© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ក្នុងកម្មវិធី Boostrong King of Power គុនខ្មែរនាសប្តាហ៍នេះយើងរកបានជើងខ្លាំងមកពីប្រទេសប្រេស៊ីល ខាវ៉ាន់ប៉ូបាល់ជីយ៉ា ខាវាល់ឡេរ៉ូ ដែលមានចិត្តសឿងហ៊ានចុចឈ្មោះអ្នកប្រដាល់គុនខ្មែរ ខាំ ខ្លានាង យកមកតតាំងជាមួយខ្លួន។ មិនស្ទាក់ស្ទើរឡើយ កូនសិស្សរបស់លោកគ្រូ បឺត ខាំ ក៏ងក់ក្បាលយល់ព្រមប្រកួតដោយមិនមានចិត្តអល់ឯកតែម្តង។
ខាវាល់ឡេរ៉ូ បាននិយាយថាគេទន្ទឹងរង់ចាំការប្រកួតនៅក្នុងស្រុកខ្មែរជាយូរមកហើយ ហើយក៏ចង់មកជួបបងប្អូនអ្នកគាំទ្រកម្ពុជាយើងផងដែរ។ ដោយឡែក ខាំ ខ្លានាង ឯណោះវិញក៏បានប្តេជ្ញាចិត្តថានឹងទទួលអ្នកប្រដាល់មកពីប្រេស៊ីលរូបនេះឲ្យបានល្អបំផុតដែរ។
ការប៉ះគ្នាជាលក្ខណៈមិត្តភាពអន្តរជាតិមួយគូទៀតគឺ ធន់ សុវណ្ណស្កាយ ត្រូវប្រយុទ្ធជាមួយអ្នកប្រដាល់មកពី អ៊ីរ៉ង់ មហាម៉េតឌី ម៉ូតេហ្សា។ អ្នកប្រដាល់គុនខ្មែរយើងបានបង្ហើបថាការប្រកួតមួយនេះប្រហែលជាមិនងាយស្រួលឡើយ ព្រោះកីឡាករ អ៊ីរ៉ង់ នាពេលបច្ចុប្បន្ននេះមានការអភិវឌ្ឍន៍សមត្ថភាពនិងក្បាច់គុនគួរឲ្យកត់សម្គាល់។
ជាមួយគ្នានេះដែរពីកម្មវិធីក៏មានការប្រកួតគូមិត្តភាពជាតិចំនួនបីគូទៀតដែរដែលមាន គុន ជីវ័ន្ត ប្រកួតជាមួយ ធឿន វ៉ាន់ថន, ជឺ សំណាង ប្រកួតជាមួយ រិទ្ធី អ៊ីចយ និង ខាំ យក្សណេត ប្រកួតជាមួយ មាស មហាឬទ្ធិ។
កុំភ្លេចជួបគ្នានៅថ្ងៃសៅរ៍ ទី ២១ ខែ មិថុនា ឆ្នាំ ២០២៥ ចូលរួមទស្សនាដោយសេរី នៅសង្វៀន PNN ព្រែកព្នៅ និងផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង៥: ៣០នាទីរសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុក និងយូធូប PNN Sports រួមទាំងហ្វេសប៊ុក BOOSTRONG!
ដោយ៖ chhoam