© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ស្រមោលដ៏ខ្មៅងងឹត នៅតែដិតដាមជាប់នៅក្នុងបេះដូងរបស់បុរសម្នាក់ជារៀងរហូត។ ខាវិន ដែលជាកូនប្រុសជាទីស្រឡាញ់របស់សេដ្ឋីមួយរូប ដែលមានប្រពន្ធពីរ បណ្តាលឱ្យកូនដែលមានម្តាយផ្សេងគ្នា កើតចិត្តចង់ដណ្តើមយកទ្រព្យសម្បត្តិ។ រឿង« បំណុលស្នេហ៍ក្នុងភ្នក់ភ្លើង» របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដែលតួអង្គនាយខាវិន ហៅម៉ាន កំពុងតែត្រូវឪពុករបស់ខ្លួនគម្រាមឱ្យរៀបការជាមួយនឹងកូនស្រីអ្នកមានទ្រព្យច្រើនម្នាក់ ជាខ្សែស្រឡាយជនជាតិចិន។
ថ្វីត្បិតតែខ្លួនជាកូនប្រុសដែលមានឪពុកជាអ្នកសំបូរធនធានទ្រព្យយ៉ាងណា ក៏ខាវិនមិនដែលមានចរិតកោងកាច ដើរសម្លាប់មនុស្សណាមិនត្រូវចិត្តដូចជាឆាគ្រីត ជាបងរបស់គេនោះទេ។ ឪពុករបស់ខាវិន គឺជាអ្នកជំនួញដ៏មានប្រជាប្រិយភាពមួយក្នុងសង្គម ដែលភាគច្រើនទម្លាប់របស់អ្នកមាន គឺធ្វើអ្វីច្រើនតែសម្លឹងមើលផលប្រយោជន៍ជាងមនោសញ្ចេតនា។ ហេតុនេះហើយ ទើបឪពុកខាវិន សម្រេចចិត្តឱ្យកូនប្រុសខ្លួនទៅស្រឡាញ់ និងរៀបការជាមួយកូនស្រីថៅកែចិននោះ ដើម្បីតែមុខជំនួញ។
ដូចទស្សនិកជន បានទស្សនាហើយកាលពីភាគមុនៗថា ទំនាក់ទំនងរវាងខាវិន និងអូនប៊ែលកាន់តែសុីជម្រៅទៅៗ ប៉ុន្តែអូនប៊ែលមិនបានដឹងថា ម្ចាស់តូចរបស់គេមានចិត្តលួចស្រឡាញ់។ ដោយឃើញសភាពការណ៍មិនសូវស្រួល និងបញ្ហាមុខជំនួញទៀតនោះ ឪពុករបស់វីន កាន់តែបង្ខំឱ្យគេឆាប់រៀបការជាមួយអាមួយយ៉ាំងឆាប់រហ័ស។ ខាវិន ប្រកែកនឹងជាដាច់ខាតមិនរៀបការជាមួយមនុស្សស្រីខ្លួនមិនស្រឡាញ់ទេ ប៉ុន្តែដោយដឹងថា ខាវិនមានទំនាក់ទំនងជាមួយនឹងអូនប៊ែល ឪពុករបស់ខ្លួនក៏យកនាងធ្វើជាមុខសញ្ញា។ គាត់បានគំរាមខាវិន ថានឹងតាមសម្លាប់អូនប៊ែល ប្រសិនបើខាវិន ធ្វើឱ្យអាមួយយាំងរៀបការជាមួយមិនបាន។
ចំណែកឯ អាមួយយាំងវិញ ក៏ជាមនុស្សស្រីពិបាកយល់ចិត្តជាទីបំផុត។ គេមានចរិត និងទម្លាប់ជាមនុស្សប្រុស មិនអាចអ្នកណាយកបេះដូងនាងងាយៗបានទេ? តើ ខាវិន នឹងធ្វើដូចម្តេចទៀត ដើម្បីឱ្យផែនការនេះបានសម្រេច នឹងអាលប៊ែលរួចផុតពីសេចក្តីស្លាប់នោះ? ទាំងអស់នេះ នឹងមានក្នុងឈុតឆាកល្អៗមើល នៅភាគបន្ទាប់ទៀត ក្នុងរឿង «បំណុលស្នេហ៍ក្នុងភ្នក់ភ្លើង» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ពុធ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ