© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃមួយរឿងទៀត ដែលនឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជនបន្តពីរឿង« ភ្លើងស្នេហ៍ភ្លើងច្រណែន»នោះ គឺរឿង «កូនក្រមុំខ្ញុំចារនារី»។ ជាមួយនឹង វត្តមាននៃរឿងភាគថៃមួយនេះដែរ គឺពិតជាធ្វើឲ្យអ្នកតាមដានទស្សនាជក់ចិត្តជាមួយនឹងឈុតឆាកកំប្លែងជាច្រើន ពីតួអង្គក្មេងស្រី ក្រមិចក្រមើម ឆក់យកបេះដូងប៉ូលីសកំលោះសង្ហាម្នាក់ផងដែរ។
ជាសាច់រឿងមួយ ដែលមានលក្ខណៈស្នេហាបែបកំប្លុកកំប្លែង រៀបរាប់បង្ហាញពីជីវិតក្មេងស្រីម្នាក់ ដែលកើតក្នុងគ្រួសារខ្វះការអប់រំ ។ សួម គឺជាក្មេងស្រីម្នាក់ដែលមានសំណាងអាក្រក់ កើតមកក្នុងត្រកូលក្រីក្រ បែបអាណាធិបតេយ្យ ហើយនាងតែងតែត្រូវបានក្រុមប៉ូលីសចាប់ទៅឃុំខ្លួនជាច្រើនដង។ ទោះជាយ៉ាងណា សួម ក៏មិនដែលភ្លេចការសិក្សារបស់នាងផងដែរ នាងតែងតែសន្សំប្រាក់ដើម្បីទៅបង់សាលានាងជារឿយៗ។ ពេលវេលាធំដឹងក្តីមកដល់ សួមធំឡើងជាមួយនឹងរូបសស្រស់ស្អាត ដែលអាចជួយឲ្យនាងមានជីវិតល្អប្រសើរឡើងវិញបាន។
ដារ៉ុត ដែលជាកំលោះរូបសង្ហាម្នាក់ បានផ្លាស់តួនាទីមកកាន់តែដំណែងជាស្នងការរងនៅតំបន់ដែលសួមរស់នៅ។ ពួកគេទាំងពីរនាក់ក៏បានជួបគ្នា ហើយរ៉ុតបានជួយសួមគ្រប់រឿងដែលកើតឡើងពីការចោទប្រកាន់មិនពិត។ មេបញ្ជាការរងម្នាក់ គឺលោក តង ដែលប៉ូលីសម្ងាត់ កំពុងតែតាមដានពីការរកសុីខុសច្បាប់របស់ហៅកែ ឈ្មោះ សៀហា ។ គាប់ជួនជាពេលនោះ គាត់ក៏បានពឹងពាក់ឲ្យសួមធ្វើជាអ្នកសើបអង្កេតឲ្យគាត់ ដោយឲ្យនាងចូលទៅកៀក ដារ៉ុតកាន់តែខ្លាំង។
ដោយសារតែ ឪពុករបស់ដារ៉ុត ក៏ជាផ្នែកមួយនៃការរកសុីរបស់សៀហាផងដែរ។ ខណៈពេលដែលសួមធ្វើការឲ្យលោកតង នាងបានជួបនូវរឿងអាក្រក់ជាច្រើន ទាំងការមើលងាយ ទាំងការធ្វើបាប ប៉ុន្តែនាងជាមនុស្សស្រីឆ្លាត អាចដោះខ្លួនគ្រប់កាលៈទេសៈ ។ ដោយមើលឃើញបែបនេះ ដារ៉ុត មានចិត្តអាណិតសួមជាក្មេងស្រីកម្សត់ ក៏យកខ្លួនធានាអះអាងថា ខ្លួននិងជិតរៀបការជាមួយនឹងសួមហើយ។ ចុងក្រោយ សួមក៏បានជួយការងារលោកតងបានសម្រេច ហើយវែកមុខរកជនអាក្រក់ ជូនប៉ូលីសទៀតផង ។ ស្នេហារបស់ក្មេងស្រីកម្សត់ ក៏បានជួបគ្នាដោយជោគជ័យជាមួយនឹងប៉ូលីសរូបសង្ហារបស់យើង។
ដើម្បីចង់ដឹងថា តើនាងសួម បានឆ្លងកាត់នូវរឿងអ្វីខ្លះ នៅពេលដែលចូលខ្លួនជាចារនារីឲ្យលោកតងម្នាក់នេះ? ហើយស្នេហារបស់នាង អាចជួយឲ្យនាងមានជីវិតល្អប្រសើរជាងនេះដែរឬយ៉ាងណា? ទាំងអស់នេះ សូមទស្សនិកជនរង់ចាំទស្សនានៅក្នុងឈុតឆាកនៃរឿង «កូនក្រមុំខ្ញុំចារនារី »មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២០ ។ ម៉ោងចាក់ផ្សាយទូទៅ គឺចាប់ពីថ្ងៃចន្ទ ដល់ពុធ នៅវេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ