© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សាច់រឿងដ៏ជក់ចិត្ត ល្អមើល ស្នេហា លាយឡំនឹងសំណើចជាមួយឈុតឆាកឌឺដង ផ្លែផ្កា រឿង «កូនប្រសាបញ្ញើក្អែក »បានបញ្ចប់ពោរពេញទៅដោយអត្ថន័យ បង្ហាញពីការសិក្សា អំពី មនុស្ស ដែលយើងមិនអាចមើលតែសំបកក្រៅបានទេ។ តួយ៉ាងដូចជា តួអង្គនៅក្នុងសាច់រឿងនេះតែម្តង ដែលជាពិសេស គឺរ៉េនី ដែលនាងជាតួឯកស្រីទទួលបានការចាប់អារម្មណ៍ខ្ពស់ទៅលើសម្បុររបស់នាងតែម្តង។
នៅភាគបញ្ចប់នៃសាច់រឿងនេះដែរ ការពិតនៅពីក្រោយខ្នងទាំងប៉ុន្មាន ត្រូវបានលាតត្រដាងឲ្យគ្រប់គ្នាបានឃើញ។ តួអង្គ នាង លីហ្សា ដែលជាមនុស្សឈាមត្រជាក់ ផ្លែល្វា មុខជាទេវតា ប៉ុន្តែចិត្តជាមារ ប្រើសម្តីផ្អែម ដើម្បីបំភាន់ភ្នែកឲ្យគេយល់ឃើញថា ខ្លួនជាមនុស្សមានសន្តានចិត្តល្អ។ លីហ្សា ស្ទើតែធ្វើឲ្យអ្នកទាំងអស់គ្នា ស្រឡាំងកាំងជាមួយនឹងធាតុពិរបស់នាង ដែលមើលទៅរូបរាងកាយគឺមានភាពស្រស់ស្អាត សម្បុរស ប៉ុន្តែចិត្តខ្មៅ។ ផ្ទុយស្រឡះ ពីរ៉េនី ដែលមានរូបរាង ពណ៌សម្បុរខ្មៅក៏ពិតមែន តែនាងជាមនុស្សដែលមានចិត្តស្មោះត្រង់ មិនពុតត្បុត ល្បិចកលដាក់អ្នកណាម្នាក់ឡើយ។ ដូចជាពាក្យបាននិយាយថា ខ្មៅចុះឲ្យតែស គឺសំដៅដល់ភាពស្អាស្អំ ចិត្តគំនិតនេះឯង។ ចុងក្រោយ ត្រៃ ក៏សម្រេចចិត្តសុំរ៉េនី រៀបការ ដោយមិនគិតពី រូបរាង ឬពណ៌សម្បុរអ្វីឡើយ។ នេះក៏ដោយតែ នាង មានអត្តចរិត ទៀតត្រង់ មិនភូតភរ និងមានចិត្តល្អចំពោះមនុស្សនៅជុំវិញ។ ចំណែក នាងមេ ដែលជាតារាសម្តែង ថ្វីត្បិតនាងមានចរិតកាចឆ្នាស់ឆ្នើម ប៉ុន្តែនាងក៏មិនមានពឹសពុល ខ្លាំងដូចជា លីហ្សាដែរ ដែលទីបំផុត ធ្វើឲ្យនាងយល់ថា មានតែការនៅឲ្យស្ងប់ចិត្តជាមួយព្រះធម៌ ទើបចិត្តអាចរំងាប់ ឈប់ច្រណែនឈ្នានីសនឹងអ្នកណាទៀត។
យ៉ាងណាមិញ បន្ទាប់ពីទស្សនិកជន បានទស្សនាសាច់រឿងនេះ តាំងពីដើមរហូតដល់ចប់ហើយ កាន់តែធ្វើឲ្យយើងយល់ច្បាស់អំពីមនុស្ស ហើយកុំមើលមនុស្សតែសំបកក្រៅ ព្រោះរូបរាង មិនអាចបញ្ជាក់ពីបេះដូង ឬចិត្តគំនិតរបស់អ្នកនោះបានទេ។ ជាមួយគ្នានេះដែរ ភីអិនអិន ក៏សូមអរគុណទៅដល់ទស្សនិកជនដែលតែងតែគាំទ្រទៅលើខ្សែភាពយន្តភាគនីមួយៗរហូតដល់ចប់។ យើងក៏នឹងមានភាពយន្តភាគល្អៗជាបន្តបន្ទាប់ទៀត ដើម្បីកំដរជូនអារម្មណ៍ទស្សនិកជនបន្តទៀត៕
ដោយ៖ សិរីរដ្ឋ