© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
សង្វៀន«Ganzberg ONE Strike» បានឈានដល់សប្ដាហ៍ថ្មីទៀតហើយ នាថ្ងៃ អាទិត្យ ទី ១៧ ខែ កញ្ញា នេះ ដែលបេក្ខភាពជើងខ្លាំងគុនខ្មែរនឹងមានវត្ថមានមកប្រជែងប្រាក់លានក្នុងសប្ដាហ៍នេះ មានដូចជា នាគកំណាច លន បញ្ញា នឹងត្រូវប៉ះកីឡាករអ៊ីរ៉ង់ជាលើកដំបូង ដែលជាម្ចាស់ខ្សែក្រវាត់ផងដែលនោះគឺ អាម៉ាឌី ហ្វាយ៉ាត ដែលអ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៦៥ គីឡូក្រាម រីឯការប្រកួតមួយគូទៀតជាការជួបសងសឹកគ្នារវាង ឆ្លាមខ្មៅកំពត ឡុង បេនលឿន និងអ្នកប្រដាល់ខេត្តសុរិន្ទ ប្រទេសថៃ នឹងត្រាក់កាន ក.កាមន្តវ៉ាត់ ដែលប្រកួតលើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាម។ ចំពោះការប្រកួតអន្តរជាតិទាំង ២ គូខាងលើនេះ ប្រព្រឹត្តទៅលើលក្ខន្តិកៈ ONE Strike ដោយប្រើប្រាស់កហ្គង់ចេញម្រាម (MMA Gloves) ដើម្បីដណ្ដើមប្រាក់រង្វាន់ ១ លានរៀលពីស្រាបៀរ ហ្គេនស៍បឺគ បន្ថែមពីលើតម្លៃខ្លូន។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរ ៣ គូផ្សេងទៀត គឺអ្នកប្រដាល់មកពីក្លិបក្រសួងការពារជាតិ ធន់ វិស្ពុ នឹងត្រូវប៉ះគ្នាជាមួយ រិទ្ធី ឌួងឆាយ របស់ក្លិបប្រដាល់ស៊ុបពើហ្វៃ ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ចំណែកឯកីឡាកររបស់ក្លិបបញ្ជាការដ្ឋានទ័ពពិសេស ថោង ចន្ទ្រា នឹងត្រូវប្រកួតជាមួយជើងខ្លាំងរបស់ក្លិបហ្គាឡាក់ស៊ីអេភូថង ភ្លាត ទិត រីឯអ្នកប្រដាល់វ័យក្មេង អេលីត ណាំឆៀវ នឹងត្រូវតតាំងជាមួយ ជើងខ្លាំងក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ជិន ចាង។
សូមបញ្ចាក់ថាការប្រកួតដ៏កក្រើកជក់ចិត្តទាំងនេះ មានផ្សាយផ្ទាល់នៅថ្ងៃ អាទិត្យ ចុងសប្ដាហ៍នេះ ចាប់ពីវេលាម៉ោង ១ រសៀលតទៅ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និងទំព័រហ្វេសបុកស្រាបៀរ Ganzberg៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ ឆុន សុខណាង