© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគថៃ ដែលកំពុងតែមានវត្តមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ហើយក៏នឹងឈានដល់ភាគបញ្ចប់ដែរនោះ រឿង« ទ្រនុំកម្ម» គឺជាសាច់រឿងឆ្លុះបញ្ចាំង ពីជីវិតគ្រប់រសជាតិ និងការអប់រំជាច្រើនដល់ទស្សនិកជន។ មិនត្រឹមតែជារឿងមនោសញ្ចេតនា ស្នេហាតែប៉ុណ្ណោះទេ ក្នុងនោះក៏បង្ហាញពីការយល់ឃើញផ្សេងៗ ទាក់ទងទៅនឹងការតម្រង់ផ្លូវជីវិតរបស់មនុស្សម្នាក់ៗ។
យ៉ាងណាមិញ ទស្សនិកជនក៏បានដឹងរួចមកហើយ ពីដំណើរដើមទងនៅក្នុងរឿងនេះ ដែលតួស្រី នាងរ៉េនូ ត្រូវប្រឈមមុខគ្រប់បែបយ៉ាងជាមួយម្តាយក្មេកចិត្តអប្រិយ យកវណ្ណៈជាធំ ។ ឧបសគ្គទាំងអស់នេះ មិនបានធ្វើឱ្យនារីម្នាក់នេះដើរថយក្រោយ ឬទន់ជ្រាយនោះទេ ផ្ទុយទៅវិញ នាងកាន់តែព្យាយាមជម្នះចិត្តម្តាយក្មេករបស់នាង ដោយការធ្វើអំពើល្អ និងមិនតបតទៅគាត់វិញ ទោះមានរឿងអ្វីក៏ដោយ។ នៅក្នុងសាច់រឿងមួយនេះទៀតសោត ក៏បានបង្កប់ទៅដោយខ្លឹមសារ អត្ថន័យយ៉ាងជ្រៅពីតួអង្គនីមួយៗ ជាពិសេសផ្តល់ជាប្រយោជន៍ជាគំនិតពិចារណាដល់អ្នកមើលផងដែរ ដូចជា៖
១. ការរៀនទទួលយកការពិតនៃជីវិត
តួឯកស្រី នាងរ៉េនូ ដែលមានប្រវត្តិគ្រួសារក្រីក្រ ត្រូវបងថ្លៃធ្វើបាបរហូតធ្វើឱ្យនាងមានផ្ទៃពោះ ចំណែកឯបងស្រីមិនយកចិត្តទុកដាក់ ហើយត្រូវម្តាយស្លាប់ចោលទាំងវ័យក្មេង។ នាងសម្រេចចិត្តជ្រើសរើសផ្លូវមួយសម្រាប់ខ្លួនឯង ដោយធ្វើជាស្រីសោភនីពេលរាត្រី។ បន្ទាប់ពីបានជួប ឆៃ ក៏ត្រូវយាយយ៉យ ម្តាយក្មេកមិនពេញចិត្ត មើលងាយមើលថោកនាង ក៏ដោយសារគេយល់ថា នាងជាស្រីមិនល្អ ។ ស្រមោលជីវិតដ៏ខ្មៅងងឹតមួយនេះ មិនបានរុញច្រានឱ្យរ៉េនូទាល់ច្រក និងអស់សង្ឃឹមឡើយ។ នាង រៀនទទួលយកអ្វីដែលជាការពិតនៃជីវិតខ្លួនឯង ហើយប្រឹងកែខៃឱ្យវាល្អប្រសើរដោយការអំណត់អត់ធ្មត់គ្រប់បញ្ហា។ ចុងក្រោយ ជីវិតរ៉េនូក៏ទទួលបានសេចក្តីសុខ សុភមង្គល ទទួលបានក្តីស្រឡាញ់ពីម្តាយក្មេក និងបងប្អូនខាងប្តីយ៉ាងពេញទំហឹង។
២.គិតវិជ្ជមានច្រើន នាំឱ្យជីវិតមានក្តីសុខ
តួអង្គ អាសារ ដែលជាកូនប្រុសទី ៣ របស់យាយយ៉យ និងជាមនុស្សឧស្សាហ៍ព្យាយាម ធ្វើការ អំណត់អត់ធន។ គេយល់គ្រប់កាលៈទេសៈ គ្រប់បញ្ហាដែលត្រូវដោះស្រាយ មកយកកំហឹងមកធ្វើជាត្រីមុខ។ មួយវិញទៀត អាសារជាមនុស្សបើកចិត្តទូលាយ មានគុណធម៌ក្នុងខ្លួន និងមិនមើលងាយមនុស្សតែសំបកក្រៅនោះទេ។ នេះហើយ ដែលបានបញ្ជាក់ប្រាប់ថា នៅពេលដែលយើងគិតអ្វីវិជ្ជមាន និងមិនបៀតបៀនលើអ្នកដទៃ នោះហើយជាសេចក្តីសុខផ្លូវចិត្តពិតប្រាកដរបស់យើង។ មាសប្រាក់ មិនអាចទិញយក ក្តីសុខបានទាំងអស់នោះទេ ព្រោះសេចក្តីសុខពិត គឺកើតចេញចេញពីចិត្ត ពីអំពើល្អដែលយើងបានសាងទៅលើអ្នកដទៃ។
៣.កុំវាយតម្លៃមនុស្សសំបកក្រៅ
ជាក់ស្តែង ក្នុងសាច់រឿង តួអង្គយាយយ៉យ ដែលជាស្ត្រីម្នាក់ អាត្មានិយម មើលងាយមនុស្សមានវណ្ណៈទាបជាងខ្លួន ហើយឱ្យតម្លៃមនុស្សលើចំណេះដឹង និងទ្រព្យសម្បត្តិ។ យាយយ៉យ ស្អប់ខ្ពើម រ៉េនូ ក៏ព្រោះតែនាងជាស្រីរកស៊ីមិនល្អ( សោភនី) ទៅអោបក្រសោបយកចិត្ត យកថ្លើម ភីឡៃ ដែលជាកូនស្រីអ្នកមានធនធាន និងការចេះដឹងខ្ពស់។ លទ្ធផលដែលយាយយ៉យទទួលបាន នូវតំណក់ជីវិតចុងក្រោយ គឺរ៉េនូដែលជាអ្នកមើលថែទាំខ្លួនទៅវិញ ។ ចំែណកឯភីឡៃ បែរជាមានគំនិតលួចទ្រព្យសម្បត្តិ និងធ្វើឱ្យគ្រួសារមានបញ្ហាកើតឡើងជាញឹកញាប់។ មនុស្សដែលខ្លួនស្អប់ បែរជាមានបំណងល្អមកលើខ្លួន ផ្ទុយពីមនុស្សដែលគិតថា អាចរំពឹងទៅថ្ងៃមុខបាន បែរជាមកបំផ្លាញខ្លួនទៅវិញ។
៤.ភាពលោភលន់ ឈ្នានីស ច្រណែន នាំមកនូវក្តីវិនាស
ភីឡៃ ចុងក្រោយ ក៏ត្រឡប់ទៅស្រុកកំណើតវិញ ទាំងខ្លួនទទេ ស្ពាយយកេរ្តិ៍ឈ្មោះអាក្រក់ពីអ្នកភូមិទៅជាមួយដែរ។ ដោយសារតែនាង មានចិត្តលោភលន់ មិនស្មោះត្រង់ ឈ្នានីស បាបកម្មតែងលងបន្លាចនាងគ្រប់ពេល រហូតនាងភ្ញាក់ខ្លួន អ្វីៗហួសពេលអស់ទៅហើយ។ ដូចនេះ តណ្ហានៃចិត្តដែលមិនចេះស្កប់ស្កល់នេះ បានរុញច្រានជីវិតយើងឱ្យធ្លាក់ក្នុងរណ្តៅកម្ម បន្តិចម្តងៗ។
៥.ការជ្រើសរើសគូជីវិត
ក្នុងនាម ជាឪពុកម្តាយ នៅពេលកូនធំដឹងក្តី ដល់ពេលដែលត្រូវរៀបចំគូស្រករ គឺត្រូវផ្តល់ការសម្រេចចិត្តដល់កូន។ យាយយ៉យ មិនបានសួរនាំកូនៗរបស់ខ្លួនឡើយ គឺគាត់បានបង្ខំកូនឱ្យទៅតាមអ្វីដែលគាត់ត្រូវការ ចង់បាន។ ជាផលដែលគាត់ទទួលបាន គឺមានតែទឹកភ្នែក មើលឃើញពីបញ្ហាជាច្រើនកើតក្នុងជីវិតកូន។
៦.ការគោរព និងមើលថែឪពុកម្តាយ
ដូចពាក្យចាស់ពោលថា គ្មានអ្វីធំជាងអ្នកមានគុណទេ ម្តាយឪពុក លោកមានគុណធំណាស់។ តួយ៉ាង ក្នុងចំណោមកូនៗរបស់យាយយ៉យ អាសារ គឺជាកូនប្រុសដ៏សែនល្អម្នាក់ ចេះមើលថែឪពុកម្តាយ និងនៅជិតគ្រប់ពេល។ ជាការតបមកឱ្យអាសារវិញ គឺក្នុងជីវិតរបស់គេ មានតែសេចក្តីសុខ គ្មានអ្នកបៀតបៀននោះឡើយ។
៧.ភាពស្មោះត្រង់ នាំឱ្យខ្លួនមានតម្លៃ
តួអង្គ ក្មេងស្រី នាង ប៊ុនភ្លូក ដែលរស់នៅស៊ីឈ្នួល បម្រើគ្រួសារយាយយ៉យ ដែលនាងគឺជាក្មេងស្មោះត្រង់ មិនមានគំនិតលួច ឬបំផ្លាញម្ចាស់របស់ខ្លួនឡើយ។ ដោយមើលឃើញពី អត្តចរិតដ៏ល្អរបស់នាងបែបនេះហើយ យាយយ៉យ បានលើកនាងជាកូនប្រសារស្រីម្នាក់ ដែលជាប្រពន្ធរបស់អាតុង( កូនប្រុសទីពីរ ) ។ ពីជិវិតអ្នកបម្រើគេ ក៏ក្លាយជាកូនប្រសារថៅកែស្រី នេះហើយ ដែលសបញ្ចាក់ថា នៅពេលយើងប្រកាន់យកភាពស្មោះត្រង់ដាក់ក្នុងខ្លួន នោះយើងក៏អាចទិញយកចិត្តពីមនុស្សដែលនៅក្បែរខ្លួនបានទៀតផង។
៨.ពៀររំងាប់ដោយការមិនចងមិនពៀរ
នាងទឹម ដែលធ្លាប់ត្រូវបានយាយយ៉យរឹបអូសផ្ទះសម្បែង រហូតម្តាយស្លាប់ ខ្លួនត្រូវបង្ខំចិត្តធ្វើជាស្រីសោភានី។ នាងមានគំនិត គុំគួន និងចិញ្ចឹមចិត្ត ចងកំហឹងអស់រយៈពេលជាច្រើនឆ្នាំ។ គំនុំមួយនេះ បានក្លាយជាភ្លើងក្តៅឡើងៗក្នុងចិត្តរបស់នាងទឹម តែខ្លួនក៏ត្រូវវេទនា ដោយសារតែចង់ឈ្នះយាយយ៉យទៅវិញ។ នេះ បានបង្ហាញឱ្យយើងឃើញថា បើអ្វីដែលមិនល្អ រំលងផុតទៅ យើងក៏នឹងអត់ធ្មត់ ដើរចេញពីវា ហើយព្យយាម កសាងឡើងវិញបន្តិចៗម្តង នោះនឹងអាចបានសម្រេច។ បើទោះជាវា មិនបានដូចពីមុន តែយ៉ាងហោចណាស់ ក៏វាប្រសើរជាងមុនដែរ។
ទស្សនិកជនកុំភ្លេចរង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នាវេលាយប់នេះ ម៉ោង ០៩ យប់ នៅក្នុងរឿង« ទ្រនុំកម្ម »ដែលជាភាគបញ្ចប់នៃសាច់រឿង។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ