© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ឈុតឆាក ការបាញ់ប្រហារវែកមុខ រកមេក្លោងឧក្រិដ្ឋជនបំផ្លាញព្រៃឈើ នៅក្នុងសាច់រឿងដ៏ល្អមើល« បេះដូងអ្នកអភិរក្ស» បានឆក់យកអារម្មណ៍ទស្សនិកជនឱ្យកាន់តែជក់ចិត្ត ខ្លាំងឡើងៗ។ រ៉េន ដែលត្រូវបានគេស្គាល់ថា កូនសេដ្ឋីមួយរូប ដែលមានសម្រស់ស្រស់ស្អាត ហើយនៅមានសមត្ថភាពពិសេស មិនខុសពីមនុស្សប្រុសឡើយ។ ក្រោយពីការសើបអង្កេតអស់រយៈពេលជាច្រើនខែកន្លងមក ផាស៊ុ មេក្រុមប្រតិបត្តិការពិសេស បានរកឃើញ អ្នកណា គឺជាម្ចាស់ធំ ដែលនៅពីក្រោយរឿងមុខជំនួញខុសច្បាប់ទាំងឡាយ។
នោះ គឺដេវីត ឪពុករបស់រ៉េន ដែលនេះកាន់តែធ្វើឱ្យស្ថានភាពមានភាពសាំញុំាពីមួយថ្ងៃទៅមួយថ្ងៃ។ ដេវីត ប្រឹងហ្វឹកហាត់រ៉េន គ្រប់បែបយ៉ាង ឱ្យតស៊ូនឹងការបាញ់ប្រហារ ហើយមានពេលខ្លះ សឹងតែយកជីវិតរបស់រ៉េនមកប្តូរទៀតផង ដើម្បីតែទ្រព្យសម្បត្តិ។ អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជន ឆ្ងល់ទៀតនោះ គឺហេតុអ្វី ឪពុកបង្កើត បែរជាដាច់ចិត្តឱ្យកូនស្រី របស់ខ្លួនទៅធ្វើរឿងនេះ ដើម្បីតែមហិច្ឆិតាខ្លួនទៅវិញ។
ជាមួយនឹងការតាមដាន និងឃ្លាំមើល ពីសំណាក់ក្រុមអ្នកសើបអង្កេតនោះ ផាស៊ុ និងរ៉េន ហាក់មានចិត្តទៅលើគ្នាទៅវិញទៅមក ដោយមានពេលខ្លះ សឹងតែភ្លេចថាខ្លួនជាអ្នកណា ហើយកំពុងតែធ្វើអ្វី។ នៅភាគបន្ទាប់ ទស្សនិកជននឹងបានទស្សនាឈុតឪពុកកូន ដេវីត និងរ៉េន ដែលជាឈុតល្អមើលខ្លាំង។ ក្នុងនោះ ផាស៊ុ បានចាប់រ៉េនធ្វើជាចំណាប់ខ្មាំង ហើយបង្ខំឱ្យដេវីតចូលខ្លួនមកទទួលទោស ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ គឺដេវីត ដែលជាឪពុករបស់នាង មិនបានខ្វល់អំពីសុវត្ថិភាពនាងឡើយ។ រ៉េន ស្ទើរតែមិនគួរឱ្យជឿថា ក្នុងនាមជាកូនស្រីម្នាក់ដែរ ហេតុអ្វី បានជានាងហាក់ដូចជាគ្មានតម្លៃក្នុងកែវភ្នែកលោកដេវីតដូច្នេះ។
ចង់ដឹងថា តើ រ៉េន និងលោកដេវីត មានអ្វីជាអាថ៌កំបាំងនឹងគ្នា កាលពីមុន ហើយពួកគេទាំងពីរ ពិតជាមានទំនាក់ទំនងឪពុកកូន ឬយ៉ាងណា? ទាំងអស់នេះ មាននៅក្នុងរឿង «បេះដូងអ្នកអភិរក្ស» ផ្សាយជូនទស្សនាពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ