© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដើម្បីតែចង់ក្តោបក្តាបភូមិផ្កាប៉េស អ្នកម្នាង បានក្បត់នឹងឧត្តមគតិខ្លួនឯង ចង់បំផ្លាញអ្នកដទៃព្រោះប្រយោជន៍ផ្ទាល់ខ្លួន។ ឈីងឈីង និងអ្នកភូមិទាំងអស់ ពិតជាមិនអាចទទួលយកនូវទង្វើរបស់មនុស្សខាងក្រៅនេះបានទេ ជាពិសេស ព្រះបុត្រា បើទោះបីជាទ្រង់មិនមែនជាអ្នកធ្វើក៏ដោយ ក៏ប៉ុន្តែ អ្នកម្នាង ជាព្រះមាតារបស់ទ្រង់ ហើយគ្រប់គ្នាយល់ថា ម្តាយ និងកូនតែងចិត្តមិនដាច់ពីគ្នានោះទេ។
ព្រះបុត្រា តាមឈីងឈីងត្រឡប់មកភូមិផ្កាប៉េស ប៉ុន្តែមិនបានទទួលការរាក់ទាក់ពីអ្នកភូមិឡើយ ជាពិសេស ឈីងឈីងតែម្តង នាងមិនចង់ឃើញវត្តមានព្រះបុត្រានៅក្នុងភូមិស្រុករបស់នាងបន្តទៀតឡើយ។ ចំណែកឯអ្នកម្នាងជាមាតា ហាក់ដូចជាដឹងកំហុសរបស់ខ្លួន ប៉ុន្តែយឺតពេលទៅហើយ កែវដែលបែកហើយ ក៏មិនអាចមកផ្គុំគ្នាអោយល្អដូចមុនបានដែរ។ ស្នាមប្រេះនៅមាន ដំបៅក៏នៅមានស្នាម ទង្វើ ដែលមិនចេះគិត គិតតែពីខ្លួនឯង រំលោភលើជីវិតអ្នកដទៃ វាជាអ្វីដែលឈីងឈីង និងអ្នកភូមិរាល់គ្នាទទួលយកមិនបានទេ។
ទោះជាយ៉ាងណា ព្រះបុត្រានៅតែស៊ូទ្រាំ និងប្រឈមមុខជាមួយឈីងឈីង ហើយព្យាយាមសាងអំពើល្អ និងតបស្នងគុណដល់អ្នកភូមិនៅទីនោះវិញ។ រីឯព្រះមាតារបស់ទ្រង់ ក៏បានដឹងកំហុស ប៉ុន្តែមិនអាចរកដំណោះស្រាយឲ្យជីវិតស្នេហារបស់កូនត្រឡប់មកដូចដើមវិញ។
តើដំណើរសាច់រឿងនៃជីវិតគូស្នេហ៍ដូចជាក្នុងរឿងព្រេងនិទានមួយនេះ នឹងទៅជាយ៉ាងណា? សូមបន្តរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ទឹកដីអច្ឆរិយជំពាក់ស្នេហ៍» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ១២ ថ្ងៃត្រង់៕
ដោយ៖ សិរីរដ្ឋ