© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បន្ទាប់ពីទទួលបានជោគជ័យនូវការរៀបចំកម្មវិធីប្រកួតប្រដាល់គុនខ្មែរដ៏ធំកាលពីថ្ងៃអាទិត្យទី 10 ខែធ្នូ 2023 កន្លងមកនាពេលនេះស្ថានីយ៍ទូរទស្សន៍ PNN បានសហការណ៍គ្នាជាមួយ Ganzberg នឹងរៀបចំកម្មវិធីប្រកួតដ៏ធំនៅថ្ងៃអាទិត្យទី 4 កុម្ភៈ ខាងមុខនេះម្តងទៀតហើយ។
ថ្វីត្បិតតែកម្មវិធីប្រកួតនេះនៅតែប្រើឈ្មោះដូចមុនដដែលគឺ Ganzberg Kun Khmer Super Strike ប៉ុន្តែសមាសភាពកីឡាករនិងការប្រកួតដណ្តើមខ្សែក្រវាត់មិនដដែលទេ។ ម្តងនេះអ្នករៀបចំកម្មវិធីបានបង្កើតខ្សែក្រវាត់ថ្មីមួយ ដែលមានឈ្មោះថា “កំពូលជើងឯក”ក្នុងប្រភេទទម្ងន់ 60 គីឡូក្រាមដែលមិនទាន់មានអ្នកកាន់កាប់ពីមុនមកទេ ដូច្នេះហើយគេបានរើសយកបេក្ខភាពឆ្នើមពីររូបឡើងមកដណ្តើមគ្នាគឺអ្នកប្រដាល់គុនខ្មែររាហ៊ូមាស ឈុតសេរី វណ្ណថង និងអ្នកប្រដាល់កីងកុងកំណាចគុនខ្មែរ លិញ ភារម្យ ដែលអ្នកទាំង២នឹងត្រូវប្រជែងគ្នាដើម្បីស្វែករកកំពូលជើងឯកគុនខ្មែរពិតប្រាកដ ក្នុងនោះផងដែលម្ចាស់ខ្សែក្រវាត់នឹងទទួលបានប្រាក់រង្វាន់ ១២លានរៀនផងដែលតាមរយៈការប្រកួតតែមួយប្រកួតប៉ុណ្ណោះ។
នៅក្នុងថ្ងៃប្រកួតដ៏កក្រើកនេះដែរមុននឹងការប្រកួតដណ្តើមខ្សែក្រវាត់របស់អ្នកទាំងពីរចូលមកដល់ គេក៏មានការប្រកួតគូមិត្តភាពអន្តរជាតិចំនួន 4 គូផងដែរ ដែលក្នុងនោះមានទាហ៊ានខ្នាយតាន់ ឡៅ ចិត្រា ប្រកួតជាមួយលំដាប់កំពូលមកពីប្រទេសថៃ សោក្រាវ។
រីឯនាគមាសគុនខ្មែរ ឃីម បូរ៉ា ប្រកួតជាមួយអ្នកប្រដាល់ប្រទេសម៉ារ៉ុក ថៅហ្វីក ខណៈដែល ប៊ុន សុធា ត្រូវប្រកួតជាមួយកីឡាករ វៀតណាម វ៉ូដៃឡាត់ និង ធន់ វណ្ណា ត្រូវប្រកួតជាមួយអ្នកប្រដាល់ប្រទេសម៉ារ៉ុក ម្នាក់ទៀតគឺ ឌីយ៉ា បេហ្សាត។
បើតាមការផ្តល់ព័ត៌មានពីលោក ម៉ា ស៊ីថេត អ្នករៀបចំកម្មវិធីប្រកួតនេះបានប្រាប់ឲ្យដឹងថា ដើម្បីលើកទឹកចិត្តដល់កីឡាករខ្មែរដែលប្រកួតមិត្តភាពអន្តរជាតិនិងមានប្រាក់រង្វាន់មួយលានរៀលបន្ថែមប្រសិនបើពួកគេឈ្នះការប្រកួត។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាដោយផ្ទាល់ឱ្យបានច្រើនកុះករ និងសូមទៅឱ្យបានមុនម៉ោង 12 ថ្ងៃកាន់តែល្អ សម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេច Share ផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឲ្យកាន់តែស្គាល់វប្បធម៌ដូនតាយើងថែមទៀត។
សូមបញ្ជាក់ថា ការបើកឆាកប្រកួត និងផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក PNN Sports គេហទំព័រយូធូប PNN Sports និងហ្វេសបុក Beer Ganzberg។
ដោយ៖ សំណាង