© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កាលវេលា គ្រាដ៏យូរមួយនោះ ព្រះតថាគតបានយាងមកចាប់កំណើតជាជៀបកប្បាសឈ្មោល រស់នៅក្នុងព្រៃហេមពាន្ត។ ជៀបឈ្មោលនោះ ឈ្មោះ សកូណា ដែលមានកូន និងប្រពន្ធ ឈ្មោះ សកូណី។ ជារៀងរាល់ថ្ងៃ ជៀបកប្បាសឈ្មោល តែងតែចេញទៅរកចំណីនៅឯព្រៃឆ្ងាយ ដើម្បីយកមកចិញ្ចឹមកូន ប្រពន្ធរបស់ខ្លួន។
ជៀបកប្បាសឈ្មោល
ក្រោយពីបានចាកចេញពីសំបុក ជៀបឈ្មោលបានហោះហើរស្វែងរកចំណីដូចសព្វមួយដង ដែលពេលនោះហាក់ដូចជាមានអ្វីនាំឱ្យជៀបនោះបានហោះទៅក្នុងបឹងឈូក ពោរពេញដោយផ្តាឈូកក្លិនក្រអូបនិងស្រស់ស្អាត។ដោយសារតែសម្រស់ផ្កាឈូក និងក្លិនដ៏គួរឱ្យទាក់ទាញ សត្វជៀបក៏បានហោះចូលទៅក្នុងស្រទាប់ផ្កាឈូក បំណងក្រេបយកលំអងឱ្យប្រពន្ធកូន។ ចៃដន្យ រវល់តែភ្លេចខ្លួនព្រះសូរិយាក៏បន្ទន់ពន្លឺថយបន្តិចម្តងៗរហូតដល់ពេលរាត្រីចូលមកដល់ ដែលធ្វើឱ្យស្រទាប់ផ្កាឈូកនោះរួមក្តោបជៀបឈ្មោលឱ្យនៅខាងក្នុងពេញមួយយប់។ ថ្លែងពី សកូណី(ជៀបកប្បាសញី) និងកូននៅក្នុងសំបុកបានរង់ចាំជៀបឈ្មោលចេះតែបាត់ទៅៗ ធ្វើឱ្យចិត្តនាងអន្ទះសារព្រួយបារម្ភខ្លាចមានបញ្ហាអ្វីកើតឡើង។ ជាអកុសល នៅក្នុងព្រៃដែលពួកគេរស់នៅនោះ ស្រាប់តែមានហេតុការណ៌ដ៏អាក្រក់ភ្លាមៗ ដោយមានភ្លើងឆាបឆេះសន្ធោសន្ធៅយ៉ាងខ្លាំង។ សកូណី កាន់តែមានអារម្មណ៍ភ័យខ្លាចពីជីវិតរបស់កូនៗក្នុងសំបុក មិនដឹងជួយរបៀបណា ណាមួយប្តីមិននៅក្បែរខ្លួនទៀត។ ដោយហេតុតែ អំណាចនៃព្រះអគ្គីនៅក្នុងព្រៃកាន់តែខ្លាំងក៏បានលេបត្របាក់យកជីវិតកូនៗទាំងពីររបស់ពួកគេបាត់ទៅ។ ពេលនោះ សកូណីជាម្តាយយំសោកបោកខ្លួនស្រែកហៅប្តីយ៉ាងកម្សត់។ និយាយពី សកូណា ដែលជាប់នៅក្នុងស្រទាប់ផ្កាឈូកមួយយប់ហើយនោះ នាព្រឹកឡើងផ្កាឈូកក៏បានបើកស្រទាប់ អាចខ្លួនហោះចេញវិញបានក៏ប្រញាប់ហោះទៅរកសំបុកគ្រួសាររបស់ខ្លួន ពេលនោះក៏ស្រាប់តែ ភ្ញាក់ផ្អើលដោយឃើញព្រៃឆាបឆេះសំបុកកូនៗត្រូវស្លាប់អស់។ សកូណី កាលបើបានឃើញប្តីខ្លួនត្រឡប់មកវិញក៏យំសោក ហើយថែមទាំងលោតសម្លាប់ខ្លួនទៅក្នុងភ្នក់ភ្លើងដោយសារតែនឹកខឹងជៀបឈ្មោលទៅចោល មកវិញមានទាំងក្លិនក្រអូបជាប់ខ្លួនមកជាមួយផង ដោយនាងនឹកស្មានថា ប្តីលួចមានស្រីក្បត់ចិត្តប្រពន្ធកូន។ សកូណី បានសច្ចាថា បើកើតជាតិក្រោយសុំមិនឱ្យខ្លួនហាស្រដីនឹងមនុស្សប្រុសណាម្នាក់ឡើយ ចំណែកជៀបជាប្តីក៏បានលោតទៅតាមប្រពន្ធខ្លួន ហើយបានសច្ចាដែរថា ជាតិណាសុំជួបតែប្រពន្ធគ្រប់ៗជាតិជាគូនឹងគ្នា។
សកូណី និង សកូណា
ដំណាលមកជាតិបន្ទាប់ទៀត ជៀបឈ្មោលបានកើតជាបុត្រារបស់កោណ្ឌញ្ញសេដ្ឋី និងនាងខេមារីក្នុងស្រុកចន្ទគ្រាមបុរីក្រុងពារាណសី ដោយមាននាមថា សព្វសិទ្ធ។ កាលបុត្រនេះ កើតមកក៏មានទារកកើតតំណាល ១០១នាក់ជាបរិវារមកដែរ។ ចំណែកឯ ជៀបញី បានកើតជាបុត្រីស្តេចក្រុងពារាណសី នាម សុវណ្ណកេសរ បិតានាម ព្រះបាទ ព្រហ្មទត្ត មានមហេសីនាងកុសុមា។
សព្វសិទ្ធ និង និង ព្រះបិតា ព្រះមាតា
ព្រះនាងសុវណ្ណកេសរ ចាប់តាំងធំដឹងក្តីមកមិនដែលហាស្តីរកមនុស្សប្រុសណាម្នាក់ សូម្បីតែបិតារបស់ខ្លួន ដែលនេះនាំឱ្យកើតជាចម្ងល់ដល់ពេញនគរទាំងមូល។ ចំណែកឯ សព្វសិទ្ធ កាលបើបានធំដឹងក្តីក៏បានសុំឪពុកម្តាយទៅរៀនវិជ្ជាជាមួយនឹងគ្រូអាចារ្យ ទិសាបាមោក្ខ នៅនគរតកសិលា មានកុមារទាំង១០១នាក់ទៅជាមួយដែរ។ ចំណេរកាលតមកទៀត ព្រះនាងសុវណ្ណកេសរធំពេញវ័យក្រមុំ បិតាកប្រកាសស្វែងរកបុរសណាដែលអាចធ្វើឱ្យបុត្រីខ្លួននិយាយរកបាន នោះនឹងលើកជាព្រះនាងធ្វើជាមហេសី។
ព្រះនាងសុវណ្ណកេសរ និង ព្រះមាតា
សព្វសិទ្ធ ក៏បានចូលរួមសាកល្បង ហើយប្រើវិជ្ជាដែលខ្លួនបានរៀន ដោយគេបានដកដួងព្រលឹងភីលៀងម្នាក់ទៅដាក់នៅលើវត្ថុផ្សេងៗគម្រប់៤ដង( ទ្វារ ចង្កៀង ពានព្រះស្រី និងវាំងនន)។ វិធី នេះបានធ្វើបង្ខំចិត្តឱ្យព្រះនាងសុវណ្ណកេសរ បានបញ្ចេញសម្តីទៅកាន់សព្វសិទ្ធ។ ព្រះបិតា ព្រះនាង ក៏បានសម្រេចរៀបចំអភិសេកឱ្យអ្នកទាំងពីរជាព្រះស្វាមី និងមហេសីក្នុងពេលនោះតែម្តង។ សម័យក្រោយមក សព្វសិទ្ធបានលាមហេសីទៅព្រៃ ហើយគ្រានោះក៏បានជួបនឹងប្រើសស្លាប់មួយក្បាល។ ព្រះអង្គ ក៏បានដកដួងព្រលឹងខ្លួនចូលទៅក្នុងប្រើសនោះ ហើយផ្តាំទៅភីលៀងជំនិតឱ្យមើលថែរូបកាយខ្លួនឱ្យបានល្អ។ ជាឱកាសល្អ ភីលៀងមានចិត្តក្បត់ ហើយបានដកដួងព្រលឹងខ្លួនទៅចូលរូបព្រះអង្គ និងមិនតែប៉ុណ្ណោះ ថែមទាំងបានយករូបកាយរបស់នាងខ្លួនឯងទៅដុតចោល។ សព្វសិទ្ធដឹងរឿង ថាភីលៀងក្បត់ ក៏បានដកដួងព្រលឹងខ្លួនពីប្រើស ទៅចូលនឹងសារិកាដែលទើបតែនឹងស្លាប់ថ្មី។ សារិកាដែលជាទ្រង់ ក៏បានហោះហើរទៅរាជវាំង ហើយប្រាប់គ្រប់រឿងដល់មហេសី។ សុវណ្ណកេសរ បានលួងលោម ភីលៀងឱ្យដកដួងព្រលឹងក្នុងពពែស្លាប់មួយ។ ឆ្លៀតពេល សព្វសិទ្ធក៏បានដកដួងព្រលឹងចូលទៅរូបរបស់ខ្លួន ហើយក៏បានបញ្ចាឱ្យគេយកពពែនោះទៅសម្លាប់ចោល។ លុះរយៈពេលក្រោយមក ព្រះអង្គសព្វសិទ្ធ បានសោយទីវង្គត់នូវព្រះវស្សារ ១២០ វស្សារ ទៅកើតឯឋានតុសិតទៀត។
សូមទស្សនាវីដេអូ
ដកស្រង់ ចេញពីគម្ពី បញ្ញាសជាតក នៃព្រះពុទ្ធសាសនា ឬគម្ពី ៥០ជាតិ។
កាលកំណត់តែង ព.ស ២៤៤២ គ.ស ១៨៩៩ ដោយ ភក្តីអក្សរតន់។
ដោយ៖ ចន្ទ សិរីរដ្ធ