© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគខ្មែរបែបស្នេហាកំប្លែងៗ កម្លោះវណ្ណដា ប៉ះកញ្ញា សុពណ៍ទេវី កំពុងតែធ្វើអោយហ្វេនៗទន្ទឹងរង់ចាំទស្សនាពីមួយភាគទៅមួយភាគ ព្រោះតែមកដល់ពេលនេះកម្លោះវណ្ណដា បានធ្វើអោយអ្នកគ្រូទេវីបាក់ចិត្តលង់ស្នេហ៍ ដោយសារតែទង្វើល្អៗដែលវណ្ណដាបានធ្វើទាំងការជួយបង្រៀនក្មេងៗនិងការជួយដល់សហគមន៍ទាំងមូល។ ព្រោះតែបែបនេះហើយ ទើបអ្នកគ្រូទេវី ដែលធ្លាប់តែមានចិត្តរឹងមានះប្រែមកជាមានចិត្តទៅលើនាយវណ្ណដាវិញ។
ប៉ុន្តែដូចដែលទស្សនិកជនដឹងហើយថា គ្រួសារអ្នកគ្រូទេវី និងគ្រួសារវណ្ណដា គឺមានការរស់នៅបែបផ្សេងគ្នា។ គ្រួសារវណ្ណដា គឺជាគ្រួសារដែលស៊ីវីល័យ ចូលចិត្តសង្គមសម័យថ្មី ចំណែកឯខាងគ្រួសារអ្នកគ្រូទេវីវិញ ចូលចិត្តរសនិយមបែបបូរាណ គ្រួសារទាំងពីរខុសគ្នាទាំងការស្លៀកពាក់ ទាំងការរស់នៅ ហូបចុក ផ្សេងៗជាដើម ហេតុដូចនេះ នៅពេលដែលវណ្ណដា តាមស្រឡាញ់អ្នកគ្រូទេវី អ្នកគ្រូបានបង្ខំអោយវណ្ណដាញុំាម្ហូបដែលគេមិនចូលចិត្តទាល់តែសោះនោះគឺប្រហុក។
ប៉ុន្តែបំណាច់ថាចិត្តស្រឡាញ់ទៅហើយ វណ្ណដា បង្ខំចិត្តចិញ្ច្រាំប្រហុកទាំងដែលខ្លួនមិនចូលចិត្ត ហើយត្រូវអ្នកគ្រូទេវីបង្ខំអោយញុំាប្រហុកទៀត តើអាចទៅរួចដែរទេវណ្ណដា? ឈុតឆាកគួរអោយអស់សំណើចទាំងនេះ នឹងមាននៅក្នុងរឿង កម្លោះវណ្ណដា ប៉ះកញ្ញា សុពណ៍ទេវី ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ដោយ៖ ម៉ី វ៉ាន់ណែត