© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដោយដំណើរការបានជោគជ័យ និងទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អ្នកគាំទ្រគុនខ្មែរ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់រដូវកាលទី១ និង២ កន្លងមក ក្រុមហ៊ុនស្រាបៀរ Ganzberg បានបន្តសហការជាពិសេស ជាមួយ ស្ថានីយទូរទស្សន៍ PNN
ប្រកាសបើកយុទ្ធនាការដណ្ដើមខ្សែក្រវាត់ រដូវកាលទី៣ ដោយអមជាមួយ ប្រាក់រង្វាន់ ១ម៉ឺនដុល្លារ អាមេរិក លើប្រភេទទម្ងន់៦៥គីឡូក្រាម ដែលមានបេក្ខភាពគុនខ្មែរ ១៦រូប ចូលរួមប្រកួតប្រជែង ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ តទៅ។
ក្នុងនោះ កាន់តែពិសេស ថ្ងៃបើកឆាកជម្រុះប្រជែង ខ្សែក្រវាត់រដូវកាលទី៣ នៃកម្មវីធីប្រដាល់ Ganzberg One Strike ដ៏កក្រើកនេះ បេក្ខភាពពីររូប នឹងធ្វើការជម្រុះជុំទី១ ចាញ់ធ្លាក់មុនគេ រួមមាន ធន់ ចាន់តាក់ តតាំង នូវ ដារ៉ូ ។ លើសង្វៀនតែមួយ កាន់តែជក់ចិត្ត អមដោយគូមិត្តភាពអន្តរជាតិ ម្ចាស់មេដាយមាស ស៊ីហ្គេម ម៉ឺន មេឃា នឹងប្រកួតពាក់ហ្គង់ចេញម្រាម (ហ្គង់ MMA) ជាមួយជើងខ្លាំងថៃ ណាក់ខន សុវណ្ណ ក្នុងជំនួប One Strike ដណ្ដើមប្រាក់លើកទឹកចិត្ត១លានបន្ថែមពី Ganzberg ។
ក្រៅពីគូជម្រុះខ្សែក្រវាត់ និង មិត្តភាព អន្តរជាតិ កម្មវិធីប្រដាល់ Ganzberg One Strike ក៏មានគូស្វែងរកជើងឯក ម៉ារ៉ាតុន ប្រចាំសប្ដាហ៍ រួមមាន អ្នកប្រដាល់គុនខ្មែរវ័យក្មេង សូត្រ សុខឃីម ប៉ះ អ្នកប្រដាល់ចាស់វស្សា សយ សុខ ខណៈ ជ័យ គឹមហុង ប្រឈម សូដា លីម៉ូ ដើម្បីរកអ្នកឈ្នះពីររូប ឡើងវគ្គផ្តាច់ព្រ័ត្រ ។
សូមជម្រាបជូនថា សម្រាប់បេសកម្មដណ្ដើមខ្សែក្រវាត់ Ganzberg Onestrike រដូវកាលទី៣ គឺនៅរក្សារូបមន្តដដែល ពោលគឺការប្រកួតចាញ់ធ្លាក់ ដោយឡែកសម្រាប់បេក្ខភាពទម្ងន់៦៥គីឡូដែលមកពី១៦ក្លិបផ្សេងគ្នា រូមមាន ៖ កីឡាករ ធន់ ចាន់តាក់, នូវ ដារ៉ូ, គង់ សំបូរ, ផាន់ រះ, មឿង សុខហ៊ុច, សេក គឹមរួន, ផាន់ គ្រាន់, វ៉ែន ហុងជីវង្ស, ឡុង សំណាង, សូត្រ ខេវិន, ម៉ន ព្រហ្មម៉ាញ, តាំង សីហា, គិន សំបូរ, នួន រ៉ាថេប, សោម វិឆ័យ, ខុន ស៊ីចន។
កម្មវិធីប្រដាល់គុនខ្មែរ Ganzberg One Strike ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ៊្វេសប៊ុក PNN Sports និង Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ និងអាចចូលរួមទស្សនាដោយផ្ទាល់នៅក្នុងស្ទូឌីយូ ម៉ាស៊ីនត្រជាក់ នៃ ស្ថានីយទូរទស្សន៍PNN៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ លី ហួរ