© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្ថានីយទូរទស្សន៍ ភីអិនអិន បានបញ្ចេញចំណងជើងភាពយន្តភាគថ្មីមួយខ្សែ ដែលត្រៀមនឹងចាក់ផ្សាយនាថ្ងៃទី០៣ ខែកក្កដា សប្តាហ៍ក្រោយនេះឈ្មោះថា «អ្នកទីបី»។រឿងភាគខ្មែរដែលបង្កប់នូវការអប់រំជីវិត ផ្តោតសំដៅអំពើផិតក្បត់នៃបុរសក្នុងសង្គមស៊ីវិល័យ ក៏ដូចជាភាពងាយរងគ្រោះរបស់ស្ត្រីវ័យក្មេងៗ ដែលទើបចូលប្រឡូកក្នុងពិភពសិល្បៈសម័យ នឹងក្លាយជាសារទូន្មាននិងមានតម្លៃសម្រាប់អ្នកទស្សនាពិសេសយុវវ័យ។ ភាពយន្តភាគរឿង «អ្នកទីបី» បានបង្ហាញអំពីល្បិចល្បងល្បួងស្នេហ៍បោកបញ្ឆោតបំផ្លាញអនាគតនារីវ័យក្មេង និងការប្រើអន្ទាក់លាភសក្ការៈលុយកាក់ គំនិតភ្លើតភ្លើនសម្ភារៈនិយមចង់ឈ្នះចាញ់ ដែលសុទ្ធសឹងជាពុទ្ធិដ៏មានតម្លៃសម្រាប់ព្រមានឱ្យមានការគ្រប់គ្រងខ្លួនឯងឡើងវិញក្នុងចំណោមបុរសនិងនារី ខណៈបញ្ហាស្នេហាត្រីកោណនិងការបណ្តាក់ទុនរឿងបេះដូង ប្តូរយកឱកាស ឋានៈលុយកាក់ នៅតែពុះកញ្ជ្រោលក្នុងសង្គមខ្មែរបច្ចុប្បន្ន។
កញ្ញា ទូច បុប្ផា អ្នកគ្រប់គ្រងកម្មវិធីផ្សាយនៅទូរទស្សន៍ ភីអិនអិន មានប្រសាសន៍ពន្យល់ថា ស្ទើរតែ៨០ភាគរយនៃទិដ្ឋភាពក្នុងរឿង «អ្នកទីបី» ប្រមូលចេញមកពីការសិក្សាលើសង្គមពិតៗ ពិសេសក្នុងវិស័យសិល្បៈដែលយុវនារីវ័យក្មេងស្រស់ស្អាតជាច្រើនបានក្លាយជាចំណុចរសើបនៃការល្បួងលួងលោមដោយក្លាយជាជនរងគ្រោះនៅពេលក្រោយមក។ «អ្នកទីបី» នឹងដាស់អារម្មណ៍យុវនារីដែលមានរូបឆោមនិងទេពកោសល្យសិល្បៈឱ្យគិតសារជាថ្មីអំពីការត្រៀមលក្ខណៈគ្រប់គ្រងលើផ្នត់គំនិតចង់ឈ្នះចាញ់រហូតភ្លើតភ្លើនបាត់បង់តម្លៃវិជ្ជាជីវៈក្លាយជាអ្នករងគ្រោះព្រោះក្រញាំព្រានដែលមានលុយនិងមានអំណាចក្នុងដៃ។
តារាស្រីស្រស់ស្អាតបីរូបដែលបានរួមគ្នាសម្តែងយ៉ាងល្អពិសេសក្នុងផ្ទៃរឿងសរុប៤០ភាគ គឺកញ្ញា ស៊ីម ស្រីមុំ កញ្ញា ស៊ីធឿន និងកញ្ញា សាយ ចាន់រាសី ដែលសុទ្ធសឹងតែមានរូបឆោមស្រស់ផូរផង់ព្រមទាំងបញ្ចេញអស់សមត្ថភាពក្នុងការសម្តែងបែបអប់រំជីវិតដ៏ស៊ីជម្រៅមួយនេះ។
ជាមួយនោះដែរ លោក លឹម ជាឡាយ ដែលសម្តែងជាតួអង្គឧត្តមស្វាមី ហើយចុងក្រោយនៅតែត្រូវបែកបាក់ភរិយាល្អគាប់ចិត្ត ព្រោះចាញ់ការទាក់ទាញនៃសង្គមឆើតឆាយនិងអន្ទាក់ស្នេហ៍ពីនារីដែលខូចចិត្តរឿងអតីតកាល បានអះអាងថា នេះជាប្រភេទរឿងអប់រំជីវិតគ្រួសារ ដ៏ល្អមួយក្នុងចំណោមរឿងដែលលោកធ្លាប់សម្តែង។
«ខ្ញុំមានភរិយាល្អ តែបែរជាមកផុងខ្លួនជាមួយនារីតារាសម្តែងម្នាក់ ដែលនាងធ្លាប់មានប្រវត្តិត្រូវព្រាននៅទីក្រុងបោកប្រាស់! នាងខូចចិត្តក៏បែរជាមកកកូរបំផ្លាញគ្រួសារដ៏ល្អរបស់ខ្ញុំបន្តដោយប្រើល្បិចគ្រប់បែបយ៉ាង! នេះហើយជាវិនាសកម្មជីវិតដែលបង្ករឡើងដោយមានអ្នកទីបី ទាំងដែលយើងធ្លាប់គិតថា គ្រួសារយើងមានចំណងរឹងមាំតែពេលខ្លះយើងនៅតែមិនអាចគ្រប់គ្រងខ្លួនឯងបាន រហូតដល់ថ្លោះធ្លោយ! ខ្ញុំយល់ថាគ្រប់គ្នាគួរបានទស្សនារឿង អ្នកទីបី នេះដែលពិតជាបង្កប់នូវពុទ្ធិជាច្រើន។»
តារាប្រុសមួយរូបទៀតដែលដើរតួជាចាងហ្វាងផលិតកម្មចិត្តព្រាន គឺលោក ភុល សុវ ណ្ណដានី បានរំលឹកដែរថា ការសម្តែងក្នុងរឿងភាគថ្មីនេះ លោកមានចរិតលាក់ពុតដែលនិយមទុកមនុស្សស្រីក្នុងវិស័យនេះថាជាចំណីសម្រាប់កម្សាន្តហើយប្រើប្រាស់ស្នេហាបែបល្បួងបញ្ឆោតមិនទទួលខុសត្រូវក្នុងរូបភាពមាត់ផ្សឹងចិត្តផ្សេង។ លោក ទទួលស្គាល់ថា អត្តចរិតនានាដែលអ្នកនិពន្ធបានបង្កើតឡើងក្នុងផ្ទៃរឿងទាំងមូលពិតជាស៊ីគ្នានឹង ជីវិតពិតដែលមនុស្សភាគច្រើនធ្លាប់បានដឹងឮរួចមកហើយ ហើយតារារូបនេះចាត់ថានេះជាភាពយន្តក្រើនរំលឹកដ៏ល្អមួយលើផ្នែកសីលធម៌សង្គមរស់នៅនិងក្រមសីលធម៌វិជ្ជាជីវៈដែលគ្រប់គ្នាគួរតែបានទស្សនា។
អ្នកនិពន្ធ ម៉ីសន សុធារី ដែលជាទីប្រឹក្សាផ្នែកឃោសនាឱ្យភាពយន្តនេះ បានប្រាប់ឱ្យដឹងដែរថា ភាគច្រើន ចលនារឿងក្នុងភាគនិមួយៗ បង្ហាញចេញពីទិដ្ឋភាព ស្រដៀងរឿងរ៉ាវជាច្រើនដែលយើងធ្លាប់ឮនិងធ្លាប់ដឹងក្នុងជីវិតពិត ធ្លាប់កើតមានក្នុងសង្គមសិល្បៈមិនថានៅកម្ពុជាឬប្រទេសដទៃ ដែលចុងក្រោយអ្នករងគ្រោះនៃបញ្ហា «អ្នកទីបី» គឺគ្រប់ភាគី។ភាពយន្តភាគ រឿង «អ្នកទីបី» ដឹកនាំផលិតដោយលោក លៀក លីណា នៃផលិតកម្មLD និងមានអ្នកនិពន្ធ ឆាយ សុមាលី អ្នកដឹកនាំរឿងពីររូប គឺលោក មង្គល និង លោក ស៊ីណាន ដែល ភីអិនអិន នឹងចាប់ផ្តើមចាក់ផ្សាយភាគដំបូង ថ្ងៃសុក្រទី០៣ ខែកក្កដា ឆ្នាំ២០២០នេះតទៅ ពីថ្ងៃចន្ទ ដល់សុក្រ នៅវេលាម៉ោង៨ដល់ម៉ោង៩យប់។
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖ Rubby