© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ដំណាលសាច់រឿងបែបព្រេងនិទាន រឿង« សព្វសិទ្ធិ» ដែលបានអូសបន្លាយជាច្រើនភាគ ច្រើនវគ្គរួចមកហើយនោះ មកដល់ភាគបន្ទាប់នេះទៀតសោត តួអង្គនាយសព្វសិទ្ធិបានឆ្លងកាត់ការប្រឡងសមត្ថភាពហើយក៏ ទទួលបានព្រះរាជបុត្រី ព្រះធីតា សុវណ្ណកេស ធ្វើជាមហេសីបានដូចបំណង។ បើទោះបីជាអ្នកទាំងពីរ បានជួបគ្នាជាប្តីប្រពន្ធក៏ពិតមែន ប៉ុន្តែឧបសគ្គនៅតែកើតមានឡើងនៅក្នុងនគរដដែល។
ថ្លែងពីបងប្អូនស្រីជីដូនមួយរបស់សព្វសិទ្ធិ នាងកញ្ចនី ដែលជានារីមាយា មានល្បិចកល ចង់ស្រវាយកតែទ្រព្យសម្បត្តិ និងរបស់អ្នកដទៃ មិនគិតពីសុខទុក្ខរបស់គេ។ បន្ទាប់ពីបានដឹងថា សព្វសិទ្ធិ បានផ្លាស់ទៅនៅជាមួយនឹងព្រះធីតានៅឯព្រះនគរ នាងកញ្ចនី និងម្តាយ ក៏ចាប់ផ្តើមរកវិធីធ្វើយ៉ាងណាបានចូលទៅកៀកជិតសព្វសិទ្ធិ។ ទីបំផុត ក្តីប្រថ្នាដែលចង់ឱ្យកូនស្រីរបស់ខ្លួន បានចូលទៅជ្រកកោននៅក្នុងព្រះរាជវាំង គឺពិតជាបានដូចបំណងមែន។ ម្តាយកញ្ចនី បានព្យាយាមបញ្ចុះបញ្ចូលកូនឱ្យប្រើល្បិចស្រី យ៉ាងផ្អែមត្រជាក់ដាក់សន្តំសព្វសិទ្ធិ។ ផ្ទុយទៅវិញ សព្វសិទ្ធិមិនបានចាប់អារម្មណ៍ ទៅលើកញ្ចនីទេ គេកាន់តែស្រឡាញ់ព្រះនាងសុវណ្ណកេសខ្លាំងឡើង។
មួយរយៈក្រោយមក សព្វសិទ្ធិក៏បានចាកចេញពីព្រះនគរទៅកម្សាន្តព្រៃ ដោយទុកឱ្យព្រះធីតានៅតែអង្គឯងជាមួយភីលៀង ។ ឆ្លៀតឱកាសនេះ ដោយហេតុថា នាងកញ្ចនី កើតនូវចិត្តខឹងផងនោះ ក៏ទៅញុះញង់ឱ្យព្រះធីតាជឿសម្តីខ្លួន ហើយអន់ព្រះទ័យនឹងសព្វសិទ្ធិ។ ក្រោយពីបានស្តាប់ពាក្យសម្តីបោកប្រាស់ ភូតកុហករបស់កញ្ចនីហើយ ព្រះនាងសុវណ្ណកេស នៅមិនអស់ព្រះទ័យជាមួយនឹងសព្វសិទ្ធិ ហើយហាក់ដូចជាមានភាពរយៀលពីមិត្តភាពប្តីប្រពន្ធ។ ក្នុងពេលដែលសព្វសិទ្ធិ បានចេញពីនគរ ព្រះនាងសុវណ្ណកេសក៏បានបាត់ព្រះកាយពីព្រះនគរដោយមិនដឹងមូលហេតុ ។
តើនេះ អាចជាគំរោងការអាក្រក់របស់កញ្ចនី ឬយ៉ាងណា? ព្រោះនៅពេលដែលព្រះនាងសុវណ្ណកេសបាត់ខ្លួន កញ្ចនីហាក់រំភើបរីករាយ និងផ្សងឱ្យព្រះនាងពុំត្រឡប់មកវិញឱ្យសោះ។ សាច់រឿង នឹងបង្ហាញច្បាស់ក្នុងឈុតឆាកណាខ្លះនោះ សូមទស្សនិកជនទស្សនានៅក្នុងរឿង សព្វសិទ្ធិ វេលាម៉ោង ០៧ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ