© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
គេតែងនិយាយថា លុយ អាចទិញអ្វីៗបានទាំងអស់ ដូចជាគេលើកឡើង មានលុយ ប្រើខ្មោចឱ្យកិនម្សៅក៏បាន។ ពាក្យនេះ ជាការពិតដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនៅក្នុងសង្គម ដែលលុយជាដំណោះស្រាយគ្រប់បញ្ហាទាំងអស់។ ក្នុងនោះ លុយក៏មិនមែនសុទ្ធតែអាចទិញ និងដោះដូរអ្វីៗបានទាំងស្រុងនោះទេ ដែលមានអភិជនមួយចំនួន នៅតែរស់នៅដោយភ្ជាប់នូវសេចក្តីទុក្ខនៅលើគំនរមាសប្រាក់។ តួយ៉ាង ដូចជា តួអង្គ នាងកុលាប នៅក្នុងរឿង« បំណុលម្តាយ» ដែលកំពុងតែចាក់ផ្សាយជូនទស្សនានៅ លើកញ្ចក់ទូរទស្សន៍ភីអិនអិន ជាសាច់រឿងខ្មែរដ៏ល្អ ទាំងការបង្កប់អត្ថន័យជាច្រើនក្នុងនោះ។
និយាយពីជីវិតនាងកុលាប ដែលធ្លាប់ជាអ្នកក្រីក្រ មានម្តាយជំពាក់បំណុលដូចជាធារីដែរ ហើយធ្លាក់ខ្លួនទៅធ្វើជាអ្នកបម្រើក្នុងផ្ទះរបស់យាយក្រូច។ ដោយសារតែការមើលងាយ មើលថោក ជាជនសំណល់ និងមិនមានតម្លៃ ក៏ព្រោះតែខ្លួនក្រ និងគួបផ្សំជាមួយមហិច្ឆតា ចង់បានជីវិតស្រណុកសុខស្រួលទៀតនោះ កុលាបបានសម្រេចចិត្តសុំធ្វើជាស្រីកំណាន់របស់លោកថៅកែថី។ ជាការពិត ផ្លូវដែលកុលាបបានជ្រើសរើសនោះ គឺវាហុចផលឱ្យនាងបានដូចបំណងមែន។
នាងក្លាយជាមនុស្សស្រីដែលលុយចាយមិនខ្វះ បំណុលម្តាយក៏ត្រូវលោកថៅកែជួយដោះអស់ទៀត ហើយរស់នៅដោយមានអង្គរក្សឆ្វេងស្តាំ។ នេះ វាគ្រាន់តែជាសេចក្តីពិតមួយដែលផុតចេញតាមរយៈរបស់ក្រៅខ្លួនតែប៉ុណ្ណោះ។ កុលាប នាងបានដឹងរួចមកហើយថា លោកថៅកែថីជាមនុស្សប្រុសខិលខូច មានស្រីច្រើន និងមិនបានចាត់ទុកនាងជាប្រពន្ធឡើយ។ មួយរយៈក្រោយមក អារម្មណ៍អស់ចិត្ត និងធុញទ្រាន់ ចាប់ផ្តើមកើតមានឡើងចំពោះលោកថៅកែថី ។
ពេលនោះ កុលាប ប្រែជាមនុស្សគ្មានតម្លៃបន្តិចម្តងៗ រស់នៅតែបម្រើតណ្ហារបស់គេ។ មាសប្រាក់ ទ្រព្យសម្បត្តិ ដែលកុលាបមាន មិនបានធ្វើឱ្យកុលាបសប្បាយចិត្តនោះទេ ។ លោកថៅកែថី បានប្រែចិត្តទៅស្រឡាញ់ធារីវិញ ហើយរឿងនេះ កុលាប បានរកគ្រប់ដំណោះស្រាយ ដើម្បីបំបែកធារីមិឱ្យជួបនឹងលោកថី។
តើសាច់រឿងរវាង កុលាប និងលោកថៅកែថីម្នាក់នេះ នឹងទៅជាយ៉ាងណា? ហើយកុលាប សុខចិត្តទ្រាំរស់នៅអោបទ្រព្យ ទាំងទឹកភ្នែករាល់ថ្ងៃបែបនេះ ឬស្វែងរកសេចក្តីសុខពិតរបស់ខ្លួនវិញ។ ទាំងអស់នេះ មាននៅក្នុងរឿង «បំណុលម្តាយ» ដែលផ្សាយជូនពីថ្ងៃថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
ដោយ៖ សិរីរដ្ឋ