© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ការប្រកួត GANZBERG Kun Khmer Super Strike របស់ ស្ថានីយ៍ទូរទស្សន៍ PNN នាចុងសប្ដាហ៍ថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ កាន់តែពិសេសកក្រើកទ្វេដងជាមួយនឹងកីឡាករគុនខ្មែរល្បីៗលំដាប់ប្រទេស និងកីឡាករជើងខ្លាំងគ្រប់ទិសទី
ចំពោះការប្រកួតប្រដាល់គុនខ្មែររបស់ ទូរទស្សន៍ភីអិនអិន បានសម្រិតសម្រាំងគូជក់ចិត្តចំនួនប្រាំគូ ក្នុងនោះផងដែងមានការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដ៏កក្រើកចំនួនពីរគូ និងការប្រកួតគុនខ្មែរប៉ះគុនខ្មែរចំនួនបីគូបន្ថែមទៀត។
អ្នកប្រដាល់មកពីខេត្តត្បូងឃ្មុំអធិរាជជង្គង់ពិឃាត ឡុង សំណាង នឹងត្រូវជួបជើងខ្លាំងថៃ ឌិនណាផូ ដែលអ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៦៥គីឡូក្រាម រីឯការប្រកួតអន្តរជាតិមួយគូទៀតគឺជាការចួបគ្នារវាង ធន់ យក្សតឿ ជាមួយជើងខ្លាំងថៃ អេកណាខន អ្នកទាំងពីរបានណាត់ប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម។
ចំពោះការប្រកួតមិត្តភាពអន្តរជាតិទាំងពីរគូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរប្រាំទឹក ក្នុងមួយទឹកមានរយៈពេលបីនាទី។ ក្រៅពីគូអន្តរជាតិដ៏ជក់ចិត្តខាងលើនេះ PNN ក៏បានផ្ដល់ឳកាសដល់កីឡាករថ្នាលគុនខ្មែរជំនាន់ក្រោយពោរពេញដោយសមត្ថភាពចំនួនបីគូផ្សេងទៀតដូចជា លន់ លីហេង ជួបជាមួយ សេក គឹមឆៃ ប្រកួតក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម រីឯ សុវណ្ណ កុមារ ត្រូវប៉ះ ធន់ អៀងឡុង ប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ខណៈ ជិន ចាង ត្រូវប៉ះ រិទ្ធី ម៉ាណូយ ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ដែលការប្រកួតដ៏ជក់ចិត្តនេះ នឹងចាប់ផ្តើមចាប់ពីវេលាម៉ោង១រសៀលតទៅ ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN ផេកហ្វេសប៊ុក យូធូប PNN Sports និងផេក Beer Ganzberg ។ អ្នកគាំទ្រក៏អាចអញ្ជើញចូលរួមទស្សនាផ្ទាល់ដោយសេរី នៅស្ថានីយទូរទស្សន៍ ដែលមានទីតាំងស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៕
ដោយ៖ ក្រុមកាងារកីឡាPNN