© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បើនិយាយពីតារាសម្តែងគូស្នេហ៍ ដែលកំពុងតែពេញនិយមខ្លាំងទៅលើសំណាក់ទស្សនិកជន ជាពិសេសយុវវ័យនោះ គឺ លោក វ៉ៃហាំង និងកញ្ញា យូប៊ីន។ តារាសម្តែងទាំងពីរ ត្រូវបានគេឲ្យរហ័សនាមថា ជាតារាគូស្នេហ៍ ដែលមើលទៅការសម្តែងរបស់ពួកគេសាកសម ដែលញុំាឲ្យអារម្មណ៍អ្នកមើលកាន់តែស្លុងចូលទៅក្នុងងសាច់រឿងដូចជាពិតៗយ៉ាងដូច្នេះដែរ។
អ្នកនាង សិទ្ធី នីកា កញ្ញា យូប៊ិន និងលោក វ៉ៃ ហាំង
លោក ឃីម សានីត និងកញ្ញា យូប៊ីន
ដោយឡែក សម្រាប់ការមកដល់នៃខ្សែភាពយន្តភាគខ្មែរថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន នូវពេលខាងមុខនេះដែរ គឺកាន់តែផ្តល់ជូននូវអារម្មណ៍ភ្ញាក់ផ្អើលទៅដល់ទស្សនិកជន ដោយនោះ គឺតម្រូវឲ្យមានការផ្លាស់ប្តូរដៃគូសម្តែងរវាងលោក វ៉ៃ ហាំង និងកញ្ញា យូប៊ីន។ ជាការពិតណាស់ វត្តមានភាពយន្តដែលនឹងមានតួអង្គតារាសម្តែងទាំងពីរ ប៉ុន្តែមិនមែនជាដៃគូសម្តែងដូចមុនទៀតនោះ គឺជាសាច់រឿងថ្មី និងឆ្លុះបញ្ចាំងពីតថភាពនៃការរស់នៅដាច់ដោយឡែកពីគ្នាផងដែរ។ ខ្សែភាពយន្តភាគថ្មីទាំងពីរឿងដែលស្ថានីយ៍ភីអិនអិន នឹងនាំយកមកចាក់ផ្សាយជូនទស្សនាពេលឆាប់ៗនេះ គឺរឿង «ពណ៌នៃជីវិត» តួឯកសម្តែងដោយ លោក ខាត់ វ៉ៃហាំង និងអ្នកនាង សិទ្ធី នីកា ។
អ្នកនាង សិទ្ធី នីកា
លោក វ៉ៃ ហាំង និងកញ្ញា យូប៊ីន( ក្នុងសាច់រឿង និស្ស័យស្នេហ៍នាងមនោរាហ៍)
ចំណែករឿងមួយទៀត គឺរឿង «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសា» ដែលតួឯកសម្តែងគឺ កញ្ញា យូប៊ីន និងលោក ឃីម សានីត។ ក្នុងនោះដែរ ក៏មានការចូលរួមសម្តែងពីសំណាក់តារាជាច្រើនដួងថែមទៀត ដើមន្បីឲ្យសាច់រឿងទាំងមូលកាន់តែមានទាក់ទាញចិត្ត ខ្លាំងឡើងៗ។ គួររំលឹកផងដែរថា ភាពយន្តភាគខ្មែរ ដែលតារាទាំងគូស្នេហ៍ទាំងពីរនេះ សម្តែងរួមគ្នា មានដូចជារឿង «គ្រូពេទ្យខ្ញុំ» «អាថ៌កំបាំងត្រីសូល៍ » «និស្ស័យស្នេហ៍នាងមនោរាហ៍» និងរឿង «បំណុលម្តាយ »ដែលសុទ្ធសឹងជាសាច់រឿងរឿងល្អមើល ទទួលបានការគាំទ្រពេញចិត្តពេញថ្លើមពីសំណាក់ទស្សនិកជន។
ថ្វីត្បិតតែវត្តមានរឿងភាគថ្មី មានការផ្លាស់ប្តូរដៃគូសម្តែងក៏ពិតមែន ប៉ុន្តែទស្សនិកជននៅតែកម្សាន្តអារម្មណ៍សប្បាយរីករាយ ទៅលើការសម្តែងរបស់ពួកគេ ជាពិសេស នឹងដឹងថា តើការសម្តែងរបស់ពួកគេនឹង ល្អមើល សាកសមនឹងសាច់រឿងយ៉ាងណានោះ ។ សូមទស្សនិកជន កុំភ្លេចរង់ចាំទស្សនាការនាំយកមកដល់នៃចំណងដៃទាំងពីររឿងនេះ ដែលនឹង ចាក់ផ្សាយជូនទស្សនាក្នុងពេលឆាប់ៗនេះ៕
ដោយ៖ សិរីរដ្ឋ