© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
អ្នកប្រដាល់ចាស់វស្សា ឡុង សុភី នឹងបង្ហាញខ្លួនលើកដំបូង ក្នុងកម្មវិធី ប្រដាល់ Ganzberg One Strike នាថ្ងៃ អាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ ចុង សប្ដាហ៍នេះ ក្រោយ បាត់មុខ មួយរយៈ ធំកន្លងមក ខណៈ អេលីត សាន់ ចូលខ្លួនប្រកួត ONESTRIKE ដោយតតាំងជើងខ្លាំងថៃរៀងៗខ្លួន។
អ្នកលេងក្បាច់ជង្គង់ ឬ រស្សនាម កន្ដូប់ចឹកស្រូវ ឡុង សុភី នឹងត្រូវ តទល់ជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់ថៃ ភិតឈិតឆ័យ ស្របពេលគូពិសេសអន្តរជាតិ One Strike អេលីត សាន់ ត្រូវឈមជើងខ្លាំងថៃចំណូលថ្មី យ៉នឃុនសឹក សិកប្រាចាន់បាន ប្រកួតមួយទឹក៧នាទី ២ទឹក ដើម្បីដណ្ដើមប្រាក់បន្ថែម១លានរៀន។
កាន់តែជក់ចិត្ត កម្មវិធីប្រដាល់ Ganzberg One Strike ក៏មានអ្នកស្នងគុនខ្មែរវ័យក្មេង កំពុងលេចធ្លោចំនួន៤រូប នឹងធ្វើការប្រកួតប្រជែងលក្ខណៈ ម៉ារាតុន រួមមាន លីន ពន្លឺ ប៉ះ ធឿន សាមុន ខណៈ សរ ជ័យ តតាំង យីប ឌុក ដើម្បីរកអ្នកឈ្នះពីររូប ឡើងប្រឈមគ្នាវគ្គផ្ដាច់ព្រ័ត្រ គូទី៥ ឆ្ពោះទៅក្លាយជាម្ចាស់ជើងឯក ម៉ារ៉ាតុន ប្រចាំសប្ដាហ៍ លើប្រភេទទម្ងន់៥៧គីឡូក្រាម។
សូមបញ្ជាក់ថា វគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ រួមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក រវាង រិន ដេវីត និង សៀង ង៉ុយ នឹងធ្វើឡើងនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខ។ កម្មវិធីប្រដាល់ Ganzberg One Strike ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និង Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ លី ហួរ