© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
យាយខុម ដែលត្រូវបានទស្សនិកជន ស្គាល់ថា ជាតួអង្គម្តាយរបស់ធារី ជាមនុស្សញៀនតែនឹងល្បែង និងមើលឃើញទឹកលុយសំខាន់ជាងអ្វីៗទាំងអស់ ដោយមិនខ្វល់ពីអនាគតរបស់កូនស្រីខ្លួន។ នៅក្នុងភូមិ អ្នកណា ក៏ដឹងថា យាយខុម បានទៅខ្ចីបំណុលយាយក្រូច ដែលជាអ្នកមានជាងគេក្នុងភូមិស្រុកនោះដែរ។ ប្រាក់ដែលយាយខុម ខ្ចីពីយាយក្រូច គឺមិនបានយកទៅរកស៊ីទេ ផ្ទុយទៅវិញ គិតតែទៅលេងល្បែងសុីសង ដោយការប្រាក់ ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
បើនិយាយពីតួអង្គ យាយខុមក្នុងរឿង «បំណុលម្តាយ» នេះវិញ គឺជាមនុស្សមិនចេះគិតពិចារណា នឹងការស្តីបន្ទោស ផ្តល់ដំបូន្មានល្អពីគេនោះទេ។ និយាយរួម គឺធ្វើអ្វីតាមតែចិត្ត របស់ខ្លួន ហើយជាប្រភេទមនុស្សមិនខ្វល់ពីអនាគត សំខាន់បច្ចុប្បន្នរស់នៅបានស្រួល មានប្រាក់ចាយ។
ចរិត និងទម្លាប់បែបនេះ យាយខុមនៅតែប្រព្រឹត្តិជារៀងរាល់ថ្ងៃ ទាំងដឹងថា ការប្រាក់ក៏មិនទាន់ទូទាត់ឱ្យយាយក្រូច ហើយខ្លួននៅឆ្លៀតទៅលេងល្បែងទៀត។ចំណែកឯយាយក្រូច ដែលជាស្ត្រីមេម៉ាយ ពូកែរកស៊ី ក៏មានចរិតឆ្នាស់ឆ្នើម និងកាច មិនចាញ់គ្នាជាមួយយាយខុម ប៉ុន្មានដែរ។ យាយក្រូច គឺជាមនុស្សចូលចិត្តនិយាយត្រង់ មិនល្បិចកលដូចជាយាយខុមពេកទេ ប៉ុន្តែចូលចិត្តមើលងាយអ្នកក្រ និងកូនបំណុលដែលមកខ្ចីប្រាក់ខ្លួន។
មានឈុតឆាកល្អៗមើលជាច្រើនទៀត រវាងយាយខុម និងយាយក្រូច ក្នុងសង្គ្រាមបំណុល ការប្រាក់ ដែលតួអង្គទាំងពីរ សម្តែងបានយ៉ាងល្អ ហាក់ដូចជាពិតៗដូចជានៅក្រៅសាច់រឿងដូច្នេះដែរ។ ដើម្បីរំដោះខ្លួនចេញពីបំណុលមួយនេះ យាយខុមព្យាយាមគេចខ្លួនពីយាយក្រូចគ្រប់ពេល។ ចាំមើល តើតួអង្គទាំងពីរ នឹងរួមដៃគ្នា បង្ហាញឈុតល្អៗមើល បែបណាទៀតនោះ សូមរង់ចាំទស្សនាតាមដាននៅក្នុងរឿង« បំណុលម្តាយ» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
ដោយ៖ សិរីរដ្ឋ