© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែជីវិតក្មេងស្រី ណារី ដែលកំពុងតែដើរនៅលើវិថីសិល្បៈ និងទទួលភាពល្បីល្បាញនោះ កាន់តែធ្វើឲ្យនាងផ្លាស់ប្តូរ និងជួបនូវរឿងរ៉ាវជាច្រើន។ ដោយសារក្តីស្រឡាញ់ងុបងល់ខ្លាំងពេក រហូតផុងខ្លួនចូលទៅក្នុងរណ្តៅជីវិត បញ្ហាចាក់ស្រេះ ដោះស្រាយមិនបាន។ «អ្នកទីបី» ដែលជាភាពយន្តភាគខ្មែរ ដែលទស្សនិកជនក៏នឹងចង់ដឹងថា តើដំណើរជីវិតរបស់តួអង្គ ណារី( ចេនី) នឹងទៅជាយ៉ាងណា ក្រោយពីបានដឹងថា ខ្លួនក្លាយជាស្រីដណ្តើមប្តីគេ ហើយត្រូវគេសើចចំអកគ្រប់ទិសទី។
បញ្ហា កាន់តែកើតឡើងសម្រាប់ចេនី ដោយកាលពីវគ្គមុន ចេនី បានយល់ព្រមលាក់ការសម្ងាត់នៃការទំនាក់ទំនងជាមួយនឹងវឌ្ឍនៈ ដោយមិនឲ្យប្រពន្ធដឹង។ ក្រោយមក ដោយការសប្បាយភ្លើតភ្លើន ភ្លេចខ្លួន ចេនីក៏បណ្តោយឲ្យមានផ្ទៃពោះជាមួយនឹងបុរសដែលមានប្រពន្ធរួចទៅហើយ។ វាជារឿងគួរឲ្យភ្ញាក់ផ្អើល សម្រាប់នាង ដែលនាងមិនទាន់បានត្រៀមខ្លួនជាម្តាយរបស់គេ ហើយបើក្រលេកទៅមើលការងារសិល្បៈវិញនោះ គឺកំពុងតែ ត្រូវបានគេទាក់ទងជុំទិស។ ចេនី បានទុកការងារសិល្បៈដែលជាក្តីប្រថ្នាជាយូរមកហើយនោះ ចោល ដោយយកពេលវេលាអត់ប្រយោជន៍ទៅធ្វើរឿងគួរឲ្យអាម៉ាស់មកវិញ។ នាងបានទៅបង្កបញ្ហាដល់ផ្ទះរបស់វឌ្ឍនៈ ដែលធ្វើឲ្យវិជ្ជដាជាប្រពន្ធមានចិត្តខឹងយ៉ាងខ្លាំង។ វិជ្ជដា នាងមិនមិនមែនជាមនុស្សស្រីធម្មតានោះទេ នាងថែមទាំងជាមនុស្សមានឥទ្ធពលក្នុងសង្គមបានទៀតផង ដោយសារតែអំណាចទឹកប្រាក់។
តើវិជ្ជដា នឹងធ្វើបែបណាដាក់ចេនី នៅពេលដែលនាងបានដឹងថា ចេនីមិនព្រមដោះលែងស្វាមីរបស់ខ្លួននោះ? ឈុតឆាកដ៏ក្តៅគគុក រវាងប្រពន្ធដើម និងស្រីកំណាន់ នឹងទៅជាយ៉ាងណា? ទាំងអស់នេះ នឹងមានក្នុងឈុតឆាកនៃភាគបន្ទាប់ ក្នុងរឿង« អ្នកទីបី» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ