម្ចាស់ក្រមានោះម្តងទៀត។ នៅថ្ងៃនោះមកដល់ បន្ទាប់ពីមានការណែនាំពីម្តាយនាថ និងម្តាយបូរិនរួចមក អ្នកទាំងពីរក៏បានស្គាល់គ្នាច្បាស់ ដឹងពីប្រវត្តិគ្រួសារ ហើយក៏កាន់តែមានចិត្តលួចស្រឡាញ់គ្នាកាន់តែខ្លាំង។ វាជាចំណងស្នេហា ប៉ុន្តែនៅពេលនេះ ស្នេហារបស់នាថ និងបូរិន អាចជាស្នេហាកម្មពៀរ ដែលបានផ្តល់ដោយទង្វើររបស់ឪពុកនាថ។
នាង កុល ដែលជានារីបម្រើដ៏កម្សត់ម្នាក់ក្នុងផ្ទះរបស់នាថ ប៉ុន្តែនាងត្រូវបានឪពុកនាងធ្វើបាប រំលោភបំពានដល់រាងកាយរបស់នាងថែមទៀតផង។ កុល ចាប់ផ្តើមស្អប់គ្រួសាររបស់នាថ ស្របពេលដែលពួកគេកំពុងតែរស់នៅយ៉ាងមានក្តីសុខបំផុត រវាងគ្រួសារនាថ និងគ្រួសាររបស់បូរិន។
នៅភាគបន្ទាប់ បញ្ហាជាច្រើននឹងកើតឡើងនៅក្នុងគ្រួសាររបស់នាថ ដោយសារតែរឿងរ៉ាវដែលឪពុកនាថ បានសាងឡើងជាមួយនាងកុល។ ដើម្បីចង់ដឹង ថា សាច់រឿងនឹងបន្តទៅជាយ៉ាងណាទៀតនោះ សូមតាមដានទស្សនាភាគបន្តនៅក្នុងរឿង «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តសារ» មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ចាប់ពីថ្ងៃ ចន្ទ ដល់សុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ