© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចាប់តាំងពីការចាក់ផ្សាយនៅថ្ងៃដំបូង រហូតមកដល់ពេលនេះ ភីអិនអិន ទទួលបានអ្នកគាំទ្រយ៉ាងខ្លាំងទៅលើខ្សែភាពយន្តភាគខ្មែរ ដែលមានជាច្រើនរឿងបន្តបន្ទាប់គ្នា។ ក្នុងនោះ រឿងភាគដែលកំពុងតែផ្ទុះការចាប់អារម្មណ៍ ល្អមើលជក់ចិត្តពីសំណាក់ ទស្សនិកជននោះ គឺរឿង «អ្នកម៉ាក់វ័យក្មេង»។ ជាការពិតណាស់ បន្ទាប់ពីច្រើនភាគ ច្រើនវគ្គ បានរំលងផុតពីចក្ខុរបស់ទស្សនិកជនហើយ យើងឃើញថា ខ្សែភាពយន្តដែលជាស្នាដៃរបស់កូនខ្មែរមួយនេះ កាន់តែទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេង ទាំងនៅលើកញ្ចក់ទូរទស្សន៍ និងនៅលើបណ្តាញសង្គមទៀតផង។ បណ្តាអ្នកគាំទ្រ និងទស្សនិកជនទាំងអស់ ធ្លាប់តែបានទស្សនាសាច់រឿងដ៏ល្អនេះ ប៉ុន្តែប្រហែលជាមិនទាន់បានដឹងថា តើនរណាជាអ្នកនិពន្ធរឿងនេះនៅឡើយទេ?
កញ្ញា សម ស៊ីណា
កញ្ញា សម ស៊ីណា គឺជាអ្នកម្ចាស់ស្នាដៃនិពន្ធសាច់រឿងទាំងមូលក្នុងរឿង «អ្នកម៉ាក់វ័យក្មេង» មិនត្រឹមតែជាអ្នកនិពន្ធរឿងនៅក្នុងផលិតកម្ម អីលឌីភីកឆឺ ប៉ុណ្ណោះទេ កញ្ញា ស៊ីណាក៏មានតួនាទីជាគ្រូបង្រៀនភាសាខ្មែរ ថ្នាក់ទី ០៩ នៅវិទ្យាល័យហ៊ុន សែន ព្រែកតាទែនផងដែរ។ ដោយសារតែការស្រឡាញ់ចូលចិត្តការអានសៀវភៅរឿងនិទាន រឿងប្រលោមលោក និងសៀវភៅអប់រំផ្សេងៗ រួមទាំងមានបំណងចង់ចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរផងនោះ អ្នកគ្រូរូបនេះបានចំណាយកម្លាំងកាយ និងចិត្ត គួបផ្សំនឹងចំណេះដឹងរបស់ខ្លួនបង្កើតបានជាសាច់រឿងនេះឡើង។ ជាមួយនឹងសមិទ្ធផលរឿង «អ្នកម៉ាក់វ័យក្មេង» នេះដែរ គឺជាស្នាដៃទីមួយរបស់កញ្ញា ដែលបានចំណាយពេលសរសេរជិត២ខែ ដោយមានការជួយណែនាំ និងកែតម្រូវពីខាងផលិតកម្មផង។ អ្វីដែលជាការចាប់ផ្តើមក្នុងការតែងនិពន្ធរឿងនេះឡើង គឺចេញពីការមើលឃើញនូវតថភាពសង្គមនៃជ្រុងមួយដែល បុរសជាស្វាមីមួយចំនួនហាក់ព្រងើយកន្តើយនឹងគ្រួសារប្រពន្ធកូន និងមួយទៀត គឺគួបផ្សំនឹងការស្រមើស្រមៃរបស់ខ្លួន ដើម្បីបង្កើតជាសាច់រឿងប្រទាក់ក្រឡាគ្នា។ ក្នុងជំនួបសម្ភាសន៍ជាមួយភីអិនអិន កញ្ញាបានបន្ថែមទៀតថា ក្នុងចំណោមឈុតឆាកទាំងអស់ក្នុងរឿងអ្នកម៉ាក់វ័យក្មេង ឈុតមួយដែលកញ្ញាពេញចិត្តជាងគេ គឺឈុតជិតដល់ភាគបញ្ចប់ដែលលោក នរៈ ធ្លាក់ខ្លួនពិការ ហើយក្រុមហ៊ុនក៏មានបញ្ហាទៀត តែ លីតានៅតែមិនបោះបង់លោក នរៈ។ នាងខ្ញុំពេញចិត្តឈុតនេះជាងគេ ព្រោះវាជាចំណុចមួយដែលបង្ហាញប្រាប់មនុស្សប្រុសថា មនុស្សដែលស្រឡាញ់យើងពិតប្រាកដពិបាករកណាស់ ហើយនាងក៏មិនដែលនឹងបោះបង់យើងចោលនៅពេលលំបាកដែរ ដូចនេះពេលដែលមានឱកាសមានពេលវេលាមិនទាន់ធ្លាក់ខ្លួនដល់គ្រាលំបាក យើងគួរតែចេះថែរក្សា និងផ្តល់ក្តីស្រឡាញ់ឱ្យនាងបានច្រើន។ នេះជាអ្វីដែលកញ្ញាបានលើកឡើង ។
តួសម្តែងក្នុងរឿង អ្នកម៉ាក់វ័យក្មេង( លោក នរៈ នីរ័ត្ន និងលីតា)
យ៉ាងណាមិញ ថ្វីត្បិតតែនេះជាស្នាដៃទីមួយ ក៏ពិតមែន ប៉ុន្តែកញ្ញាទទួលបានអ្នកគាំទ្រជាច្រើន លើសពីការរំពឹងទុក ហើយក្នុងនាមជាអ្នកអភិរក្សអក្សរសាស្ត្រខ្មែរ អ្នកនិពន្ធរូបនេះ ក៏នឹងព្យាយាមបន្ត ការសរសេរចងក្រងសាច់រឿងបន្ថែមឱ្យកាន់តែច្រើន។ សម្រាប់ស្នាដៃនិពន្ធបន្ទាប់ទៀតរបស់កញ្ញា ក៏នឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន បន្តទៀត។ ចុងក្រោយ ពីអ្នកនិពន្ធ រឿង «អ្នកម៉ាក់វ័យក្មេង» ក៏សូមថ្លែងអំណរគុណដល់ទស្សនិកជនដែលបានគាំទ្រលើខ្សែភាពយន្តមួយនេះ ដែលជាកម្លាំងចិត្តក្នុងការជំរុញឱ្យកញ្ញាខំប្រឹងប្រែងលើការងារតែងនិពន្ធបានល្អ៕
ដោយ៖ សិរីរដ្ឋ