ថ្ងៃសុក្រ ទី២៤ ខែ​វិច្ឆិកា ឆ្នាំ២០១៧

«សង្គ្រាមបេះដូង»ជាខ្សែភាពយន្តភាគ សម្រិតសម្រាំង ដោយអ្នកនិពន្ធខ្មែរ១០០ភាគរយ

១៦ មិនា ២០១៧

ខ្សែភាពយន្តភាគរបស់ភីអិនអិនរឿង «សង្គ្រាមបេះដូង» គឺជាភាពយន្តភាគដែលត្រូវបាន សម្រិតសម្រាំងដោយ អ្នកនិពន្ធខ្មែរ១០០ភាគរយ។ នេះបើតាមការអះអាងរបស់កញ្ញា គីមអាន អារុណ ដែលជាអ្នកនិពន្ធ ប្រចាំផលិតកម្មខ្មែរមេគង្គ (KMF)។ 

 

នៅក្នុងកិច្ចសម្ភាសន៍ពិសេស ជាមួយភីអិនអិននៅថ្ងៃអង្គារ ទី៣០ ខែសីហានេះ កញ្ញា អារុណ បានឲ្យដឹងថា៖ «រឿងសង្គ្រាមបេះដូងនេះគឺជា ការផលិតចេញពីស្នាដៃកូនខ្មែរមួយរយភាគរយ ដោយមិនមានការចំលងពីបរទេសនោះទេ ទាំងការនិពន្ធ ទាំងការដឹកនាំ ថត រួមទាំងក្រុមការងារទាំងមូល»។  

 

 

កញ្ញាបានបន្តទៀតថា ខ្សែភាពយន្តនេះគឺមានការសម្រិតសម្រាំង រាល់ភាគនីមួយៗកញ្ញាព្យាយាមនិពន្ធ បញ្ចេញបញ្ចូល និងត្រួតពិនិត្យម្តងហើយ ម្តងទៀត ធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញ និងទទួលបានប្រជាប្រិយភាព ពីទូរទស្សនិកជន។

 

ពាក់ព័ន្ធទៅនឹងតួសម្តែងវិញ ត្រូវបានអ្នកដឹកនាំរឿងរបស់ KMF លោក ជុំ ចាន់ដន បញ្ជាក់ថា តួសម្តែងក្នុងរឿងនេះ សុទ្ធសឹងតែមានសមត្ថភាពក្នុងការសម្តែង មិនចាញ់តួបរទេសនោះឡើយ ក្នុងនោះមានដូចជា លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស និងកញ្ញា ចេស៊ីកា រួមនឹងតារាសម្តែង ក្នុងស្រុកមួយចំនួនទៀត។ រឿងភាគមួយនេះ ក៏ជាការផ្តល់ឱកាសដល់តារាសម្តែងថ្មីៗ ដែលមានទេពកោសល្យបានបញ្ចេញនូវសមត្ថភាព របស់ខ្លួនផងដែរ។

 

«សង្គ្រាមបេះដូង» ជាវណ្ណកម្មថ្មីរបស់ផលិតកម្មខ្មែរមេគង្គ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិនចាប់ពីថ្ងៃទី៨ ខែកញ្ញា នេះតទៅ។ ទូរទស្សនិកជនភាគច្រើន បានទទួលស្គាល់ទៅលើស្នាដៃ ផលិតរបស់ផលិតកម្មក្នុងស្រុកមួយនេះ ជាពិសេសនោះគឺរឿងចុងក្រោយគេ «តម្លៃស្នេហ៍» ដែលបានឈ្នះពានរង្វាន់ដល់ទៅ៤ ពីមហោស្រពភាពយន្តនៅហូលីវូដ Hollywood International Moving Pictures Film Festival (HIMPFF)។ 

 

រឿង«សង្គ្រាមបេះដូង» ជារឿងរ៉ាវស្នេហាតួឯកស្រីត្រូវប្រឆាំងនឹងបេះដូងរបស់ខ្លួន ទៅរៀបការជាមួយនឹងមនុស្ស ដែលខ្លួនមិនស្រឡាញ់ជាថ្នូរនឹង ប្រាក់ជូនម្តាយដែលញៀននឹងល្បែង និងការបានបន្តនៅជិតមនុស្ស ដែលនាងស្រឡាញ់។ ភាពតានតឹងកាន់តែខ្លាំង ខណៈដែលការពិតអ្វីៗ សុទ្ធតែជាការរៀបចំទុកជាមុន ដោយមិនឲ្យនាងដឹងពីសំណាក់បុរស ជាទីស្រឡាញ់របស់នាង។  ខ្សែភាពយន្តភាគបែបមនោសញ្ចេតនា ការច្រណែនឈ្នានីស និងបង្កប់នូវអាទិ៍កំបំាងមួយនេះ នឹងចាក់ផ្សាយនៅរៀងរាល់ថ្ងៃព្រហស្បតិ៍ សុក្រ និងសៅរ៍ វេលាម៉ោង៨យប់ ចាប់ពីថ្ងៃទី៨ ខែកញ្ញាតទៅ។ ភីអិនអិន ជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុតនៅកម្ពុជា បានផ្ដល់ទុនផលិតយ៉ាងសន្ធឹកសន្ធាប់ ដល់ផលិតករខ្មែរ ដើម្បីលើកកំពស់គុណភាពភាពយន្តខ្មែរ និងបំពេញតម្រូវការកម្សាន្ត របស់ពលរដ្ឋកម្ពុជា។       
 

ស្ថានីយទូរទស្សន៍ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគ ក្នុងស្រុកឲ្យបានច្រើនជាងមួយរយម៉ោង ក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយជូនទូរទស្សនិកជន ហើយគិតជាមធ្យម ភីអិនអិន ត្រូវចំណាយប្រមាណ ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោង នៃខ្សែភាពយន្តភាគ៕

 

សូមទស្សនាឈុតរឿងខ្លី សង្គ្រាមបេះដូង សូមចុច៖

 

Copyright © 2017 PNN TV. All Rights Reserved.