© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងរ៉ាវ ស្នេហាប្តីប្រពន្ធបស់តួអង្គ វិជ្ជបុត្រ និងមារតី នៅក្នុងរឿង «កាំបិតមុខពីរ» ទើបតែបានបញ្ចប់ទៅ ដោយទំនាក់ទំនងរបស់គេវិលត្រឡប់មកជាល្អូកល្អើនជាមួយគ្នាវិញ។ បន្ទាប់ពីនោះមក ជាវគ្គដែលបង្វែរចំណាប់អារម្មណ៍ទស្សនិកជនមកចាប់អារម្មណ៍នឹងជីវិតរបស់អតីតស្រីកំណាន់វិជ្ជបុត្រ គឺនីតាវិញម្តង។ ទោះបីជាវិជ្ជបុត្រ និងនីតា មានទំនាក់ទំនងជាមួយគ្នាម្តងទៀត ក៏ប៉ុន្តែវាគ្រាន់តែជាមិត្តភាពដូចជាមិត្តភក្តិតែប៉ុណ្ណោះ។
តួអង្គ នាយវិសុទ្ធ ដែលជាប្អូនប្រុសមិត្តភក្តិរបស់វិជ្ជបុត្រ បានបាក់ចិត្តលង់ស្រឡាញ់ នីតា បន្ទាប់ពីពួកគេជួបគ្នាដោយចៃដន្យ ប៉ុន្តែនីតាហាក់ដូចជា មិនទាន់បើកបេះដូងទទួលយក វិសុទ្ធនៅឡើយទេ។ ដោយដឹងថា នីតា នាងកំពុងតែមានមនុស្សប្រុសម្នាក់ទៀតស្រឡាញ់ ហើយមនុស្សប្រុសម្នាក់នោះ ក៏ត្រូវជាប្អូនប្រុសរបស់មិត្តភក្តិខ្លួនទៀតនោះ វិជ្ជបុត្រ ក៏មិនអស់ចិត្ត ចង់ឃើញនីតា មានអនាគតថ្មី មិនចង់នៅតែលតោលបែបនេះ ក៏សម្រេចចិត្តទៅនិយាយលួងលោមនាង ឲ្យព្រមទទួលយកវិសុទ្ធ។ ពេលនោះហើយ ដែលរបួសចាស់របស់មារតី ហាក់ដូចជា រើឡើងបន្តិចម្តងៗ ក្រោយពីលួចតាមដានដឹងថា វិជ្ជបុត្រស្កាត់ទៅជួបនីតាដល់ហាង។ ក្រោយពីនោះមក វិជ្ជបុត្រក៏បានដឹងថា មារតីមានចិត្តខឹងនឹងខ្លួន ក៏ព្យាយាមលួងលោមប្រពន្ធឡើងវិញ។
ដើម្បីបំភ្លេចវិជ្ជបុត្រឲ្យបាន និងសាងអនាគតថ្មី តើនីតាព្រមប្រគល់បេះដូងទៅឲ្យវិសុទ្ធដែលជាមនុស្សប្រុសទីពីរដែរឬយ៉ាងណា? ហើយមារី នឹងគិតបែបណា បើវិជ្ជបុត្រ នឹងតែបន្តទំនាក់ទំនងជាមិត្តជាមួយនឹងនីតា? ទាំងអស់នេះ នឹងបកស្រាយនៅក្នុងរឿង កាំបិតមុខពីរ ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម ៖
ដោយ៖ សិរីរដ្ឋ