© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សម្រាប់ស្ត្រីតែកាលណានាងសាងជីវិតគ្រួសារ រៀបការមានស្វាមីជាដៃគូសំខាន់សម្រាប់ខ្លួនហើយ គ្មាននារីណាម្នាក់ ប្រាថ្នាស្គាល់រស់ជាតិនៃការបែកបាក់ ព្រាត់ប្រាស់ លែងលះគ្នានោះទេ។ តែយ៉ាងណាក្តីវិថីជីវិតមិនមែនចេះតែធំទូលាយ ហើយផ្តល់នូវជម្រើសច្រើនរហូតឡើយ ពេលណាសម្ពាធនៃបញ្ហាកើនធ្ងន់ហួសព្រំដែនកំណត់ហើយ ទោះរបស់នោះជារតនៈវត្ថុ ក៏គង់នៅមានមនុស្សព្រមលែងដៃបោះបង់ចោលឥតស្តាយស្រណោះ ឯរឿងរ៉ាវក្តីស្នេហ៍ស្រីប្រុសក៏មានលំនាំដូចគ្នានេះដែរ។ ផ្តោតលើហេតុផលព្រមឈឺចាប់ក្នុងពេលខ្លី ប្រសើរជាងរស់ត្រាំត្រែងនឹងបញ្ហាពេញមួយជីវិត ទើបតួឯកស្រីក្នុងរឿង « ភរិយាសម័យថ្មី » គឺអ្នកនាង បុស្បា នាងសម្រេចចិត្តលែងលះប្តីជាស្នេហ៍ដំបូង ជាមនុស្សប្រុសតែម្នាក់ដែលនាងស្រលាញ់ហួងហែងខ្លាំង និងថ្នាក់ថ្នមយកចិត្តទុកដាក់ផ្តល់កម្លាំងចិត្តអំឡុងពេល៥ឆ្នាំដោយឥតស្តាយស្រណោះ។
អ្នកនាង បុស្បា និងលោក យុទ្ធ ជាស្វាមី
ក្រោយរៀបការរួច ហើយទទួលបានការយកចិត្តទុកដាក់ប្រឹក្សាយោបល់ ផ្តល់កម្លាំងចិត្តពីប្រពន្ធរហូតមានភាពជោគជ័យក្នុងមុខជំនួញ ក្លាយជាម្ចាស់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ លោក យុទ្ធ ក៏ក្លាយជាមនុស្សប្រុសចេះក្បត់ចិត្តប្រពន្ធ។ មានចិញ្ចឹមស្រីលួចលាក់ក្រៅផ្ទះមិនគ្រប់ តែនាយក៏នៅភ្ជាប់ទំនាក់ទំនងស្នេហានឹងនាង ម៉ាល័យ ជាប្អូនជីដូនមួយរស់នៅក្នុងផ្ទះជាមួយគ្នាថែមទៀត។ មូលហេតុនេះហើយទើបប្រពន្ធអស់ជំនឿ សុខចិត្តផ្តាច់ចំណងអាពាហ៍ពិពាហ៍ក្លាយជាស្ត្រីមេម៉ាយ ថែទាំចិញ្ចឹមកូនតែម្នាក់ឯង។
លោក យុទ្ធ និងស្រីកំណាន់ កញ្ញា ដារីកា ព្រមទាំងម្តាយមីងរបស់នាង
ទោះជីវិតជួបព្យុះភ្លៀង ក្លាយជាស្ត្រីមេម៉ាយត្រូវរ៉ាប់រងបន្ទុកគ្រួសារ ថែទាំកូនម្នាក់ឯង តែបុស្បានាងនៅតែរឹងមាំហើយព្យាយាមជម្នះឧបសគ្គជានិច្ច។ ឯចំណុចល្អជាស្ត្រីរឹងមាំប្រសប់ធ្វើកិច្ចការផ្ទះថែគ្រួសារស្មើរចុងស្មើរដើមរបស់អ្នកមេម៉ាយរូបនេះ ក៏ក្លាយជាមុខអាវុធមុតស្រួចចាក់ទម្លុះបេះដូងកំលោះ ជេម ជាមិត្តរបស់ប្អូនប្រុសនាងឱ្យជំពាក់ចិត្តកាន់តែខ្លាំងរហូតដកខ្លួនពុំរួច។ ត្បិត ជេម ជាបុរសវ័យក្មេងដែលជោគជ័យម្នាក់ក្នុងការងារ ហើយមានមិត្តស្រីស្រស់ស្អាតកាន់តំណែងជាCEOរបស់ក្រុមហ៊ុនមួយបែបណា តែដោយសារនាងមានចរិតមានៈ យល់តែចិត្តខ្លួនឯង ហើយធ្វើការសម្រេចចិត្តដោយផ្តោតលើគំនិតខ្លួនឯងជាធំ នាទីបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេក៏ដើរដល់ផ្លូវបំបែក។ ចុងក្រោយចិត្តស្នេហ៍ បូករួមនឹងភាពជិតស្និទ្ធនៃការបង្កើតមុខរបរជាមួយគ្នា លោក ជេម និងអ្នកនាង បុស្បា ក៏មានឱកាសស្វែងយល់ពីគ្នាកាន់តែច្រើនជាងមុន រហូតឈានទៅចាប់ដៃសាងជីវិតគ្រួសារថ្មីរួមគ្នាតែម្តង។
អ្នកនាង បុស្បា និងលោក ជេម ព្រមទាំងកូនរបស់ពួកគេ
សូមទស្សនាវីដេខ្លី៖
កាលបរិច្ឆេទចាក់ផ្សាយ៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩
ម៉ោងចាក់ផ្សាយ៖ វេលាម៉ោង៨ រហូតម៉ោង៩យប់ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃពុធ
តួសម្តែង៖ អ្នកនាង បុស្បា សម្ដែងដោយកញ្ញា ណាក់ ស្រីណា
លោក ជេម សម្តែងដោយលោក ប៊ឺរី
អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា
ដោយ៖