© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ព្រឹត្តិការណ៍ការប្រកួតដ៏ធំ GANZBERG Kun Khmer Super Strike ប្រចាំខែរបស់ ស្ថានីយ៍ទូរទស្សន៍ PNN នឹងកាន់តែពិសេសកក្រើកទ្វេដងជាមួយនឹងកីឡាករគុនខ្មែរល្បីៗលំដាប់ប្រទេស និងកីឡាករជើងខ្លាំងមកពីគ្រប់ទិសទីជុំវិញពិភពលោក ។
ចំពោះការប្រកួតប្រដាល់គុនខ្មែររបស់ សង្វៀន ភីអិនអិន នាថ្ងៃអាទិត្រ ទី២៥ ខែសីហាចុងសប្តាហ៍នេះ បានសម្រិតសម្រាំងគូជក់ចិត្តមិត្តភាពអន្តរជាតិចំនួន៥គូ ដែលបានប្រមូលជើងខ្លាំងលំដាបកំពូលស្រុកខ្មែរ ដើម្បីបំរើអារម្មណ៍ទស្សនិកជន មិនអោយខកបំណងឡើយ។
សម្រាប់សមាសភាពជើងខ្លាំងទាំង៥គូរ ដែលត្រៀមអង្រួនសង្វៀន PNN ចុងខែនេះរួមមាន អ្នកលេងគុនខ្មែរ ហុងសុវណ្ណ ចាន់សុធី នឹងត្រូវស្វាគមន៍ម្ចាស់ខ្សែក្រវាត់មកពីបារាំង ចូហា អេស្គីអេវ ដែលអ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៦០គីឡូក្រាម រីឯនាគកំណាច យ៉េន ឌីណា ត្រូវចូលរួមខ្លួនជំនួស លន បញ្ញា ត្រៀមស្វាគមន៍ម្ចាស់ខ្សែក្រវាត់អ៊ឺរ៉ង សាជេត ហ្កាសេមី ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម។ ចំណែក លេងប្រដាល់ល្អក្បាច់ សុធី ត្រូវជម្រះបញ្ជីចាស់ជាមួយម្ចាស់ខ្សែក្រវាត់ថៃ មុងឃុនឌេតឡេក ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ខណៈអ្នកលេងជង្គង់ពិឃាត សំអឿន សុផា ត្រូវស្វាគមន៍អ៊ឺរ៉ង់ ហ្វាយ៉ាត អាម៉ាឌី ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម និងឡៅ ចន្ទ្រា ត្រូវស្វាគមន៍ជើងខ្លាំងប្រេស៊ីល ហ្វីលីប៉េ ដារ៉ូហ្សា ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧៨គីឡូក្រាម ។
ចំពោះការប្រកួតមិត្តភាពអន្តរជាតិទាំង៥គូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរប្រាំទឹក ក្នុងមួយទឹកមានរយៈពេលបីនាទី។ ដែលការប្រកួតដ៏ជក់ចិត្តនេះ នឹងចាប់ផ្តើមចាប់ពីវេលាម៉ោង១រសៀលតទៅ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក យូធូប PNN Sports និងផេក Beer Ganzberg ។ អ្នកគាំទ្រក៏អាចអញ្ជើញចូលរួមទស្សនាផ្ទាល់ដោយសេរី នៅស្ថានីយទូរទស្សន៍ ដែលមានទីតាំងស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕
ដោយ៖ ក្រុមកាងារកីឡាPNN