© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជន ដែលនិយមគាំទ្រខ្សែភាពយន្តភាគខ្មែរ របស់ភីអិនអិន ប្រាកដជាបានតាមដាន នូវរឿង «កាំបិតមុខពីរ »ដែលកំពុងតែអង្រួនអារម្មណ៍បណ្តាហ្វេនៗ ជាពិសេស ស្រី ជាភរិយាតែម្តង។ ជាច្រើនវគ្គ ច្រើនភាគ ដែលសាច់រឿងមួយនេះ បានរៀបរាប់ពីបង្ហាញពីតួអង្គ វិជ្ជបុត្រ និងមារតី ជាប្តីប្រពន្ធគ្រាន់តែនៅលើក្រដាសអាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ ជាមួយនឹងឈុតឆាកល្បែងស្នេហា អមទៅដោយអត្ថន័យពីសុភមង្គលជីវិតប្តីប្រពន្ធនោះ ដែលតួអង្គ មារតី ជាប្រពន្ធ ជាអ្នករងនូវទឹកភ្នែករាប់រយជំពូកពីស្វាមីកំហូចម្នាក់នេះ។
បន្ទាប់ពីបានរស់នៅក្រោមដំបូលផ្ទះជាមួយគ្នាអស់ជាច្រើនខែកន្លងមក មារតី នៅតែមិនអាចយកបេះដូង របស់វិជ្ជបុត្រ ឲ្យមកស្រឡាញ់ខ្លួន និងបំភ្លេចចោលនូវស្រីកំណាន់ៗមុន ចោលអស់ទៀត។ ផ្ទុយទៅវិញ វិជ្ជបុត្រនៅតែហួងហែង ផ្គើន មិនខ្លាចមារតី ដែលជាប្រពន្ធដើមឡើយ។ តួអង្គ នាងសក្ខណា ដែលជាស្រីកំណាន់ម្នាក់ទៀត របស់វិជ្ជបុត្រ បានព្យាយាមរកវិធីសាស្ត្រ ចងចិត្តវិជ្ជបុត្រឲ្យនៅជាមួយនាង ហើយបំភ្លេចចោលមារតីដែលជាប្រពន្ធស្របច្បាប់។
ដោយដឹងពីផែនការដ៏អាក្រក់នេះហើយ មារតី បានផ្តល់ជាទឹកប្រាក់មួយចំនួន ដើម្បីជាការដោះដូរឱ្យសក្ខណាបញ្ចប់ទំនាក់ទំនងជាមួយស្វាមីរបស់ខ្លួន។ អ្វីៗ គឺខុសពីការគិតរបស់មារតី វិជ្ជបុត្រ បានដឹងរឿងនេះហើយ បែរជាហ៊ានហាស្រដី ស្តីបន្ទោស មារតីនៅចំពោះសក្ខណាថែមទៀតផង។ មារតី មិនត្រឹមតែបង្ក្រាបសក្ខណាមិនបានទេ ថែមទាំង ត្រូវស្វាមីខ្លួនមើលងាយ និងមិនឲ្យតម្លៃទៀត។
តើនៅក្នុងសាច់រឿងស្នេហាប្តីប្រពន្ធមួយនេះ នាងមារតី អាចនឹងទ្រាំទ្រនឹងអ្វីដែលវិជ្ជបុត្រធ្វើដាក់មកលើនាងបន្តទៅទៀតបានដែរទេ? ហើយស្រីកំណាន់ទាំងអស់នេះ នឹងត្រូវ ចាកចេញពីវិជ្ជបុត្រ ដោយរបៀបណា? បើវិជ្ជបុត្រ មិនព្រមបណ្តោយឲ្យពួកនាង ចេញពីជីវិតខ្លួនបែបនេះ? សម្រាប់សាច់រឿង មួយនឹង នឹងទៅជាយ៉ាងណា សូមទស្សនិកជន រង់ចាំទស្សនានៅក្នុងរឿង «កាំបិតមុខពីរ» ផ្សាយជូនពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៧ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ