© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2021
ខណៈខែកុម្ភៈ ជាខែដែលគេនិយមហៅខែនៃក្តីស្រលាញ់កាន់តែខិតជិតមកដល់ ស្ថានីយទូរទស្សន៍ ភីអិនអិន កាលពីចុងសប្តាហ៍កន្លងទៅនេះ បានពាំនាំអំណោយជាសម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ មានទាំងម៉ូតូ និងថវិកាមួយចំនួនផងនោះ ទៅផ្តល់ជូនមជ្ឈមណ្ឌលកុមារកំព្រាមួយកន្លែង ដើម្បីបង្ហាញក្តីស្រលាញ់ ការយកចិត្តទុកដាក់និងបង្កើនភាពស្និតស្នាលជាមួយកុមារឲ្យកាន់តែច្រើន។ សកម្មភាពសប្បាយជាច្រើនត្រូវបានក្រុមការងារ
កម្មវិធី « គ្រួសាររីករាយ »
រៀបចំឡើងសម្រាប់កុមារទាំងអស់ ក្នុងនោះល្បែងកម្សាន្តជាច្រើនមុខដែលអាចបង្ហាញពីភាពឆ្លាតវៃរបស់កុមារបានញ៉ាំងឲ្យកម្មវិធីនេះកាន់តែសប្បាយរីករាយ។ ស្ថិតក្នុងរបាំងមុខចម្រុះពណ៌ ចម្រុះរូបភាព កុមារគ្រប់រូបពិតជាទទួលបានភាពសប្បាយរីករាយជាខ្លាំង ក្រោមស្នាដៃពិធីករ ពិធីការនីស្រស់សង្ហារ របស់ ភីអិនអិន។
ជានិច្ចកាលស្ថានីយ៍ទូរទស្សន៍ ភីអិនអិន មិនត្រឹមតែយកចិត្តទុកដាក់ក្នុងការជម្រុញភាពយន្តខ្មែរ តាមរយៈការចាយទន់រាប់សែនដុល្លារដល់ផលិតកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែ ភីអិនអិន តែងយកចិត្តទុកដាក់ដល់ការងារសង្គមដូចគ្នា តួយ៉ាងគេតែងឃើញវត្តមាន ថ្នាក់ដឹកនាំស្ថានីយ៍ទូរទស្សន៍ដ៏ទំនើបមួយនេះ ដឹកនាំបុគ្គលិកចុះទៅតាមទីតាំងផ្សេងៗគ្នាដែលមានការខ្វះខាត និងកំពុងត្រូវការជំនួយ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធី « គ្រួសាររីករាយ » និងកម្មវិធី « Family Fued »នៃស្ថានីយទូរទស្សន៍ ភីអិនអិន ក៏បានបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យកុមារគ្រប់រូបបានបង្ហាញពីទេព្យកោសល្យ និងសមត្ថភាពដែលពួកគេមានផងដែរ៕
ដោយ៖ រ៉ាត់ ចាន់ធីតា