© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគខ្មែរមនោសញ្ចេតនា ស្នេហាលាយឡំនឹងសំណើចកំប្លុកកំប្លែង រឿង «លោកប្តី ៣៦៥ ថ្ងៃ »បានចាក់ផ្សាយជូនទស្សនិកជនទស្សនាបានមួយភាគលើកដំបូង ដោយពាំនាំនូវឈុតឆាកអស់សំណើចជាច្រើនរស់ជាតិ។ តួអង្គ ពីរគូគឺ ដាលីន, ដេវីត និង វិច្ឆ័យ , ដាវ៉ាន់ គឺជាតួអង្គគូស្នេហ៍នឹងគ្នា ដែលបង្កើតបានជាចំណងសាច់រឿងដ៏ល្អមើលជក់ចិត្ត។ នៅថ្ងៃដំបូង ដាលីន និងដាលីន គឺជាសិស្សរួមថ្នាក់ជាមួយគ្នា ប៉ុន្តែពួកគេហាក់ដូចជាមិនទាន់យល់ចិត្តគ្នាទៅវិញទៅមកនោះទេ។ ដាលីន ជានារីដែលឆ្នាស់ឆ្នើម ចំណែកឯដេវីតវិញ គឺជាមនុស្សប្រុសដែលចូលក្រមិចក្រមើម លេងសើចនឹងស្រីស្អាតៗក្នុងសាលា។
ការឈ្លោះគ្នាប្រកែកគ្នាបានកើតឡើងនៅក្នុងថ្នាក់រៀន រវាង ដាលីន និងដេវីត ដែលពេលនោះ ដាលីនដូចជាមិនចាប់អារម្មណ៍នឹងកាយវិការញ៉ែងញ៉ងរបស់ដេវីតឡើយ។ ផ្ទុយទៅវិញ នាង់ខិតខំយកចិត្តទុកដាក់ខ្លាំងទៅលើការសិក្សា ដោយមិនយកពេលវេលាទៅប្រលែងលេងជាមួយនឹងស្នេហានោះទេ។
ដោយឡែក តួអង្គ ប្តីប្រពន្ធ វិច្ឆ័យ និង ដាវ៉ាន់វិញ គឺជាគូស្នេហ៍ដែលមានចំណងអាពាហ៍ពិពាហ៍មានកូនរួចទៅហើយ។ វិច្ឆ័យ ជាមនុស្សប្រុសព្រាននារី តែងលបលួច ទាក់ទងស្រីខាងក្រៅ ដោយការកុហកបោកប្រាស់ពីប្រពន្ធ។ ជួនជាថ្ងៃមួយ វិច្ឆ័យបានជួបនឹងនារីម្នាក់ដែលមានរូបសម្រស់ស្រស់សោភា និងថ្លៃថ្នូរ។ គេក៏បានតាំងខ្លួនគេជាមនុស្សកម្សត់គ្មានគូ ដោយធ្វើយ៉ាងណាឲ្យនារីម្នាក់នោះ មានការអាណិតមកលើខ្លួនវិញ។
នៅភាគបន្តទៀត ចំណងសាច់រឿងល្បិចស្នេហ៍ប្រុសព្រានពីតួអង្គទាំងពីរគូ នឹងបង្ហាញមកជាមួយនឹងឈុតឆាក ចំណោទបញ្ហាជាច្រើនទៀត ដែលនឹងធ្វើឲ្យទស្សនិកជន តាមដានយ៉ាងជក់ចិត្ត។ ទាំងអស់នេះ មាននៅក្នុងរឿង «លោកប្តី ៣៦៥ ថ្ងៃ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៧ យប់ តទៅ៕
សូមទស្សនាវីដេអូសាច់រឿងដូចខាងក្រោម៖
ដោយ៖ សិរីរដ្ឋ