© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
កម្មវិធីជំនួបតារាក្នុងភាពយន្តភាគថ្មីរបស់ ភីអិនអិន រឿង «លួចស្នេហ៍គូដណ្តឹង» កំពុងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនរវាងលោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបផ្សេងទៀត បានធ្វើឡើងកាលពីថ្ងៃ អាទិត្យ ទី ២៥ ខែ ធ្នូ នៅផ្សារទំនើប ជីបម៉ុង 271 Mega Mall។
នៅក្នុងជំនួបនេះដែរ ហ្វេនៗមានឳកាសបានជួបជាមួយ Idol ទាំងពីរដួងរបស់ខ្លូននិងលេងហ្គេមសប្បាយៗដើម្បីឈ្នះវត្ថុអនុស្សាវរីយ៍ដោយផ្ទាល់។ កំពូលតារាសម្តែងទាំងពីរដួងក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការសម្តែងរឿង «លួចស្នេហ៍គូដណ្តឹង» ដោយភាពយន្តភាគនេះ ទើបតែចាប់ផ្តើមចាក់បញ្ចាំងកាលពីខែ វិច្ឆិកា កន្លងទៅនេះ ដែលជាចំណងដៃសម្រាប់ទស្សនិកជននៃដំណាច់ឆ្នាំ ២០២២។ សន្ទុះការគាំទ្រមិនធម្មតាសម្រាប់ភាពយន្តភាគថ្មីរបស់ ភីអិនអិន រឿង «លួចស្នេហ៍គូដណ្តឹង» ដែលទើបតែចាប់ផ្តើមចាក់បញ្ចាំងជិតមួយខែប៉ុណ្ណោះ ដោយសាភាពយន្តមានភាពសម្បូរបែបមានទាំងភាពកំប្លុកកំប្លែង ស្នេហាមនោសញ្ចេតនា បង្ហាញពីតថភាពសង្គម ធម្មជាតិជនបទ និងជាពិសេសចូលរួមសម្តែងដោយតារាសម្តែងពោរពេញដោយសមត្ថភាពជាច្រើនដួង។
ទន្ទឹមនឹងនេះលោក វ៉ៃហាំង ក៏បានបង្ហាញពីកម្មវិធីថ្មីសន្លាង «សាកថ្មជីវិត» ដែលលោកបានសហការណ៍ជាមួយស្ថានីយទូរទស្សន៍ ភីអិនអិន និងក្រសួងទេសចរណ៍។ កម្មវិធី «សាកថ្មជីវិត» ជាកម្មវិធីដែលបង្ហាញពីកន្លែងទេសចរណ៍ធម្មជាតិ ប្រាសាទបុរាណ និងទីកន្លែងជាច្រើនទៀតនៅក្នុងព្រះរាជណាចក្រកម្ពុជា ដែលទស្សនិកជនមិនទាន់ស្គាល់ ឬស្គាល់រួចមកហើយ ដោយកំពូលតារាសម្តែងរូបនេះជាអ្នកផលិតផង និងជាអ្នកដឹកនាំកម្មវិធី ព្រមទាំងជាមគ្គុទេសក៍ក្នុងកម្មវិធីនេះផងដែរ។ កម្មវិធី «សាកថ្មីជីវិត» នឹងបង្ហាញខ្លូននៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នាពេលឆាប់ៗខាងមុខ៕
ដោយ៖ សុវណ្ណនី