© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជំនួបដ៏កក្រើក រវាងអ្នកលេងទម្ងន់ដៃថ្ម លាភ រដ្ឋា និង អ្នកប្រយុទ្ធ គុនខ្មែរ ចិត្ត សឿង អេលីត សាន់ នឹងប្រឈមគ្នា នាថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២ ចុងសប្ដាហ៍នេះ ដើម្បីរកអ្នកឈ្នះបន្តដំណើរឡើង ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រដាល់ដណ្ដើមខ្សែក្រវាត់ Ganzberg One Strike លើប្រភេទ ទម្ងន់៦០គីឡូក្រាម និងមានអមប្រាក់រង្វាន់៤០លានរៀល។
គួរបញ្ជាក់ដែរថា គិតមកត្រឹមសប្ដាហ៍នេះ កម្មវិធីប្រដាល់ Ganzberg One Strike បានរកឃើញបេក្ខភាពចំនួន៣រូបហើយ ដែលសុទ្ធសឹងតែជាអ្នកប្រយុទ្ធគុនខ្មែរលេចធ្លោ បានឡើងមកឈរចាំ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដ៏សំខាន់ មួយនេះ។ ក្រៅពីគូជម្រុះខ្សែក្រវាត់ដ៏កក្រើកមួយនេះ លើសង្វៀនតែមួយ អមដោយគូពិសេស One Strike អ្នកស្នងគុនខ្មែររលកថ្មីកំពុងឡើងកូដ គឿម សុវណ្ណគឹម ត្រូវប្រឈម យុទ្ធ ថាន់ ច័ន្ទរាជ្យ ក្នុងជំនួបប្រកួតលក្ខណៈ១ទឹក ៧នាទី មាន២ទឹក។
កាន់តែជក់ចិត្ត លើសង្វៀន Ganzberg One Strike សប្ដាហ៍នេះផងដែរ បន្ថែមលើគូខ្សែក្រវាត់ និង គូ One Strike ក្នុងនោះ ជើងខ្លាំងគុនខ្មែរចំនួន៤រូប នឹងធ្វើការប្រកួតប្រជែងលក្ខណៈ ម៉ារាតុន រួមមាន ឌិក សំណាង ប៉ះ នួន លីខុ ខណៈ ម៉ន បណ្ឌិត តតាំង លីន វិចិត្រ ដើម្បីរកអ្នកឈ្នះពីររូប ឡើងប្រឈមគ្នាវគ្គផ្ដាច់ព្រ័ត្រ គូទី៥ ឆ្ពោះទៅក្លាយជាម្ចាស់ជើងឯក ម៉ារ៉ាតុន ប្រចាំសប្ដាហ៍ លើប្រភេទទម្ងន់៥៧គីឡូក្រាម។ កម្មវិធីប្រដាល់ Ganzberg One Strike ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និង Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ លី ហួរ