© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
អស់រយៈពេល 2 ខែមកហើយដែល ស៊ន រ៉ាគីម អ្នកប្រដាល់គុនខ្មែររបស់ក្លឹបរាហ៊ូខេត្តបាត់ដំបងបានឈ្នះខ្សែក្រវាត់ Boostrong King of Power Kun Khmer ទម្ងន់ 60 គ.ក តាមរយៈការផ្តួលគូប្រកួតឲ្យចុះចាញ់យ៉ាងលឿនមិនគួរឲ្យជឿ។ ហើយវាក៏ជិតដល់ពេលវេលាផងដែរសម្រាប់ រ៉ាគីម ចេញមុខមកប្រកួតការពារខ្សែក្រវាត់ដ៏មានតម្លៃរបស់ខ្លួនមួយនេះ។ ដើម្បីធ្វើឲ្យសមមុខមាត់និងតម្លៃក្នុងនាមជាអ្នកការពារខ្សែក្រវាត់ PNN ដែលមានការសហការណ៍ឧបត្ថម្ភពី Boostrong នឹងរៀបចំការប្រកួតជម្រុះរវាងបេក្ខភាពគុនខ្មែរចំនួន4រូបនៅសប្តាហ៍នេះដែលក្នុងនោះមាន ផាន ផាណាត់, លីហួរ អាសូរ, ធន់ ចេស្តារ និង រិទ្ធី សូរសែង។ តាមរយៈការចាប់ឆ្នោតរើសគូប្រកួតនៅថ្ងៃថ្លឹងទម្ងន់ជាផ្លូវការណ៍នាថ្ងៃសុក្រទី 29 ខាងមុខនេះ យើងនឹងបានដឹងថាកីឡាកររូបណាប៉ះកីឡាកររូបណា។ រីឯអ្នកឈ្នះការប្រកួតនាថ្ងៃសៅរ៍ទី 30 ខាងមុខនេះដែរនឹងបន្តការប្រកួតរបស់ខ្លួននៅវគ្គផ្តាច់ព្រ័ត្រដើម្បីយកអ្នកឈ្នះទៅប្រកួតដណ្តើមខ្សែក្រវាត់ពី ស៊ន រ៉ាគីម នៅខែ មករា ដើមឆ្នាំថ្មី 2025 តែម្តង។
សូមបញ្ជាក់ផងដែរថាក្រៅពីប្រកួតជម្រុះរបស់បេក្ខភាពទាំង 4 ខាងលើ យើងមានការប្រកួតគូមិត្តភាពចំនួន 4 គូបន្ថែមទៀតដែរគឺ ទូច ដេវីត ត្រូវប៉ះគ្នាជាមួយកីឡាករ ម៉ារ៉ុក Tijani, វង្ស វិឆ័យ ប្រកួតជាមួយកីឡាករ ម៉ារ៉ុក Hajji, សែន រ៉ាដេត ប្រកួតជាមួយកីឡាករថៃ Chareunchai និង ឡៅ ចិត្រា ប្រកួតជាមួយកីឡាករ អ៊ីរ៉ង់ Vakili ។
សូមចូលរួមទស្សនាឲ្យបានច្រើនកុះករនៅថ្ងៃសៅរ៍ទី 30 ចុងសប្តាហ៍នេះចាប់ពីវេលាម៉ោង 4 ល្ងាចតទៅដើម្បីជួយលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរក៏ដូចជាជួយលើកទឹកចិត្តដល់កីឡាករគ្រប់ៗរូប។ លោកអ្នកក៏នឹងមានសំណាងឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីភេសជ្ជៈ Boostrong ផងដែរ។
ដោយ៖ Chhoam