© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សាច់រឿងដែលឆ្លុះបញ្ចាំងពីអំពើល្អ នៅក្នុងសង្គម ដែលប្រឆាំងដាច់ខាតរាល់ការប្រព្រឹិត្តិអ្វីដែលប៉ះពាល់ដល់ប្រយោជន៍រួម រឿង «បេះដូងអ្នកអភិរក្ស» បាននឹងកំពុងតែឆក់យកអារម្មណ៍ទស្សនិកជនប្រចំាទូរទស្សន៍ភីអិនអិន ឱ្យបន្តតាមដានពីមួយភាគទៅមួយភាគ។ មនុស្សឈាមត្រជាក់ ដូចជា តួអង្គ នាយដេវីត មិនមែនជាការងាយស្រួលក្នុងការឱ្យក្រុមរបស់ផាស៊ុ ចាប់បាននោះទេ។ គេមានកម្លាំងមនុស្សធ្វើការច្រើន ជាពិសេស តួអង្គ អាំដែលជាកូនប្រុសរបស់ដេវីត គឺជាមនុស្សឆ្លាតខ្លាំង និងភ្នែករហ័សទៀតផង។
ឈានមកដល់វគ្គនេះ ទំនាក់ទំនងរបស់រ៉េន តួឯកស្រីរបស់យើង និង ផាស៊ុ ហាក់ដូចជារង្គើជាមួយគ្នាម្តងបន្តិចៗ ដោយសារតែកាលៈទេសៈនៃជីវិតរបស់អ្នកទាំងពីរ ខុសគ្នាដូចមេឃ និងដី។ ថ្វីត្បិតតែរ៉េន រស់នៅជាមួយនឹងគ្រួសារដេវីតដូចជាហ្វូងខ្លាចចកក៏ពិតមែន ប៉ុន្តែចិត្តរបស់រ៉េនគឺល្អ មិនខុសពីផាស៊ុឡើយ។ ដោយសារតែខ្លាចភាពទន់ជ្រាយរបស់រ៉េន អាចប៉ះពាល់ដល់ការងាររបស់ខ្លួន ដេវីត បានរៀបចំផែនយ៉ាងល្អ ក្នុងការកម្ចាត់ផាស៊ុឱ្យចេញឆ្ងាយពីការងារជាអ្នកសើបអង្កេតបទឧក្រិដ្ឋ។ ដេវីត បានឱ្យរ៉េន រៀបចំឱ្យផាស៊ុ ចូលអន្ទាក់របស់ខ្លួន ហើយធ្វើឱ្យអ្នកស្រុកគិតថា ផាស៊ុនាំឱ្យពួកគេត្រូវទទួលរងរបួស និងបាត់បង់គ្រួសារ។
គ្រប់យ៉ាង គឺលើសពីការរំពឹងទុករបស់ដេវីត គឺមិនត្រឹមតែធ្វើឱ្យផាស៊ុ អស់ទឹកចិត្ត លាឈប់ពីការងារនោះទេ គឺថែមទាំងផ្តាច់ទំនាក់ទំនងគេ និងរ៉េនទៀតផង។ នេះ បានជាល្បិចមនុស្សយ៉ាងសាហាវ ដែលមិនខុសពីពាក្យគេលើកឡើងថា ព្រួញមួយបាញ់បានសត្វពីរនោះទេ។ ដេវីត ត្រេកអរ នៅពេលឃើញផាស៊ុ ដើរចេញពីជីវិតរ៉េនបែបនេះ។
តើស្នេហារបស់ពួកគេ ពិតជាចប់ត្រឹមនេះឬយ៉ាងណា ? ហើយដេវីត អាចនឹងរួចខ្លួនពីការសម្លាប់មនុស្ស និងរកស៊ីខុសច្បាប់ដែរទេ? ឈុតឆាក ដ៏ល្អមើលទាំងអស់នេះ ទស្សនិកជន កុំភ្លេចតាមដានទស្សនា នៅក្នុងរឿង «បេះដូងអ្នកអភិរក្ស» ផ្សាយជូនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក៕
ដោយ៖ សិរីរដ្ឋ