© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាពយន្តភាគខ្មែរ ដែលនឹងចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជន នៅដើមខែកក្កដា បន្តទៀតនេះ គឺសាច់រឿង បែបអប់រំ ដែលឆ្លុះបញ្ចាំងពីតថភាពពិតនៅក្នុងសង្គមសម្ភារនិយមមួយ។ «អ្នកទីបី» ជាខ្សែភាពយន្តខ្មែរ ល្អមើល បង្ហាញឡើងពី ភាពភ្លើនភ្លើន មហិច្ឆតាខ្លាំង ដែលធ្វើឲ្យខ្លួនធ្លាក់ទៅក្នុងផ្លូវខុសដោយមិនដឹងខ្លួន។ ជាមួយគ្នានេះដែរ តួអង្គសំខាន់ជាងគេនៅក្នុងរឿង អ្នកទីបីនេះដែរ គឺកញ្ញា ស៊ឹម ស្រីមុំ ដែលកញ្ញា សម្តែងជាតួអង្គ ក្មេងស្រី ឈ្មោះ ណាវី ។
នៅក្នុងអារម្មណ៍ផ្ទាល់ ដែលកញ្ញា ដើរតួសម្តែងជាតួអង្គស្រី កំណាន់ លួចលាក់ជាមួយបុរស មានប្រពន្ធកូននេះ គឺគ្រាន់តែជាការសម្តែង ដើម្បីផ្តល់ជាការចែករំលែកទៅដល់អ្នកទស្សនា ចាត់ទុកជាបទពិសោធន៍ និងការអប់រំតែប៉ុណ្ណោះ។ ក្នុងនោះដែរ ស្រីមុំ ក៏បានបន្ថែមទៀតដែរថា ជាការពិតណាស់ គ្មានអ្នកណាម្នាក់ ចង់ក្លាយជាអ្នកទីបីទេ ពីព្រោះថា នៅពេលដែលគេដឹងថា យើងយកប្តីគេ គេមានតែពាក្យថា មើលងាយ តិះដៀល ជេរ ប្រមាថ និងឲ្យតម្លៃទាបបំផុត។
នៅក្នុងទឹកមុខ រៀបរាប់ទាំងអួលដើមករ កញ្ញា ស្រីមុំ បាន លើកឡើងពីលទ្ធផល នៅក្នុងសាច់រឿងដែលនាងដើរតួសម្តែងជា តួអង្គ ស្រីប្តីគេ ដែលចុងក្រោយ នឹងធ្វើឲ្យជីវិតយើងជួបតែបញ្ហា ហើយផ្តល់ផលលំបាកដល់អ្នកដទៃថែមទៀតផង។ យើងពិបាកមែនទែន ដែលធ្វើជាអ្នកទីបី ឈ្មោះថាអ្នកទីបី អ្នកណាឃើញ ក៏គេស្អប់ដែរ ទៅណាមកណា គ្រាន់តែគេដឹងថា យើងយកប្តីគេ គេជេរយើង គេដៀល ប៉ុន្តែគេមានសួរយើងអត់ ថាយើងចង់ធ្វើចឹងអត់ មនុស្សគ្រប់គ្នា គ្មានអ្នកណា ចង់ធ្វើជាអ្នកទីបីទេ ។ ប៉ុន្មានឃ្លា ដ៏មានអត្ថន័យ របស់ តួឯកស្រី កញ្ញា ស្រីមុំ ដែលរៀបរាប់ចេញពីអារម្មណ៍ពិតរបស់កញ្ញាតែម្តង។
ដើម្បីចង់ដឹងថា តើការសម្តែងរបស់ កញ្ញា ស្រីមុំ ល្អមើលយ៉ាងណា ហើយតើជីវិត ជាតួអង្គដែលកញ្ញា សម្តែងនោះ ជួបនឹងបញ្ហា ឧសបគ្គ រឿងរ៉ាវអ្វីខ្លះ សូមរង់ចាំទស្សនា នៅក្នុងរឿង «អ្នកទីបី» ដែលនឹងផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២០ វេលាម៉ោង ០៨ យប់។ ម៉ោងចាក់ផ្សាយទូទៅ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖ សិរីរដ្ឋ