© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តួអង្គ ក្មេងស្រី ណាវី ដែលទើបតែចាកចេញពីខេត្តកោះកុង ទឹកដីនៃស្រុកកំណើតរបស់នាង នៅក្នុងរឿង« អ្នកទីបី »កំពុងតែអង្រួនអារម្មណ៍ទស្សនិកជនចង់តាមដាន និងចង់ដឹងថា តើក្មេងស្រីម្នាក់នេះ ពិតជាអាចសម្រេចបំណងប្រាថ្នាក្តីស្រម៉ៃជាតារាម៉ូដែលបាន ដែរឬយ៉ាងណា?
កន្លងផុតជាច្រើនថ្ងៃ ដែលណាវីបានលាឪពុកម្តាយមករស់នៅភ្នំពេញ ដោយសារមូលហេតុ បន្តការសិក្សា ប៉ុន្តែការពិតនាងមិនដែលមានចិត្តចង់រៀនសូត្របន្តិចណាឡើយ។ ក្នុងចិត្ត គិតតែពីរឿង ធ្វើយ៉ាងណាឲ្យជីវិតដែលធ្លាប់តែសាមញ្ញ ប្រែក្លាយជាជីវិតមួយប្រៀបដូចជាហង្សនៅក្នុងវិថីសិល្បៈយ៉ាងដូច្នោះដែរ។
ជានិស្ស័យ ដែលបណ្តាលឲ្យណាវី បានជួបជាមួយមិត្តភក្តិចាស់ម្នាក់ ដែលធ្លាប់រៀនជាមួយគ្នា ហើយអ្វីដែលកាន់តែធ្វើឲ្យណាវី មានអារម្មណ៍រំភើបរីករាយស្មានមិនដល់នោះ គឺមិត្តភក្តិរបស់នាង ធ្វើការជាអ្នកឌីហ្សាញរូបភាពម៉ូដែល ក្នុងផលិតកម្មមួយ។ ដោយសារតែចិត្តកំពុងតែមានបំណងប្រាថ្នា ចង់ក្លាយជាតារាក្នុងវិស័យសិល្បៈស្រាប់ផងនោះ ណាវីក៏ត្រូវបាន មិត្តភក្តិនាងណែនាំនាងឲ្យចូលក្នុងក្លិបម៉ូដែល ដើម្បីហ្វឹកហាត់ខ្លួនឡើងទៅចូលរួមការប្រកួតនៅលើឆាក។
បន្ទាប់ពីមានការណែនាំឲ្យស្គាល់ជាមួយនឹងគ្រូបង្រៀនដើរម៉ូតរួចមក ណាវីបានខិតខំប្រឹងប្រែងរៀនសូត្រ ប៉ុន្តែអ្វីដែលធ្វើឲ្យឪពុកម្តាយនាងខកចិត្តដោយមិនដឹងខ្លួននោះ គឺនាងបានភ្លេចអស់ការសិក្សា និងលែងយកចិត្តទុកដាក់ទៀតហើយ។ នៅក្នុងពេលដែលណាវី សិក្សា រៀនសូត្រពីរបៀបនៃការដើរម៉ូត នាងបានជួបជាមួយមនុស្សជាច្រើន ដែលអ្នកខ្លះ មានទាំងការច្រណែន និងអាណិតស្រឡាញ់ ប៉ុន្តែនាងនៅតែជម្នះនូវរឿងរ៉ាវអស់ទាំងនោះឱ្យបាន។
តើជីវិតរបស់ណាវី នឹងឆ្លងកាត់ឧសបគ្គអ្វីខ្លះបន្តទៀត ហើយតើនាងពិតជាសម្រេចក្តីស្រម៉ៃមួយនេះបានដែរឬយ៉ាងណា? សូមរង់ចាំទស្សនាសាច់រឿងនភភាគបន្ទាប់ៗ ក្នុងរឿង «អ្នកទីបី» ដែលមានផ្សាយជូនទស្សនាលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនា វីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ