© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្ត ភាគថៃ រឿង« ភ្លើងគំនុំនាគរាជ» ដែលបានអូសបន្លាយជាច្រើនភាគនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពេលនេះ ក៏បានឈានមកដល់ទីបញ្ចប់ផងដែរ។ តួអង្គ សិង្ហនាគរាជ ដែលជាស្តេចនាគកាចសាហាវ ព្រៃផ្សៃនោះ បានរំងាប់ចិត្ត ឈប់ចងកម្មពៀរ ជាមួយនឹងបងប្អូនរបស់ខ្លួនទៀតហើយ។
រ៉យ ជាមនុស្សស្រីដែលបងប្អូននាគរាជទាំងពីរស្រឡាញ់ដូចគ្នា ។ នាងបានលះបង់រូបកាយខ្លួន និងចិត្តចូលទៅកាន់សមាធិនៅក្នុងផ្លូវព្រះពុទ្ធសាសនា ព្យាយាមហ្វឹកហាត់រៀនសូត្រអប់រំផ្លូវចិត្តឱ្យរត់ទៅរកសេចក្តីជ្រះថ្លាក្នុងជីវិត រហូតបណ្តាលឱ្យចិត្តរបស់សិង្ហនាគរាជ ហាក់យល់ពីភាពមិនចងគំនុំគ្នាបាន។
បន្ទាប់ពីមានការប្រយុទ្ធ តទល់គ្នា រវាងធៀន និងបងប្អូននាគរាជទាំងពីរមក ពួកគេទាំងបីនាក់ក៏ធ្លាក់ទៅក្នុងរណ្ដៅបាតដាលម្តងទៀត ហើយកម្លាំងធាតុក៏ប្រែជារលាយអស់គ្រប់គ្នា ដោយមិនអាចតទល់កាប់សម្លាប់គ្នាបានទៀតទេ។ សិង្ហនាគរាជ នៅតែបន្តចិត្តខឹងដដែល ដោយប្រើកម្លាំងកាយធម្មតាវាយប្រហារទៅលើធៀន ព្រោះគេមិនទាន់ភ្លេចពីរឿងរ៉ាវកាលពីអតីតកាលនោះឡើយ។ រ៉យ ដែលបានព្យាយាមតាំងសមាធិ ក៏បាននាំព្រលឹងរបស់ខ្លួនទៅជួយធៀន និងរ៉ាវនៅឯបាតទន្លេដែលជាកន្លែងស្តេចនាគ។ រ៉ាវ បានសម្រេចឱ្យធៀនតែម្នាក់ ជាអ្នកទៅឡើងឋានមនុស្សវិញ ដោយខ្លួនឯងនៅជាមួយនឹងសិង្ហនាគរាជ។
ក្រោយពីមានការពន្យល់ និងចង្អុលបង្ហាញពីការរំងាប់កំហឹងក្រោធពីសម្តេចព្រះគ្រូរួចមក សិង្ហនាគរាជ បានសោកស្តាយនូវទង្វើរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះ ថែមទាំងបំភ្លេចចោល រឿងចងគំនុំគ្នាទៅវិញទៅមក ហើយតាំងខ្លួននៅក្រោមបាតទន្លេជារៀងរហូត។ ដើម្បីចង់ដឹងពីឈុតឆាកនៃភាគបញ្ចប់នេះ ល្អមើលយ៉ាងណានោះ សូមរង់ចាំទស្សនាភាគបញ្ចប់ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ០៦ ល្ងាច៕
សូមទស្សនាវីដេអូខ្លីខាងក្រោម៖
ដោយ៖ សិរីរដ្ឋ