© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅសប្តាហ៍នេះ វត្តមានតារាកំប្លែង អ្នកនាងនីឡា នឹងចូលរួមក្នុងកម្មវិធី អ្នកជិតខាង ហើយចែករំលែកពីបទពិសោធន៍ជីវិតដែលត្រូវរងសំពាធផ្លូវចិត្តបន្ទាប់ពីមានកូន ធ្វើអោយអ្នកនាងក្តុកក្តួលទប់ទឹកភ្នែកមិនជាប់នៅលើវេទិកា។
ទស្សនិកជនបានស្គាល់រួចមកហើយ ពីតារាកំប្លែងស្រី អ្នកនាងវ៉ាន់នីឡា ធ្លាប់តែផ្តល់សំណើចដល់ទស្សនិកជន តាមកម្មវិធីកំប្លែងនានាកន្លងមក ហាក់ដូចជាមិនចេះកើតទុក្ខអ្វីនោះ ស្រាប់តែមួយរយះចុងក្រោយនេះ ហាក់ស្ងប់ស្ងាត់មិនសូវឃើញវត្តមានអ្នកនាង ចូលរួមកម្មវិធីកំប្លែងនោះឡើយ។ពេលនេះការពិតត្រូវបានលាតត្រដាងនៅក្នុងកម្មវិធី អ្នកជិតខាង។
យ៉ាងណាមិញអ្នកនាងវ៉ាន់ នីឡា បានរៀបរាប់នៅកម្មវិធីអ្នកជិតខាងថា តាំងពីដើមមកអ្នកនាងមិនដែលមានសំណាងរឿងមានលុយចាយ មានរបស់របរ សម្ភារះនិយម អ្វីនោះឡើយ ប៉ុន្តែអ្នកនាងមានសំណាងក្នុងរឿងគ្រួសារ អ្នកនាងទទួលបានក្តីស្រលាញ់ ការថ្នាក់ថ្នមពីឪពុកម្តាយ ទទួលបានភាពកក់ក្តៅពីគ្រួសារ។
ដោយឡែកសម្រាប់ជីវិតរបស់អ្នកនាងបន្ទាប់ពីអ្នកនាងមានគ្រួសារ នឹងចាប់ផ្តើមមានទម្ងន់ អារម្មណ៍របស់អ្នកនាងហាក់ប្រែប្លែក៣៦០ដឺក្រេ ។ ដោយសារតែ អ្នកនាងមានអារម្មណ៍ឆេវឆាវ ឆាប់ខឹង ឆាប់អន់ចិត្ត ជាពិសេស គ្រាន់តែឃើញមុខប៉ារបស់អ្នកនាង គឺអ្នកនាងមានរម្មណ៍ខឹងតែម្តង។
អ្វីដែលកាន់តែចាប់អារម្មណ៍ នោះគឺនៅពេលដែលអ្នកនាងសម្រាលកូន អ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំង តែអ្វីដែលធ្វើអោយអ្នកនាងទប់ទឹកភ្នែកមិនជាប់គឺដោយសារតែកូនរបស់អ្នកនាងកើតមកមានជំងឺ មិនគ្រប់គីឡូ នឹងបេះដូងចំហ ធ្វើអោយប៉ះពាល់សតិអារម្មណ៍ស្ទើរឆ្កួត នឹងស្ទើរតែសម្លាប់ខ្លួនម្តងៗ។ ទម្រំាតែអារម្មណ៍អ្នកនាងបានប្រសើរ គឺប្រើរយះពេលពីរទៅបីខែ ទើបអ្នកនាងសម្រេចចិត្តផ្អាកការងារ នឹងមកមើលថែ ផ្តល់ភាពស្និទស្នាលដល់កូនវិញ។
ចំពោះរឿងរ៉ាវលំអិតរបស់អ្នកនាង វ៉ាន់ នីឡា សូមរងចាំតាមដានទស្សនាពីកម្មវិធីអ្នកជិតខាង នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៩យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ