© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ច្រើនភាគ ច្រើនវគ្គ បានកន្លងផុតពីចក្ខុទស្សនិកជន រួចមកហើយ នៅក្នុងរឿង «អ្នកទីបី» ដែលជាខ្សែភាពយន្តភាគខ្មែរ បង្កប់អត្ថន័យនៃរសជាតិជីវិតយ៉ាងជូរចត់។ មកដល់ពេលនេះ «អ្នកទីបី» ក៏នឹងឈានមកដល់ភាគបញ្ចប់ផងដែរ ដែលក្នុងនោះ តួអង្គ ដែលធ្វើឲ្យអារម្មណ៍ទស្សនិកជនស្ទើរទប់ទឹកភ្នែកមិនបាន គឺតួឯកស្រី ចេនី។
នៅក្នុងភាគបញ្ចប់នេះដែរ ចេនី គឺជាអ្នកទីបី ជាជនរងគ្រោះព្រោះតែជ្រុលខ្លួន ដើរផ្លូវខុស ដែលជាហេតុនាំឲ្យខ្លួនធ្លាក់ទៅរកសេចក្តីស្លាប់។ ចេនី បាន ប្រើពេលវេលា និងខួរក្បាល គិតរឿងមិនត្រឹមត្រូវ រហូតធ្វើឲ្យខ្លួនក្លាយជាទាសករនៃតណ្ហាចិត្តរបស់ខ្លួន ។ ដោយសារតែភាពលោភលន់ នៃតម្រូវការ និងការចង់ឈ្នះ ចង់ចាញ់ ដោយមិនបានគិតពិចារណា អ្វីខុស អ្វីត្រូវ ទើបធ្វើឲ្យនាង ក្លាយជាមនុស្សមានវិប្បដិសារី និងបាត់បង់ជីវិតទាំងគ្មានន័យអ្វីទាំងអស់។
ចុងក្រោយ ចេនី បន្សល់ត្រឹមតែតំណក់ទឹកភ្នែក និងភាពសោកស្តាយទៅឲ្យគ្រួសារ មនុស្សជាទីស្រឡាញ់ ទាំងពួកគេកំពុងតែត្រូវការ ដើម្បីភាពកក់ក្តៅ។ ដោយយល់ច្បាស់ពី តម្លៃនៃជីវិត នាងបានប្រគល់កូនជាទីស្រឡាញ់ទៅឲ្យវេហា និងសៅ ជាអ្នកមើលថែ ដោយដឹងថា ខ្លួនមិនអាចនៅរស់នៅបានយូរនោះទេ។
អ្នកដែលសាងអំពើអាក្រក់ ក៏នឹងទទួលនូវបាបកម្មរបស់គេវិញ ដូចជា វឌ្ឃនៈដែលបានបោកប្រាស់ធ្វើឲ្យចេនីខូចអនាគត ត្រូវបែកបាក់ពីប្រពន្ធ ជាប់គុក បាត់បង់កត្តិយសក្នុងសង្គម ។ ផ្ទុយទៅវិញ បើមើលពីជីវិតរបស់ វេហា និងសៅវិញ គឺរស់នៅដោយស្នាមញញឹម ព្រោះពួកគេជាមនុស្សដែលបើកចិត្តទូលាយ មិនចិញ្ចឹមការគុំគួននៅក្នុងខ្លួន ដើម្បីបំផ្លាញពេលវេលាដ៏មានតម្លៃរបស់ខ្លួនឡើយ។
យ៉ាងណាមិញ ដើម្បីចង់ដឹងពីសាច់រឿងនៅភាគបញ្ចប់នេះ តើតួអង្គនីមួយ នឹងជួបនូវរឿងរ៉ាវអ្វីខ្លះ ហើយដំណើរសាច់រឿងមានឈុតឆាកបែបណានោះ សូមរង់ចាំទស្សនាភាគបញ្ចប់នៅក្នុងរឿង«អ្នកទីបី» នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ