© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សាច់រឿងក្មេងស្រីដ៏កម្សត់ នាង វីរីណែត នៅក្នុងរឿង «ផ្កាព្រៃ» ដែលមកដល់ភាគនេះ តួអង្គ នាថ ដែលត្រូវជាម្តាយរបស់រីណែត បានចងចាំនូវរឿងរ៉ាវអតីតកាលត្រឡប់មកវិញ បន្ទាប់ពីជួបគ្រោះថ្នាក់ជាលើកទីពីររួចមក។ វាជាកាដូដ៏អស្ចារ្យមួយ សម្រាប់នាង ដែល នាងមានវាសនាបានស្គាល់ពីខ្លួនឯងជាថ្មីម្តងទៀត ប៉ុន្តែនាថព្យាយាមលាក់ការពិតនេះមិនឲ្យអ្នកណាម្នាក់ដឹងនោះទេ ជាពិសេសគឺ សុធាន ឪពុករបស់ធារិទ្ធ។
ជានិស្ស័យ ឈាមរត់រកឈាម ក្រោយពេលដែលម្តាយវីរីណែតចងចាំឡើងវិញ នាងក៏បានជួបនឹងកូនស្រីរបស់ខ្លួន បន្ទាប់ពីបែកគ្នារយៈពេលជាង ១០ ឆ្នាំមកហើយ។ មុតា ដែលត្រូវប្តូរឈ្មោះជាវីរីណែតយ៉ាងណា ក៏នាថនៅតែអាចចំណាំកូនស្រីបានដែរ។ វាជារឿងមួយដែលសឹងតែធ្វើឲ្យវីរីណែត មិនអាចនឹកស្មានដល់ នៅពេលដែលខ្លួនបានបែកម្តាយបង្កើតជាច្រើនឆ្នាំ ប៉ុន្តែបែរជានៅជិតបង្កើយដូច្នេះសោះ។ ក្នុងពេលវេលាដែលមានតម្លៃបំផុត សម្រាប់ម្តាយកូនដែលបែកគ្នារាប់ឆ្នាំនោះ នាថបានរៀបរាប់ប្រាប់ពីការឈឺចាប់ ដែលខ្លួនត្រូវព្រាត់ប្រាស់ពីប្តី ពីកូនយ៉ាងវេទនាជាទីបំផុត។
ឪពុករបស់វីរីណែត ត្រូវគេបាញ់សម្លាប់ បំបិទមាត់ ចំណែកឯនាថខ្លួនឯងត្រូវគេតាមធ្វើបាប រហូតត្រូវបាត់បង់ស្មារតី និងការចងចាំ។ បន្ទាប់ពីពេលនោះ ពួកគេទាំងបីនាក់ឪពុក ម្តាយកូន ក៏ត្រូវបែកគ្នាជារៀងរហូតមកដល់ថ្ងៃនេះ។ គ្រប់យ៉ាង គឺកើតឡើងពីទង្វើគ្រួសារធារិទ្ធទាំងអស់ ដែលនេះធ្វើឲ្យវីរីណែត ត្រូវជ្រើសរើសយក រវាងស្នេហា និងអ្នកមានគុណ។ នាង ស្ទើរតែមិនអាចទប់ទឹកភ្នែកបាន ប៉ុន្តែទោះជាយ៉ាងណា ក៏វីរីណែតនៅបន្តព្យាយាមដោះស្រាយបញ្ហានេះឲ្យចប់។ វីរីណែត បានសើុបរកការពិតមួយនៅពីក្រោយខ្នង ដែលជាដើមហេតុនាំឲ្យគ្រួសារនាងត្រូវបែកបាក់គ្នា ហើយអ្នកណាជាអ្នកបង្កើតគំនុំមួយនេះឡើង។ វិជ្ជនី ម្តាយចិញ្ចឹមរបស់វីរីណែត នឹងត្រូវប្រឈមមុខជាមួយនឹងនាង នៅក្នុងភាគបន្ទាប់ទៀត បន្ទាប់ពី រឿងរ៉ាវទាំងអស់ត្រូវបានបែកធ្លាយបន្តិចម្តងៗ។
យ៉ាងណាមិញ សាច់រឿងនៃជីវិតក្មេងស្រីម្នាក់នេះ នឹងកំណត់ទៅជាយ៉ាងណានោះ សូមតាមដានទស្សនានៅក្នុងរឿង ផ្កាព្រៃ មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៧ យប់ ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ