ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧

រឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជារឿងភាគខ្មែរ ដែលមានគុណភាពរូបភាពច្បាស់បំផុត

១៦ មិនា ២០១៧

ចាងហ្វាងផលិតកម្មអិលឌី ភិចឆ័រ (LD Picture Production) និងជាអ្នកដឹកនាំរឿង លោក លៀក លីដា បានអះអាងថា រឿងភាគ «ម្ទេសហឹរ ប៉ះអំបិលប្រៃ» គឺជារឿងដែលមានគុណភាពរូបភាពច្បាស់បំផុត ដោយការប្រើប្រាស់ទាំងកាមេរ៉ា និងLen ដែលមិនងាយនឹងមានរឿងភាគទូរទស្សន៍ណា ប្រើប្រាស់ឡើយ។

 

លោកបានថ្លែងបែបនេះ ក្នុងពេលផ្តល់បទសម្ភាសន៍ពិសេសមួយនៅក្នុង កម្មវិធីព័ត៌មានកំសាន្ត របស់ស្ថានីយទូរទស្សន៍ភីអិនអិន កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា។ លោកបាននិយាយថា៖ «យើងប្រើប្រាស់កាមេរ៉ាប្រភេទ Film 35 mm ឯLens យើងប្រើប្រាស់ប្រភេទ Prime lens ឬ Cinema lens ដែលជាទូទៅមិនងាយគេប្រើទេសម្រាប់ថតកុនភាគ សូម្បីតែនៅក្រៅប្រទេសក៏ដោយ ដោយសារវាចាយពេលច្រើន»។

 

 

មិនតែប៉ុននោះ សម្រាប់ដំណើការនៃការកាត់តវិញ លោកបានរៀបរាប់ឲ្យដឹងថា៖ «គ្រប់ភាគនៃរឿងម្ទេសហឹរ ប៉ះអំបិលប្រៃ គឺសុទ្ធសឹងតែបានឆ្លងកាត់ការ Edit យ៉ាងសម្រិតសម្រាំងបំផុត ដោយក្រុមការងាររបស់យើង ដែលបានទទួលការបណ្តុះបណ្តាលពីបរទេស ក្នុងនោះមានដូចជាការ Edit online, offline, sound mixing, color correctionនិង mastering contrast ដោយមិនមែនគ្រាន់តែកាត់តភ្លាម ហើយចាក់ផ្សាយនោះទេ»។ បើតាមលោក លៀក លីដា លោកមានការជឿជាក់ខ្ពស់ថា រឿងភាគបែបកំប្លែង ដែលមានគុណភាពខ្ពស់មួយនេះ ប្រាកដជាទទួលបានជោគជ័យ ពីសំណាក់ទូរទស្សនិកជន។ 

 

«ម្ទេសហឹរ ប៉ះអំបិលប្រៃ» គឺជាខ្សែភាពយន្តភាគខ្មែរមួយ ក្នុងចំណោមរឿងភាគទាំងប្រាំ របស់ភីអិនអិន ដែលនឹងចាក់បញ្ចាំង ចាប់ពីថ្ងៃទី៥ ខែកញ្ញា ខាងមុខនេះ។ រឿងនេះនឹងមានផ្សាយជូនទស្សនា នៅរៀងរាល់ថ្ងៃចន្ទ ដល់ពុធ ចាប់ពីវេលាម៉ោង៨យប់តទៅ។ 

 

រឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជារឿងភាគមនោសញ្ចេតនាស្នេហា កំប្លែង កាច់កុងគ្នា រវាងប្តីប្រពន្ធវ័យក្មេងមួយគូ រស់នៅជាមួយនឹងម្តាយក្មេក ដែលពិបាកយល់ចិត្តស្គាល់តែកំហុស របស់កូនប្រសារស្រី។ រឿងនេះមានគំនិតអប់រំទៅដល់ម្តាយក្មេក និង កូនប្រសារសម័យថ្មីទាំងអស់ ឲ្យចេះមានការយោគយល់អធ្យាស្រ័យគ្នាទើបអាចរស់នៅ ជាមួយគ្នាប្រកបដោយសេចក្តីសុខ។  ខ្សែរឿងមួយនេះធានាថា ទូរទស្សនិកជនប្រាកដជាទទួលបាន នូវសំណើចសើចក្អកក្អាយ ដោយសារសំបូរទៅដោយឈុតឆាកកំប្លែងច្រើន ជាមួយនឹងការសម្តែង ដ៏ប៉ិនប្រសព្វរបស់សិល្បករល្បីៗ ដែលមានបទពិសោធន៍ ក្នុងការសម្តែងជាយូរឆ្នាំមកហើយ។ ក្នុងនោះរួមមានកញ្ញា តូតា លោក អេវីន អ្នកនាង គ្រត លោក ជា សំណាង អ្នកស្រី ង៉ែត សុវណ្ណលីតា លោក ចាប ចៀន កញ្ញា ទឹម រដ្ឋា នាយ សុបិន រួមនឹងសិល្បករ-សិល្បការនី ល្បីៗមួយចំនួនទៀត។  

 

ស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានបេ្តជ្ញាចិត្តក្នុងការផលិតខ្សែភាពយន្តភាគ ក្នុងស្រុកឲ្យបានច្រើនជាង មួយរយម៉ោងក្នុងឆ្នាំ២០១៦នេះ ដើម្បីចាក់ផ្សាយជូនទូរទស្សនិកជន ហើយគិតជាមធ្យម ភីអិនអិន ត្រូវចំណាយប្រមាណ ៨០០០ដុល្លារ ក្នុងរយៈពេលមួយម៉ោង នៃខ្សែភាពយន្តភាគ៕

 

សូមទស្សនាឈុតខ្លីរឿង ម្ទេសហឹរ ប៉ះអំបិលប្រៃ សូមចុច៖ 

 

 

 

 


 

Copyright © 2017 PNN TV. All Rights Reserved.