© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគថៃដ៏ល្បី ស្រមោលឫស្យា ដែលទទួលបានការតាមដានទស្សនាយ៉ាងច្រើនពីទស្សនិកជន និងជាសាច់រឿង បង្ហាញពីការដណ្តើមឈ្នានីសគ្នាក្នុងពិភពស្នេហាត្រីកោណដ៏កាចសាហាវ ពីសំណាក់ប្រពន្ធដើម។ ដូចដែលទស្សនិកជនភាគច្រើន បានទស្សនាកាលពីវគ្គមុនរួចមកហើយថា តួអង្គនាង មុតា ដែលជាបងប្អូនភ្លោះជាមួយនឹងម៉ូនីន ត្រូវបានគេសម្លាប់ក្រោមស្នាដៃរបស់ប្រពន្ធដើម គឺលោកស្រី ណុប ណាផា សេដ្ឋីនី មានទ្រព្យសម្បត្តិស្តុកស្តម្ភ តែគ្មានសុភមង្គលផ្លូវចិត្តនោះទេ។ ក្រោយពី បាត់បង់បងស្រីទៅ ម៉ូនីនបានចិញ្ចឹមចិត្តចងគំនុំជាមួយនឹងគ្រួសារប្រពន្ធដើម រហូតធ្វើឱ្យគ្រួសាររបស់លោកស្រី ដែលជាប្រពន្ធដើមនោះ ត្រូវបែកបាក់គ្នា ប្រពន្ធដោយប្រពន្ធ ប្តីដោយប្តី ។ មិនតែប៉ុណ្ណោះ នៅចុងបញ្ចប់នៃវគ្គមុន លោកស្រី ណុប ណាផា ត្រូវបានធ្លាក់ខ្លួនជាជនពិកា ( ស្លាប់មួយចំហៀងខ្លួន) ត្រូវអង្គុយនៅលើរទេះអស់រយៈពេលជាច្រើនឆ្នាំ។
កញ្ញាម៉ូនីន
លោកស្រី ណុប ណាផា
កញ្ញាម៉ូនីន
នេះ មិនមែនជាការបញ្ចប់នៃសាច់រឿងស្នេហាត្រីកោណដ៏ល្អមើលជក់ចិត្តមួយនេះទេ ការវិលត្រឡប់នៃគំនុំសងសឹក ត្រូវបានចាប់ផ្តើមឡើងសាជាថ្មី ប៉ុន្តែម្តងនេះ មិនមែនជាស្នាដៃរបស់ម៉ូនីនដូចកាលពី វគ្គមុននោះឡើយ។ ស្ថានភាពនៃជំងឺរបស់ប្រពន្ធដើម លោកស្រីណុប ណាផា បានជាសះស្បើយពីជំងឺ ហើយលោកស្រីក៏នៅតែមានចិត្តចងគំនុំជាមួយនឹងម៉ូនីនដដែល។ ពៀរ រំងាប់ដោយការមិនចងពៀរ ដែលធ្វើឱ្យម៉ូនីនយល់ច្បាស់ពីតម្លៃ និងគុណធម៌របស់មនុស្ស។ នាង និងគៀតដែលជាក្មួយប្រុសរបស់លោកស្រី ណុប ណាផា បានស្រឡាញ់គ្នា និងមានគំរោងរៀបការជាមួយគ្នា ដោយនាងបាន ព្យាយាមបំភ្លេចរឿងរ៉ាវមិនល្អកាលពីអតីតកាលចោលឱ្យអស់។ ផ្ទុយទៅវិញ ស្រមោលនៃការសងសឹក កាន់តែខិតមកជិតម៉ូនីនវិញម្តង ដូចទៅនឹងអ្វីដែលម៉ូនីនធ្លាប់ធ្វើដាក់លោកស្រីប្រពន្ធដើមកាលពីមុនយ៉ាងដូច្នោះដែរ។ យ៉ាងណាមិញ មកដល់វគ្គនេះ កាន់តែធ្វើឱ្យទស្សនិកជន ចង់តាមដាន ហើយតាមដានទៀត ដោយសារនៅវគ្គបន្តនៃសាច់រឿង គឺមិនមែនមានតែវត្តមានពីប្រពន្ធដើមមកសងសឹក ប៉ុណ្ណោះទេ ក្នុងនោះ តើយើងនៅចាំកូនស្រីពៅរបស់លោកស្រីទេ គឺកញ្ញា តន ដែលមានសតិមិនប្រក្រតី ហើយគេបានក្លាយជាក្មេងស្រីជំទង់ម្នាក់ រស់នៅតែជាមួយនឹងចិត្តសងសឹកឱ្យម្តាយរបស់គេ។
លោក គិត និង កញ្ញាម៉ូនីន
ជាមួយនឹងសាច់រឿងតភាគនេះដែរ ម៉ូនីន ត្រូវបានមនុស្សច្រើនគ្នាតាមចងគំនុំនាង ដោយមានល្បិចកលគ្រប់វិធីសាស្ត្រ ហើយក៏មិនមែនមានតែម្តាយកូនលោកស្រីណុប ណាផា ប៉ុណ្ណោះទេ លើសពីនេះទៀតក៏នៅមាន ណុប ដែលជាមនុស្សឈាមត្រជាក់ តាមសម្លាប់ម៉ូនីននៅពីក្រោយខ្នងផងដែរ។ បញ្ហា និងការឈ្នានីស មានគ្រប់រូបភាព ដែលបានចងត្របាញ់សាច់រឿងមួយនេះឱ្យកាន់តែល្អមើល ខ្លាំងៗឡើង។ ដើម្បីចង់ដឹងថា តើម៉ូនីន អាចយកឈ្នះមនុស្សដែលតាមឈ្នានីសនាងទាំងអស់នោះ បានដោយវិធីណា ហើយថាតើចុងក្រោយនៃសាច់រឿងវគ្គទី ២នេះ នឹងត្រូវបញ្ចប់ដោយបែបណានោះ
សូមទស្សនិកជនទាំងអស់ តាមដានទស្សនារឿងមួយនេះ ដែលត្រូវចាក់ផ្សាយរៀងរាល់ព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ចន្ទ សិរីរដ្ធ