© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ខ្សែភាពយន្តភាគចិនដ៏ថ្មីសន្លាងមួយរឿងទៀតហើយ ដែលនឹងកំពុងតែនឹងត្រៀមបម្រើអារម្មណ៍ទស្សនិកជនជាបន្តបន្ទាប់ទៀត ក្រោយពី រឿង ទឹកដីអច្ឆរិយជំពាក់ស្នេហ៍ ត្រូវបានបញ្ចប់ទៅ។ ការមកដល់នៃសាច់រឿងថ្មីនេះដែរ ក៏នឹងធ្វើឲ្យហ្វេនៗ ហាក់ស្លុងអារម្មណ៍ចូលទៅក្នុងរឿងព្រេងនិទានមួយ ដែលនិយាយពីការកកើតនៃបិសាច និងទេវតា មានទំនាក់ទំនាក់ជាប់កម្មពៀរជាមួយគ្នារហូតបង្កើតបានជាស្នេហា។
និស្ស័យស្នេហ៍ឆុងជឺ គឺជាប្រភេទខ្សែភាពយន្តភាគចិនបែបយុទ្ធិសិល្បិ៍ ទំនាក់ទំនងរវាងឋានមនុស្សលោក ឋានទេវតា និងឋានបិសាច ដែលពោរពេញទៅដោយអាថ៌កំបាំងយ៉ាងច្រើនបង្កប់នៅក្នុងសាច់រឿងនោះផងដែរ។ បើតាមដំណាលសង្ខេបត្រួសៗនៃសាច់រឿងខាងលើនេះ ត្រូវបានឲ្យដឹងថា កាលនោះ មានស្តេចអារក្ស នី លន់ ត្រូវបានវិនាស ដោយបន្សល់ទុកត្រកូលបិសាចមួយឱ្យរលំរលាយ នៅពេលពួកគេរត់ចូលទៅក្នុងពិភពជីវិតរបស់មនុស្ស រមែងនាំមកនូវសេចក្តីស្លាប់។ ឆុងជឺ ជាមនុស្សមានភាពបរិសុទ្ធ និងចិត្តល្អ ប៉ុន្តែនាងនៅតែមានវិញ្ញាណដង្ហើមអាក្រក់មួយនៅក្នុងខ្លួននាង។
បន្ទាប់ពីត្រូវបានជួយសង្គ្រោះដោយ Chu Bu Fu ដែលថ្នាំជាអមតៈ នាងបានតាំងចិត្តថានឹងដាំដើមរុក្ខជាតិនោះនៅ Nanhua ប៉ុន្តែវាហាក់បីដូចជាមិនលូតលាស់ និងជាដើមហេតុដែលបណ្តាលឲ្យនាងអាចក្លាយជា ក្លាយជាបិសាចបន្តវេន។ក្នុងគ្រានោះ មានព្រះតេជគុណ Luo Yin Fan បានទទួលយក ឆុងជឺ ជាសិស្សតែម្នាក់គត់របស់គាត់។ ឆុងជឺ ពឹងផ្អែកខ្លាំងលើ Luo Yin Fan ហើយមិនបានប្រាថ្នាអ្វីក្រៅពីនៅក្បែរគាត់នោះទេ។ ផ្ទុយទៅវិញ Luo Yin Fan សន្យាថានឹងការពារនាង។ ក្រោយមក មានរឿងរ៉ាវជាច្រើន កើតឡើង រហូតធ្វើឲ្យការឃុបឃិតគ្នាបណ្តាឱ្យឆុងជឺ មានទោស ហើយ Luo Yin Fan មិនអាចធ្វើអ្វីដើម្បីជួយបាន ដែលនាំឱ្យនាងស្លាប់ដោយអយុត្តិធម៌។
ក្នុងកំណើតជាតិទីពីររបស់នាង ឆុងជឺ កើតជាមនុស្ស ជាអ្នកសុំទាន មានឈ្មោះថា Nanhua ម្តងទៀត។ នាងបានទទួលរងនូវភាពអយុត្តិធម៌ជាច្រើន ពីក្រុមអ្នកលេង អ្នកសុំទានដូចគ្នា រហូតថ្ងៃមួយ នាងបានជួបនឹង Luo Yin Fan ។ ដើម្បីការពារនាង គាត់បានផ្សារភ្ជាប់វិញ្ញាណដង្ហើមអាក្រក់នៅក្នុងនាង ហើយរក្សានាង ទំនាក់ទំនងរបស់ពួកគេជាគ្រូ និងសិស្ស។ ឆុងជឺ ក្លាយជាគោលដៅនៃមនុស្សជាច្រើន ក្នុងការតាមរកនាង រហូតបង្ខំចិត្តឲ្យនាងក្លាយជាបិសាចម្តងទៀត ដែលបន្តដំណើរជីវិតស្នេហាម្ខាងជាបិសាច ម្ខាងទៀត ជាមនុស្សលោក ។
និស្ស័យបិសាច និងទេវតា បានឈានដល់ដំណាក់កាលយ៉ាងស៊ីជម្រៅ ដែលវាបានក្លាយជាស្នេហាអភិនីហារដ៏អស្ចារ្យ ធ្វើឲ្យមនុស្សលោកមានភាពស្ងប់ស្ងែង និងរំភើប។ ចង់ដឹងទេថា តើ ឆុងជឺ ដែលជានារីដ៏ស្រស់ស្អាតទាំងរូបកាយ និងចិត្តបរិសុទ្ធរបស់នាង នឹងធ្វើឲ្យនាងបានឆ្លងផុតពីវិញ្ញាណបិសាច ហើយត្រឡប់មកជាទេវតាវិញបានឬយ៉ាងណា?
សូមកុំភ្លេចរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «និស្ស័យស្នេហ៍ឆុងជឺ» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១២ ថ្ងៃត្រង់៕
ដោយ៖ សិរីរដ្ឋ