© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្ថានីយទូរទស្សន៍ ភីអិនអិន រៀបចំពិធីក្រុងពាលីភាពយន្តភាគថ្មីរបស់ខ្លួនរឿង «ពណ៌ជីវិត »នាថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២០ ដោយសហការរៀបចំផលិតពីផលិតកម្ម PR Production សម្រិតសម្រាំងយកគុណភាពរឿងជាចម្បង។
តាមរយៈការផ្តើមគំនិតចងក្រងនិពន្ធ និងផលិតខ្សែភាពយន្តភាគខ្មែរនេះឡើង គឺដើម្បី បំពេញតម្រូវការទីផ្សារភាពយន្តសម្រាប់អ្នកគាំទ្រអោយកាន់តែសម្បូរបែប។ ទស្សនិកជនប្រាកដជាភ្ញាក់ផ្អើលជាមួយនឹងវត្តមានតារាសម្តែងស្រីថ្មីសម្រាប់រឿងភាគរបស់ភីអិនអិនគឺ អ្នកនាង សិទ្ធី និកា។
អ្នកនាង សិទ្ធី នីកា ( តួឯកស្រី )
លោក វ៉ៃ ហាំង និងតួឯកស្រី រួមទាំងតារាសម្តែងក្នុងរឿង
បើតាមការឲ្យដឹងពីផលិតករ តារាសម្តែងស្រីស្រស់សោភា សិទ្ធី នីកា ត្រូវបានចាប់តួសម្តែងជាមួយនឹងលោក វ៉ៃហាំង ដែលជាតារាឈានមុខប្រចាំឲ្យស្ថានីយទូរទស្សន៍ភីអិនអិនតែម្តង។ ខុសពីខ្សែភាពយន្តមុនៗ ដែលភាគច្រើនគេសង្កេតឃើញ វ៉ៃហាំង ចាប់ដៃគូសម្ដែងជាមួយកញ្ញា យូប៊ីន លើកនេះទស្សនិជកជននឹងប្លែកអារម្មណ៍ដោយផលិតករបានសម្រេចធ្វើការប្តូរដៃគូសម្ដែងរបស់តារាប្រុសរូបនេះ។ បន្ថែមពីនេះទៀតរឿង «ពណ៌ជីវិត »ក៏ជាសាច់រឿងបង្ហាញពីតថភាពនៃការរស់នៅ ទំនាក់ទំនងការងារ ស្នេហា មនោសញ្ចេតនា ដែលញុំាងឲ្យអ្នកទស្សនាបានយល់កាន់តែច្បាស់ថា តើជីវិតត្រូវបត់បែនតាមរបៀបណា ហើយរឿងរ៉ាវអ្វីខ្លះដែលខ្លួនត្រូវជួបប្រទះ។ តួយ៉ាង ដូចជា លោក វ៉ៃហាំង និង អ្នកនាង សិទ្ធី នីកា ដែលជាតួអង្គធំក្នុងរឿង ហើយត្រូវប្រឈមមុខនឹងការទទួលខុសត្រូវក្នុងជីវិតដ៏ច្រើន។
កញ្ញា ទូច បុប្ផា ប្រធានផ្នែកកម្មវិធីផ្សាយរបស់ភីអិនអិនបានលើកឡើង “ចំពោះខ្សែភាពយន្តភាគរឿង« ពណ៌ជីវិត» ឆ្លុះបញ្ចាំងគ្រប់រសជាតិនៃជីវិត និងការងារ ភាពអាត្មានិយម ប្រើប្រាស់មនោសញ្ចេតនាមិត្តភាព ព្រមទាំងបានបង្ហាញនូវគុណតម្លៃ និងភាពទទួលខុសត្រូវការងារ បន្ថែមពីនេះទៀត ក្នុងរឿងនេះទស្សនិកជននឹងឃើញនូវការសម្តែងចរិកតួអង្គថ្មីរបស់តារាសម្តែង ខាត់ វ៉ៃហាំង ដែលកន្លងមក វ៉ៃហាំង គាត់សម្តែងបែបតួអង្គសុភាពបុរស តស៊ូដើម្បីស្នេហា តែនៅក្នុងរឿងនេះគាត់ត្រូវសម្តែងជាតួអង្គក្បត់ចិត្តភរិយា ទៅលបលួចស្រលាញ់មិត្តភក្តិតួឯកស្រីវិញ យើងជឿជាក់ថា រឿង ពណ៌ជីវិត នឹងនាំមកនូវទស្សនីយភាពថ្មីប្លែកអារម្មណ៍សម្រាប់ទស្សនិកជន”។
កញ្ញា ទូច បុប្ផា
អ្នកស្រី ព្រុំ រដ្ឋា ចាងហ្វាងផលិតកម្ម PR Production មានប្រសាសន៍ថា នេះគឺជារឿងភាគទី៣របស់ផលិតកម្មអ្នកស្រីដែលបានផលិតសម្រាប់ការចាក់ផ្សាយនៅភីអិនអិន។ អ្នកស្រីបន្តថា “ដោយសារផលិតកម្ម PR ជាពិសេសគឺរូបនាងខ្ញុំផ្ទាល់ជាអ្នកស្រលាញ់សិល្បៈ ដូច្នេះហើយយើងតែងតែគិតដល់គុណភាពជាចម្បង ដើម្បីធ្វើយ៉ាងណាបំពេញចិត្តអ្នកគាំទ្រ ក៏ដើម្បីលើកកម្ពស់វិស័យភាពយន្តខ្មែរយើង នេះហើយក៏ជាមូលហេតុដែលយើងអាចបន្តផលិតដល់រឿងទី៣សម្រាប់ភីអិនអិន ដែលជាទូរទស្សន៍ទំនើបជាងគេនៅកម្ពុជា និងបានវិនិយោគទុនយ៉ាងច្រើនសម្បើមនៅក្នុវវិស័យភាពយន្តភាគខ្មែរ”។
អ្នកស្រី ព្រុំ រដ្ឋា
ក្នុងពិធីក្រុងពាលីនេះដែរ ក៏មានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រងរបស់ស្ថានីយទូរទស្សន៍ភីអិនអិន ផលិតករ អ្នកដឹកនាំភាពយន្ត និងតារាសម្តែងល្បីៗទាំងតារាជើងចាស់ និងតារាដែលទើបនឹងរះមានដូចជា លោក ជា សំណាង លោក អ៊ុន សុទ្ធា លោក វ៉ៃហាំង អ្នកនាង សិទ្ធី នីកា កញ្ញា Fah Fah លោក Summer កញ្ញា ប៉ប់ ពីរ រួមនឹងសិល្បករ សិល្បការិនី ជាច្រើនរូបទៀត។
ភីអិនអិន រំពឹង និងសង្ឃឹមយ៉ាងជឿជាក់ថា ទស្សនិកជន នឹងគាំទ្ររឿងភាគខ្មែរមួយនេះ នៅពេលចាប់ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាផ្លូវការ។ ការគាំទ្ររបស់ទស្សនិកជន គឺជាកម្លាំងចលករដ៏សំខាន់មួយដែលធ្វើឲ្យក្រុមការងារភីអិនអិន ក៏ដូចជាផលិតកម្ម និងតារាភាពយន្ត អាចបន្តនាំយក និងផលិតភាពយន្តភាគថ្មីៗបានកាន់តែមានគុណភាពខ្ពស់៕
ដោយ៖ សិរីរដ្ឋ