© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បើរំលឹកទៅដល់អតីតកាលប្រមាណជាជាងដប់ឆ្នាំមុន ទស្សនិកជន និងអ្នកគាំទ្រ ប្រាកដជានៅចាំបានច្បាស់ពីតារាចម្រៀងរ៉េបដ៏ល្បីមួយរូបគឺ ពូឃ្លាំង។ កំពុងតែមានភាពល្បីល្បាញ ពូឃ្លាំង ក៏បានស្ងាត់ពីពិភពសិល្បៈអស់រយៈពេលយ៉ាងយូរដោយមានអ្នកខ្លះបានគិតថាលោកបានវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិចវិញហើយ ទើបមិនដែលឃើញលោកបង្ហាញមុខ ឬបញ្ចេញបទចម្រៀងថ្មីៗ ប៉ុន្តែការពិតគឺលោកមិនបានចាកចេញទៅនៅក្រៅប្រទេសឡើយ ដោយនៅយ៉ាងមានក្តីសុខជាមួយឧត្តមភរិយានិងកូនប្រុសនៅឯខេត្តកំពង់សោម។
ជាមួយកិច្ចសម្ភាសន៍ពិសេសក្នុងកម្មវិធី អ្នកជិតខាង លោកក៏បានលើកឡើងដែរថា មូលហេតុដែលលោកសម្រេចចិត្តលែងបង្ហាញមុខលើវិថីសិល្បៈក៏ព្រោះតែតួនាទីជាស្វាមី ហើយដំណាលគ្នានោះដែរ ភរិយារបស់លោកក៏ចង់អោយលោកងាកទៅធ្វើអ្វីផ្សេងក្រៅពីអាជីពជាតារាចម្រៀងរ៉េបនេះ។ ប៉ុន្តែទោះបីជាបែបណាក៏លោកមិនដែលគិតថានឹងបោះបង់ចោលអាជីពជាអ្នកសិល្បៈនេះដែរ ព្រោះតែអាជីពជាតារាចម្រៀងរ៉េបនេះលោកបានពេញចិត្តស្រឡាញ់តាំងពីតូចៗ ដោយសារតែលោកមានលោកឪពុកជាតន្ត្រីករផងនោះ ទើបធ្វើអោយលោកនៅដក់អារម្មណ៍ស្រឡាញ់ខាងវិស័យសិល្បៈនេះ។
លោកបានបញ្ជាក់ថា ហេតុផលដែលលោកសម្រេចចិត្តវិលចូលមកកាន់ពិភពសិល្បៈចម្រៀងរ៉េបនេះវិញ ក៏ដោយសារតែអ្នកគាំទ្រ និងមិត្តភ័ក្តិមួយចំនួនចង់ឃើញលោកនិពន្ធបទចម្រៀងថ្មីៗបន្តទៀត ព្រោះរាល់បទចម្រៀងដែលលោកបាននិពន្ធនិងច្រៀងនោះពិតជាធ្វើអោយពួកគេបានសប្បាយរីករាយ។ អ្វីដែលកាន់តែជម្រុញទឹកចិត្តលោកបន្ថែមទៀតនោះគឺកូនប្រុសលោកផ្ទាល់ ដែលតែងតែចង់ឃើញឪពុកខ្លួនឡើងច្រៀងដូចមុន។ ដោយសារតែបែបនេះលោកក៏សម្រេចចិត្តគិតសារឡើងវិញ
ហើយដោយមានការយល់ព្រមពីភរិយាបណ្តូលចិត្តផងនោះទើបធ្វើអោយលោកសម្រេចចិត្តដើរលើវិថីសិល្បៈដែលជាជំនាញពិសេសរបស់លោកម្តងទៀត។
ជុំវិញរឿងរ៉ាវលម្អិតពីការវិលត្រឡប់មកចូលវិស័យសិល្បៈរបស់ ពូឃ្លាំង សូមកុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី អ្នកជិតខាង ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត