© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាពយន្តភាគខ្មែរ «អ្នកទីបី »កំពុងតែបង្ហាញពីខ្សែជីវិតក្មេងស្រីម្នាក់ ចុះប្រឡូកចូលក្នុងវិថីសិល្បៈ ហើយនាងក៏បានផុងខ្លួនចូលទៅក្នុងអន្ទាក់ព្រាននារី គឺ នាយ វឌ្ឍនៈ។ ចេនី ដែលទើបតែឡើងគ្រងតំណែងជាតួឯកស្រី នៅក្នុងក្រុមហ៊ុន នាងក៏ទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង ។ យ៉ាងណាមិញ ទំនាក់ទំនងរបស់ចេនី និងលោកប្រធាន វឌ្ឍនៈ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែក្តៅឡើងៗ។ គ្រប់យ៉ាងដែល វឌ្ឍនៈប្រគល់ទៅឲ្យចេនី វាគ្រាន់តែជាឆាកល្ខោន កំដរការអផ្សុកគេតែប៉ុណ្ណោះ ប៉ុន្តែងាកទៅចេនីឯណោះវិញ វាកំពុងតែគិតថា ស្នេហាមួយនេះគឺចេញពីចិត្ត និងមានក្តីរំពឹងថានឹងរៀបការជាមួយគ្នា។
ដូចជាពាក្យគេនិយាយ ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ សត្វហើរលើមេឃគង់គេបាញ់ធ្លាក់ដល់ដី ស្នេហាលួចលាក់ប៉ុនណា គង់គេនឹងដឹងថ្ងៃណាមួយ។ ចេនី នឹងត្រូវប្រឈមមុខជាមួយនឹងប្រពន្ធរបស់លោក វឌ្ឍនៈ នៅពេលដែលនាងបានវិលត្រឡប់មកពីបរទេសវិញ។ ដូចកាលពីវគ្គមុន ដែលទស្សនិកជនបានទស្សនារួចមកហើយ ពីសាច់រឿង ស្នេហារវាង ចេនី និងលោកវឌ្ឍនៈ ដែលពេលនោះ ចេចនីបានស្លុងចិត្តជឿទៅលើបុរសព្រាននារីរូបនេះអស់ពីចិត្ត។
ក្រោយពីទំនាក់ទំនងកាន់តែស្អិតរមួតនោះ ចេនីក៏សុំអង្វរឲ្យវឌ្ឍនៈចូលស្តីដណ្តឹងនាង ប៉ុន្តែអ្វីដែលនាងទទួលបានមកវិញ គឺការបដិសេធ។ វឌ្ឍនៈ បានយកលេសដោះសារ ដោយមិនចង់បង្ហាញពីទំនាក់ទំនងស្នេហារវាងនាង និងគេ ជាផ្លូវការឡើយ ព្រោះខ្លាចប៉ះពាល់ដល់មុខមាត់របស់ចេនី ដែលកំពុងតែល្បីនៅក្នុងវិថីសិល្បៈ ។ ហេតុផលនៅពីក្រោយ គឺដោយសារតែវឌ្ឍនៈមានប្រពន្ធកូនរួចទៅហើយ ហើយពេលនេះ ក៏ជាពេលដែលចេនី នឹងត្រូវប្រឈមមុខគ្រប់រឿងជាមួយប្រពន្ធវឌ្ឍនៈវិញម្តង។
តើចេនី សុខចិត្តលះបង់វឌ្ឍនៈឲ្យទៅប្រពន្ធគេដោយងាយៗនោះទេ? ហើយសាច់រឿង ស្នេហាត្រីកោណមួយនេះ នឹងទៅជាយ៉ាងណា ? ដើម្បីចង់ដឹងថា តួអង្គ ចេននី សម្រេចចិត្តធ្វើអញវីបន្ត ក្រោយដឹងថា ខ្លួនកំពុងតែក្លាយជាស្រីកំណាន់គេបែបនេះនោះ? សូមរង់ចាំទស្សនានៅក្នុងរឿង« អ្នកទីបី» មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ