© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
យុវវ័យដែលនិយមតាមដានបណ្តាញសង្គមនានា ច្បាស់ជាស្គាល់ច្បាស់ Youtuber ដ៏ល្បីមួយរូបក្នុងចំណោម Youtuber ល្បីៗជាច្រើនទៀត ក្នុងប្រទេសកម្ពុជានោះគឺ សៀក។ រាល់វីដេអូរបស់ សៀក សុទ្ធតែមានអ្នកចូលទស្សនារាប់រយ K ឯណោះនៅលើ Youtube។ កំពុងតែទទួលបានការគាំទ្រខ្លាំងពីយុវវ័យនៅដើមឆ្នាំ២០២១ សៀក ក៏ត្រូវបានបាត់មុខមួយរយៈ ដោយមិនបានផលិតវីដេអូថ្មីៗទៀតរាប់ខែឯណោះ។ អ្នកគាំទ្រលោក ម្នាក់ៗមានចម្ងល់ដូចៗគ្នាថាតើ សៀក បាត់ទៅណា ហេតុអីក៏មិនឃើញផលិតវីដេអូថ្មីៗបន្ថែម។
នៅក្នុងកម្មវិធី អ្នកជិតខាង របស់ស្ថានីយទូរទស្សន៍ភីអិនអិន សៀក ក៏បានលាតត្រដាងទាំងអស់ពីមូលហេតុនៃការមិនបានផលិតវីដេអូថ្មីៗ គឺព្រោះតែលោកបានទទួលរងនូវជម្ងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ដោយសារបញ្ហាមុខលោកកើតមុនខ្លាំងពេករហូតទទួលយកលែងបាន។ អ្វីដែលកាន់តែធ្វើអោយលោក កាន់តែបាក់ទឹកចិត្តបំផុតនោះគឺនៅពេលដែលោក ចេញទៅក្រៅម្តងៗតែងតែមានពាក្យមួយឃ្លាពោលមកកាន់លោកថា មុខឥឡូវម៉េចអ៊ីចឹង? រាល់ពេលដែល សៀក បានលឺពាក្យមួយឃ្លានេះហើយ ធ្វើអោយលោកគិតច្រើនខ្វល់ខ្វាយច្រើន និងលែងហ៊ានធ្វើអ្វី លែងហ៊ានជួបជាមួយអ្នកណាទាំងអស់សូម្បីតែប៉ាម៉ាក់ដែលនៅក្នុងផ្ទះជាមួយ។
អំឡុងពេលដែលលោកចេញមុនពេញមុខ លោកក៏បានទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីព្យាបាលមុខខ្លួន និងព្យាយាមធ្វើតាមការណែនាំរបស់គ្រូពេទ្យ ទើបធ្វើអោយមុខលោកបានប្រសើរឡើងមកវិញ។ មូលហេតុដែលធ្វើអោយYoutuber ដ៏ល្បីរូបនេះ ហ៊ានបង្ហាញមុខជាសាធារណៈឡើងវិញក៏ព្រោះតែលោកគិតថា យើងត្រូវរស់នៅជាមួយអ្វីដែលយើងមាន លោកអាចចេញទៅហាត់ប្រាណ និងជួបមនុស្សម្នាឡើងវិញ។ ប៉ុន្តែបែបណាក្តីរហូតមកដល់ពេលនេះលោកថាអារម្មណ៍របស់លោកក៏នៅមិនទាន់វិលត្រឡប់ទៅដូចមុនមួយរយភាគរយឡើយ។ ចង់ទស្សនាការរៀបរាប់របស់លោកទាំងស្រុង កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី អ្នកជិតខាង ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៩០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ហង្ស