© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជន ដែលនិយមតាមដានទស្សនាខ្សែភាពយន្តភាគថៃកន្លងមក នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន តែងតែទន្ទឹងរង់ចាំការនាំយកនូវរឿងភាគល្អជាបន្តបន្ទាប់ទៀត។ ក្នុងនោះ រឿងភាគថៃថ្មីដែលកំពុងតែចាក់ផ្សាយទើបតែបានប៉ុន្មានភាគដំបូងនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗ។
«កូនប្រុសបេះដូងពេជ្រ» ខ្សែភាពយន្តភាពយន្តភាគថៃថ្មីដែលមិនត្រឹមតែបង្ហាញពីឈុតឆាកស្នេហា កំប្លុកកំប្លែងប៉ុណ្ណោះទេ ថែមទាំងលាយឡំពីបទពិសោធន៍ និងការតស៊ូរបស់ក្មេងប្រុសក្នុងសង្គមអាណាធិបតេយ្យម្នាក់ផងដែរ។ តួអង្គ ពេជ្រ គឺជាក្មេងប្រុសដែលមានចិត្តអំនត់ ចេះជួយយកអាសារអ្នកជិតខាង និងជាមនុស្សល្អ ចិត្តស្មោះត្រង់។ ដោយសារតែក្នុងសង្គមគ្រួសារ មានឪពុកជាអ្នកញៀនស្រា កំព្រាម្តាយ មានជីដូនចាស់ជរា និងប្អូនស្រីម្នាក់ផងនោះ ពេជ្រសម្រេចចិត្តឈប់រៀន។
គេបានទៅធ្វើការសុីឈ្នួលគ្រប់ការងារសុច្ចរិតទៀងត្រង់ មិនប៉ះពាល់ប្រយោជន៍អ្នកដទៃ រហូតដល់ថ្ងៃមួយគេក្លាយជាជាងនៅក្នុងយានដ្ឋាន។ ជីវិតដែលជួបតែបញ្ហា ឧបសគ្គមិនចេះមិនចេះហើយ ប៉ុន្តែវាមិនបានធ្វើឲ្យពេជ្រអស់កម្លាំងចិត្ត នឹងបន្តដំណើរទៅរកគោលដៅនៃជីវិតឡើយ។ ដោយសារតែភាពស្មោះត្រង់ និងសមត្ថភាពនៃការខំប្រឹងប្រែង ពេជ្រក៏ចេះតែធ្វើឲ្យជីវិតរបស់គេល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ចុងក្រោយ អ្វីៗសឹងតែមិនគួរឲ្យជឿ ពីកម្មករយានដ្ឋានដ៏កម្សត់ម្នាក់ ក្លាយមកជាអ្នកជំនួញវ័យក្មេង រូបសង្ហា គួរជាទីចាប់អារម្មណ៍ពីស្រីៗផងទាំងពួង។ លីន គឺជាមនុស្សស្រីដែលមានសន្តានចិត្តល្អ ហើយក៏ជាកម្លាំងចិត្តឲ្យពេជ្រងើបតស៊ូ មានជីវិតជោគជ័យផងដែរ។
តើតួអង្គ កម្លោះពេជ្រម្នាក់នេះ ជួបនឹងឧបសគ្គអ្វីខ្លះ ទម្រាំរូបគេអាចហែលឆ្លងនូវបញ្ហាក្នុងជីវិតឈានដល់តំណែងអ្នកជំនួញវ័យក្មេងបែបនេះ? ដើម្បីចង់ដឹងថា តើសាច់រឿង មានឈុតឆាកល្អមើលយ៉ាងណានោះ សូមតាមដានទស្សនានៅក្នុងរឿង «កូនប្រុសបេះដូងពេជ្រ» ដែលមានផ្សាយជូនទស្សនាពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ