© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធី «សិល្បៈកម្សាន្ត» របស់ ស្ថានីយទូរទស្សន៍ភីអិនអិន ថ្មីៗនេះបានធ្វើកិច្ចសម្ភាសន៍ពិសេសមួយជាមួយផលិតករ និងពិធីករ ពិធីការនី ក្នុងកម្មវិធីថ្មីមួយមានឈ្មោះថា «អ្នកជិតខាង»។ ពិធីករ និងពិធីការនីដែលនឹងត្រូវចូលមកបម្រើអារម្មណ៍ទស្សនិកជនក្នុងកម្មវិធីថ្មីនេះគឺ នាយ ព្រែក និងកញ្ញា យ៉ែម ស្រីពេជ្រ។
ជាការពិតណាស់ ទស្សនិកជនប្រាកដជាបានស្គាល់ពីសមសភាពរបស់ នាយព្រែក រួចមកហើយទាំងជាតារាសម្តែង ពិធីករ និងជាតារាដែលចូលចិត្តនិយាយបែបកំប្លុកកំប្លែងជាដើម។ ដោយឡែកសម្រាប់កញ្ញា យ៉ែម ស្រីពេជ្រ កញ្ញាគឺជាតារាពន្លកក្រោយ ហើយក៏ជាតារាសម្តែង។ សម្រាប់កញ្ញាផ្ទាល់ក៏ធ្លាប់បានធ្វើជាពិធីការនីផងដែរ ប៉ុន្តែជាលក្ខណៈបែបសុភាពៗ។ ទាំង នាយព្រែក និងកញ្ញា ស្រីពេជ្រ ក៏មិនដែលធ្លាប់ដំណើរការកម្មវិធីជាមួយគ្នាដែរ។ គ្រប់គ្នាប្រហែលជាឆ្ងល់ថាហេតុអី្វបានជាផលិតករសម្រេចជ្រើសយកអ្នកទាំងពីរមកដំណើរការកម្មវិធីនេះរួមគ្នា?
ផលិតករ លោក Romeo បានអោយដឹងថា «ការសម្រេចជ្រើសយកអ្នកទាំងពីរមកធ្វើកម្មវីធីនេះ ដោយសារតែកញ្ញា ស្រីពេជ្រ គឺជាតារាសម្តែងមួយរូបដែលធ្លាប់តែសម្តែងបែបឆ្នាស់ឆ្នើមជាដើម ប៉ុន្តែសម្រាប់ចរឹតលក្ខណៈនៅខាងក្រៅវិញកញ្ញាជាមនុស្សម្នាក់ដែលពូកែលេងសើច ចូលចិត្តនិយាយបែបកំប្លែងច្រើន ម្យ៉ាងគួបផ្សំនិងបទពិសោធន៍កន្លងមកដែលកញ្ញាធ្លាប់ធ្វើជាពិធីការនីផងនោះទើបធ្វើអោយលោកសម្រេចចិត្តជ្រើសយកកញ្ញាមកដំណើរការកម្មវិធីថ្មីនេះ»។
ដោយឡែកសម្រាប់នាយព្រែកវិញលោកបន្ថែមថា «ព្រោះតែនាយព្រែកជាតារាល្បីមួយរូបស្រាប់ និងមានភាពប៉ិនប្រសប់ខាងផ្នែកកំប្លែង ដូច្នេះហើយទើបសម្រេចចិត្តជ្រើសយកអ្នកទាំងពីរមកដំណើរការកម្មវិធីថ្មីសន្លាងមួយនេះរួមគ្នា ហើយលោកក៏បានដាក់ក្តីសង្ឃឹមខ្លាំងលើសមត្ថភាពអ្នកទាំងពីរថានឹងអាចធ្វើបានល្អ»។
កម្មវិធី «អ្នកជិតខាង» នឹងផ្តល់ជូននូវស្នាមញញឹម ភាពរីករាយ បទពិសោធន៍ថ្មីៗសម្រាប់ជីវិត និងការរស់នៅប្រចាំថ្ងៃ ហើយកីនឹងផ្តើមដំណើរការផ្សាយនាពេលឆាប់ៗខាងមុខនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនតែមួយគត់។ ចូលរួមទស្សនាកិច្ចសម្ភាសន៍ទាំងមូលពីកម្មវិធីសិល្បៈកម្សាន្តនាថ្ងៃសៅរ៍ ទី១១ ខែកញ្ញា វេលាម៉ោង ១១:០០ព្រឹកតទៅនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត